ភ្នំពេញ ៖ នៅពិធីជួបជុំក្នុងការប្រកាសពីសមាសភាពសាខាបក្សភូមិអនុសាខាបក្សភូមិតាមប៉ុស្តិ៍ ទាំង១៦ភូមិក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ សំដៅដល់ការពង្រឹង គ្រប់គ្រង និងចុះជួយសាខាបក្សភូមិទាំង១៦ក្នុងសង្កាត់ទន្លេបាសាក់ដើម្បីត្រៀមលក្ខណៈបោះឆ្នោតថ្នាក់សង្កាត់នាឆ្នាំ២០១៧-២០១៨ខាងមុខ។
លោកខាត់ ណារិទ្ធ ប្រធានបក្សសង្កាត់ទន្លេបាសាក់បានលើកឡើងពីការជួបជុំសាខាបក្ស ភូមិទាំង១៦ដោយប្រកាសពីសមាសភាពសមាជិកបក្សភូមិដែលចុះជួយពង្រឹងដល់សាខាបក្សភូមិ ទាង១៦ មានសមាសភាពចំនួន២០រូប ហើយក្នុងនោះមានមេប៉ុស្តិ៍មេភូមិចំនួន៩៩នាក់ចូលរួម។
លោកប្រធានបក្សសង្កាត់បានលើកឡើងពីការយកចិត្តទុកដាក់ពីសំណាក់សម្ដេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធិសភាដែលបានឲ្យលោកឧត្ដមសេនីយ៍ឯកយឹម លាង ទីប្រឹក្សាសម្ដេច សាយឈុំ ចុះមកជួយក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ដោយយល់ឃើញថា សង្កាត់ទន្លេបាសាក់ មានភាពស្មុគស្មាញច្រើន ដោយសារតែភូមិសាស្ត្រមូលដ្ឋាននេះមានទីតាំងរដ្ឋសភា និងស្ថានទូតដល់ទៅ១១កន្លែងដែលជាសុវត្ថិភាពចម្បងទើបសម្ដេចសាយឈុំ ឲ្យលោក យឹម លាង យកចិត្តទុកដាក់ដល់មូលដ្ឋាននេះ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ផ្តែផ្តាំមកតាម រយៈលោកប្រធានបក្សសង្កាត់ទន្លេបាសាក់ឲ្យខិតខំណែនាំដល់សមាជិកសាខាបក្ស អនុសាខា បក្សភូមិឲ្យធ្វើតែអំពើល្អចំពោះប្រជាពលរដ្ឋដូចជា ការធ្វើលិខិតស្នាមផ្សេងៗមានការទាលុយធ្វើ ឲ្យមានការថ្នាំងថ្នាក់ពីមហាជនត្រូវជៀសវាងឲ្យបានជាដាច់ខាត។
លោកខាត់ ណារិទ្ធិ ប្រធានបក្សសង្កាត់ទន្លេបាសាក់បន្ថែមទៀតថា បើយើងបោះឆ្នោតសង្កាត់ចាញ់គេក៏គ្មានឈ្មោះជាចៅសង្កាត់ជាមេភូមិទៀតដែរ ដោយនៅក្នុងឆ្នាំ២០១៧ខាងមុខសម្ដេចសាយ ឈុំ បានក្រើនរំលឹក ហើយជំរុញឲ្យសង្កាត់ទន្លេបាសាក់គិតគូពីបញ្ហានេះផង ហើយសម្ដេចបានសង្កត់ធ្ងន់ថា បើយើងចាញ់ឆ្នោតពិតជាពុំមានស្ថេរភាពនោះឡើយ តែបើគណបក្សប្រជាជនយើងឈ្នះឆ្នោតពួកគេអាច មករស់នៅជាមួយនឹងយើងបាន។
លោកប្រធានបក្សសង្កាត់ក៏បានបញ្ជាក់ឲ្យសមាជិកបក្សជា សាខាបក្ស អនុសាខាបក្សភូមិសុំឲ្យកាត់បន្ថយជំលោះជាមួយប្រជាជន ខិតខំធ្វើតែអំពើល្អពីពេលនេះរហូតដល់ឆ្នាំ២០១៧-២០១៨ រហូតទៅ។ ក្នុងឱកាសនោះលោកខាត់ ណារិទ្ធិ បានប្រគល់នូវអំណោយជាថវិកា៤លានរៀលនិងអង្ករចំនួន៥តោនដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ ឯក យឹម លាង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តីសាយ ឈុំ ដោយក្នុងម្នាក់ទទួលបានថវិការ ៤ម៉ឺនរៀល និងអង្ករចំនួន៥០គីឡូក្រាមផងដែរ៕
ប្រកាសមាសភាពសាខាបក្សភូមិសម្រាប់ជួយ១៦ភូមិក្នុងសង្កាត់ទន្លេបាសាក់
0 Comments