ភ្នំពេញ ៖ រឿងក្ដីចុងភៅចិន២នាក់យកគ្រឿងញៀនទៅលក់ឲ្យប៉ូលិសប្រឆាំងគ្រឿងញៀន ត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញសម្រេចលើកពេលទៅធ្វើការប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៥ ខាងមុខវិញ ដោយសារតែមានជនជាប់ចោទម្នាក់ក្នុងចំណោមពីរនាក់ទើបតែស្លាប់កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ថ្មីៗនេះ។
មន្ត្រីគុកព្រៃសបានឲ្យដឹងថា ជនជាប់ចោទ ដែលស្លាប់ឈ្មោះជឹង ស៊ុង ភេទប្រុស អាយុ៦០ឆ្នាំ។ ជននេះបានស្លាប់កាលពីថ្ងៃទី០៣ ខែតុលាដោយរោគាពាធ ហើយស្រាប់តែនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ តុលាការបានបង្គាប់ ឲ្យនាំខ្លួនជនជាប់ចោទមកប្រកាសសាលក្រម ដោយតុលាការមិនទាន់បានទទួលដំណឹង មរណភាពនោះ ទើបតុលាការពន្យារពេលប្រកាសសាលក្រមវិញ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកពុធទី០៩ ខែកញ្ញា ឆ្នាំ២០១៥នេះ បានបើកសវនាការជំនុំជម្រះបុរសជាប់ចោទចិនចំនួន០២នាក់ ពីបទ«ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន » ព័ន្ធនឹងការលក់ថ្នាំញៀនប្រភេទប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១ កញ្ចប់ មានទម្ងន់ជិត៥០០ក្រាម មានតម្លៃ១ម៉ឺនដុល្លារអាមេរិក ទៅភ្នាក់ងារសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដែលក្លែងខ្លួនធ្វើជាអ្នកទិញថ្នាំញៀនពីពួកគេប្រព្រឹត្តពីឆ្នាំមុន។
លោកឡុង កេសភីរម្យ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា ជនត្រូវចោទទាំង២នាក់នេះ មានឈ្មោះ ជិន ស៊ាវឈុន ហៅតៃលូ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិនដីគោក មានមុខរបរជាចុងភៅ និងឈ្មោះជឹង ស៊ុង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិនដីគោក មានមុខរបរចុងភៅ។ ជនជាប់ចោទទាំង២នាក់នេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ«ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន» តាមមាត្រា៤០ នៃ ច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀនកម្ពុជា។
លោកចៅក្រមឡុង កេសភីរម្យ បានបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់នេះ ត្រូវបានចាប់ខ្លួន ដោយ សមត្ថកិច្ចនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ នៅចំណុចខាងមុខភោជនីយដ្ឋានបង្គងនាគ ដែលមានអាសយដ្ឋាន ផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ខណៈពួកគេយកគ្រឿងញៀនចំនួន១កញ្ចប់ ដែលលាក់ទុកនៅក្នុងប្រអប់សំបកថ្នាំស្រាវីស្គី។ ក្រោយ ឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនមេតំហ្វេតាមីនទម្ងន់៤៣៤,៨៣ ក្រាម ពីពួកគេពេលយកទៅលក់ឲ្យភ្នាក់ងារប៉ូលិស៕
សំណុំរឿងចុងភៅចិនលក់គ្រឿងញៀនលើកពេលប្រកាសសាលក្រមទៅថ្ងៃ៣០តុលា
0 Comments