ភ្នំពេញ ៖ ចាប់ពីពេលនេះទៅរាល់ការលក់ ឬចែកចាយស៊ីមកាតរបស់ក្រុមហ៊ុន ឬភ្នាក់ងារចែកចាយបន្តរបស់ក្រុមហ៊ុន ដាច់ខាតត្រូវតែយកអត្តសញ្ញាណប័ណ្ណ ឬឯកសារសម្គាល់អត្តសញ្ញាណប័ណ្ណរបស់អតិថិជន។
លោកឧត្ដមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ រួមជាមួយនឹងលោក ម៉ូវ ចរិយា អគ្គនាយកបញ្ញត្តិករទូរគមនាគមន៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារអ៊ីនធើកុងទីណង់តាល់ ភ្នំពេញ ស្ដីពីវិធានការទប់ស្កាត់ការចែកចាយ និងលក់ស៊ីមកាតទូរស័ព្ទចល័ត ដោយមិនយកអត្តសញ្ញាណ និងឯកសារសំគាល់អត្តសញ្ញាណផ្ទុយពីសារាចរអន្តរក្រសួងលេខ០០១ សរ.មផ.បទចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២។
ដោយពិនិត្យឃើញថា កន្លងមកក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទពុំទាន់អនុវត្តឲ្យបានពេញលេញស្របតាមស្មារតីសារាចរអន្តរក្រសួងលេខ០០១ ស្ដីពីការគ្រប់គ្រងការធ្វើអាជីវកម្ម និងការប្រើប្រាស់សេវាកម្មទូរគមនាគមន៍ ពិសេសបណ្ដាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ រួមទាំងភ្នាក់ងារចែកចាយបានធ្វើការលក់ ឬចែកចាយស៊ីមកាតទូរស័ព្ទដោយលក្ខណៈប្រកួតប្រជែងគ្នាដើម្បីដណ្ដើមអតិថិជនរហូតឈានដល់ការពុំយកអត្តសញ្ញាណប័ណ្ណ អ្នកប្រើប្រាស់ជាពលរដ្ឋខ្មែរ ក៏ដូចជាបរទេសដោយមិនបានគិតដល់ហានិភ័យធ្ងន់ធ្ងរកើតមានចំពោះសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។
ជាក់ស្ដែងឆ្លងតាមការស៊ើបអង្កេត ស្រាវជ្រាវលើឧក្រិដ្ឋកម្មធំៗមួយចំនួនកន្លងមកដូចជា អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន អំពើជួញដូរមនុស្ស ការគំរាមជំរិតទារប្រាក់ ឧក្រិដ្ឋជនបានប្រើប្រាស់បណ្ដាញទូរស័ព្ទចល័តដើម្បីធ្វើសកម្មភាពដោយការប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ ឬគ្មានអត្តសញ្ញាណរបស់ជនល្មើស ត្រូវបានរក្សាទុកក្នុងទិន្នន័យរបស់ក្រុមហ៊ុនឡើយ។
លោកឧត្ដមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា សន្និសីទនេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសទាំងអស់ដែលស្នាក់នៅប្រទេសកម្ពុជាបានជ្រាបជាព័ត៌មានអំពីការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ និងអំពីគោលការណ៍ដែលរាជរដ្ឋាភិបាល ក៏ដូចជាអន្តរក្រសួង ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំនូវគោលការណ៍ និងកែសម្រួលក្នុងការគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជាកាន់តែមានភាពមួយល្អប្រសើរ ដែលអាចទប់ស្កាត់បាននូវរាល់ការប្រើប្រាស់មធ្យោបាយទូរគមនាគមន៍ក្នុងការប្រព្រឹត្តិបទល្មើសផ្សេងៗដូចជា អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន អំពើជួញដូរមនុស្ស ការគំរាមជំរិតទារប្រាក់ជាដើម។
ហេតុនេះដើម្បីធានាកិច្ចសហការអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវសារាចរអន្តរក្រសួង អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយបញ្ញតិ្តករទូរគមនាគមន៍កម្ពុជាចាត់វិធានការរដ្ឋបាល ឬតាមច្បាប់ជាធរមានចំពោះក្រុមហ៊ុន ឬភ្នាក់ងារចែកចាយបន្តរបស់ក្រុមហ៊ុនណាដែលមិនអនុវត្តតាមដោយម៉ឺងម៉ាត់បំផុត។
ក្នុងនោះក៏មានការទុករយៈពេល០៣ខែចាប់ពីថ្ងៃប្រកាសព័ត៌មាន ដើម្បីអនុញ្ញាតឲ្យប្រតិបត្តិករធ្វើការកែសម្រួល ឬលុបចោលទៅលើស៊ីមកាតទាំងឡាយណាដែលក្រុមហ៊ុនបានលក់ ឬចែកចាយដោយគ្មានអត្តសញ្ញាណប័ណ្ណ ឬឯកសារសម្គាល់អត្តសញ្ញាណ។
អំឡុងពេលនេះប្រតិបត្តិករត្រូវជូនដំណឹងដល់អតិថិជនអ្នកប្រើប្រាស់របស់ខ្លួនទាំងពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងប្រើប្រាស់បណ្ដាញរបស់ខ្លួន ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណ ឬឯកសារសម្គាល់អត្តសញ្ញាណឲ្យមកបំពេញតាមកាលកំណត់ បើពុំដូច្នេះទេ នឹងត្រូវលុបចេញពីបណ្ដាញប្រើប្រាស់ជាស្វ័យប្រវត្តិ។
សេចក្ដីប្រកាសព័ត៌មាននេះធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា អគ្គាធិការដ្ឋាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបណ្ដាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់កំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជារួមមាន ក្រុមហ៊ុនViettel(Cambodia) Pte.,Ltd. ក្រុមហ៊ុន Smart Axiata Co.,Ltd ក្រុមហ៊ុន CamGSM Co.,Ltd .ក្រុមហ៊ុនCambodia Advance Communications Co.,Ltd (CADCOMMS)ក្រុមហ៊ុន Xinwei (Cambodia) Telecom Co.,Ltd និងក្រុមហ៊ុន South East Telecom (Cambodia) Co., Ltd.(SEATEL)៕
ចាប់ពីពេលនេះទៅរាល់ការលក់ ឬចែកចាយស៊ីមកាតរបស់ក្រុមហ៊ុន ត្រូវតែយកអត្តសញ្ញាណប័ណ្ណ
0 Comments