កណ្ដាល ៖ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ២១បេស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល បានធ្វើការរិះគន់ចំពោះឈ្មួញដឹកដីទម្ងន់ធ្ងន់ៗបង្កឲ្យខូចខាតផ្លូវជាអន្លើៗ និងជ្រុះធ្លាក់អាចម៍ដីរប៉ាត់រប៉ាយបង្កការលំបាកដល់ការធ្វើដំណើរពួកគាត់។
អ្នកស្រុកបានអះអាងថា ជារៀងរាល់ថ្ងៃគេឃើញឈ្មួញកំពុងសម្រុកដឹកដីលក់ឲ្យឈ្មួញសម្រាប់សាងសង់រោងចក្រក៏ដូចជាសាងសង់ឃ្លាំងមួយចំនួន ដោយគិតតែពីប្រយោជន៍ខ្លួនមិនគិតពីប្រយោជន៍សាធារណៈបង្កឲ្យខូចខាតផ្លូវជាអន្លើៗ កន្លែងខ្លះជ្រុះអាចម៍ដើររប៉ាត់រប៉ាយបង្កជាភក់រអិលពេលមេឃរាំង និងក្លាយជាភក់ខ្លាំងពេលមេឃភ្លៀង ហើយកន្លែងខ្លះផ្លូវរងការដាច់ជាដុំៗប្រៀបដូចសំបុក ជម្រៅដល់ជង្គង់ក៏មាន បង្កការលំបាកដល់ការធ្វើដំណើរយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើក៏ដូចជាអ្នកធ្វើដំណើរទូទៅ។
អ្នកស្រុកបានបន្តឲ្យដឹងបន្តទៀតថា នៅក្នុងភូមិសាស្ត្រស្រុកស្អាងនេះមានឈ្មួញដឹកដីច្រើនក្រុមហ៊ុនប៉ុន្តែក្រុមហ៊ុនដែលធំជាងគេដែលគេដឹងថា មានអ្នកកាងពីក្រោយខ្នងផងនោះ គឺឈ្មួញឈ្មោះ ប៉េង ចាន់ថន (ហៅពាល)ដែលបានជីកដីបឹងសាធារណៈរបស់រដ្ឋចំនួនច្រើនហិកតាយកទៅលក់បន្តនៅតាមក្រុមហ៊ុនប្រមូលប្រាក់បានកាក់កបយូរឆ្នាំហើយ តែមិនដែលគិតកសាងផ្លូវសម្រាប់ធ្វើដំណើរឲ្យបានល្អវិញនោះទេ។ ដោយសារករណីនេះកន្លងមកគេឃើញអាជ្ញាធរស្រុកចុះពិនិត្យបិទអាជីវកម្មដឹកដីមួយរយៈដែរ ប៉ុន្តែមិនថាមានអ្វីនៅពីក្រោយនោះទេមិនទាន់បានមួយចម្អិនកំពឹសផងស្រាប់តែមកទល់ពេលនេះរថយន្តដឹកដីធំៗរបស់ឈ្មួញឈ្មោះប៉េង ចាន់ថន (ហៅពាល)នេះ ចាប់ផ្ដើមដឹកដីសស្រាក់សស្រាំឡើងវិញ ដែលគេមិនដឹងថា ទទួលបានអាជ្ញាប័ណ្ណពីថ្នាក់ណាសម្រាប់ជីកដីបឹងសាធារណៈរបស់រដ្ឋយកទៅលក់ដូចជាសម្បត្តិឯកជនផ្ទាល់ខ្លួនដូច្នេះ។ ករណីនេះអ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅលោកប៉េង ចាន់ថន (ហៅពាល)តាមទូរសព្ទ ប៉ុន្តែមិនមានការបកស្រាយនោះទេដោយគ្រាន់តែស្តាប់ឮថា ជាអ្នកព័ត៌មានភ្លាមឈ្មួញខាងលើឆ្លើយថា ជាប់រវល់ភ្លែត ហើយបិទទូរស័ព្ទតែម្តង។
ពាក់ព័ន្ធករណីនេះលោកញ៉ែម វន្ថាអភិបាលរងស្រុកស្អាងបានមានប្រសាសន៍ថា លោកនឹងដឹកនាំមន្ត្រីជំនាញចុះពិនិត្យករណីជីកដីបឹងអានាធិបតេយ្យនេះ ហើយពិនិត្យឃើញថា មិនមានអាជ្ញាប័ណ្ណមែននោះលោកនឹងចាត់វិធានការតាមផ្លូវច្បាប់៕
ពលរដ្ឋស្នើឲ្យអាជ្ញាធរពិនិត្យករណីឈ្មួញដឹកដីបង្កការខូចខាតផ្លូវធ្ងន់ធ្ងរ
0 Comments