ភ្នំពេញ ៖ ជនល្មើសម្នាក់ត្រូវបានលោកសឹង បញ្ញាវុឌ្ឈប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល សម្រេចនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥តម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺផ្ដន្ទាទោសជនល្មើសដាក់គុក២៥ឆ្នាំ ពីបទរំលោភសម្លាប់លោកយាយអាយុ៧៤ឆ្នាំ។
ជនល្មើសឈ្មោះថាត់ ភឿន អាយុ៣៣ឆ្នាំ ជាប់ចោទពីបទ ” ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ” តាមមាត្រា២០៥នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣នៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ចំណែកលោកយាយរងគ្រោះឈ្មោះឈឹម ឈិន អាយុ៧៤ឆ្នាំ ជាអ្នកចាំចម្ការ។
ដើមចមនៃសំណុំរឿងនេះ គឺនៅថ្ងៃកើតហេតុជនរងគ្រោះកំពុងនៅក្នុងផ្ទះចម្ការស្រាប់តែជនល្មើសចូលទៅចាប់រំលោភ រួចហើយរឹត.កជនរងគ្រោះរហូតដល់ស្លាប់ ហើយគេចខ្លួនបាត់។ ក្រោយកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនល្មើសនៅល្ងាចថ្ងៃដដែល។
ដោយឡែក ក្នុងសវនាការជនជាប់ចោទបានបដិសេធការចោទប្រកាន់ និងសូមឲ្យតុលាការរកយុត្តិធម៌៕
ផ្ដន្ទាទោសជនល្មើសម្នាក់ដាក់គុក២៥ឆ្នាំ រឿងរំលោភសម្លាប់លោកយាយអាយុ៧៤ឆ្នាំ
0 Comments