Ad Code

ប្រធាន​ប្រតិបត្តិ​ថ្មី​របស់​VW មើល​ឃើញ​រឿងអាស្រូវ​បោកប្រាស់​ថា ជា​ការ​គំរាម​ចំពោះ​ការ​​សម្រេច​​បាន​របស់​ក្រុមហ៊ុន

កាសែតមួយ​បានដកស្រង់​សម្ដីប្រធាន​ Volkswagen ថ្មី​ លោក Hans Dieter Poetsch ដែល​បាននិយាយថា លោក​មើល​ឃើញ​រឿងអាស្រូវ​ជុំ​វិញ​ការ​លួចបន្លំ​សាកល្បង​ការបញ្ចេញ​ឧស្ម័ន​រថយន្ដ​ថា ការ​គំរាម​មួយ​ចំពោះ​ការសម្រេច​បាន​​របស់​ក្រុមហ៊ុន​ បើទោះ​បី​ជា​បាន​ពុះពារ​ជម្នះ​ដើម្បី​ដោះស្រាយក៏ដោយ។


នៅក្នុងកិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​មួយ​របស់​ក្រុម​ហ៊ុន​នៅសប្ដាហ៍នេះ នៅទីបញ្ជា​ការ​ដ្ឋាន​របស់ VW នៅ Wolfsburg លោក Poetsch បានពិពណ៌នា​​សភាពការណ៍​នេះថា ជាវិបត្ដិ​​ប្រកបដោយ​ការ​គំរាម​មួយ​​ចំពោះ​ក្រុមហ៊ុន។ កាសែត Weltam Sonntag របស់​អាល្លឺម៉ង់​​បាន​រាយការណ៍​​ឲ្យ​​ដឹង​ដូច្នេះ​នៅមុនការ​បោះពុម្ព​ផ្សាយ​នៅថ្ងៃអាទិត្យ។ លោក Poetsch ក៏បាននិយាយ​ផងដែរ​ថា លោក​ជឿ​ថា VW អាច​ពុះពារ​ជម្នះ​បាននូវ​វិបត្ដិ​នេះ។ កាសែត Weltam Sonntag បាននិយាយ​ដូច្នេះ។ អ្នកនាំពាក្យ​របស់​ VW មិនព្រមធ្វើ​អធិប្បាយ​អំពី​របាយ​ការណ៍​នេះ​ទេ។


ក្រុមហ៊ុន​ផលិត​រថយន្ដ​ដ៏ធំបំផុត​របស់អឺរ៉ុប នេះ​បាន​​សារភាព​ការបោក​ប្រាស់​នេះ​​នៅក្នុង​ការ​សាកល្បង​​បញ្ចេញ​ឧស្ម័ន​របស់រថយន្ដ​ឌីយេ​ស៊ែល​នៅអាមេរិក ហើយរដ្ឋមន្ដ្រី​ក្រសួង​ដឹកជញ្ជូន​អាល្លឺម៉ង់ បាន​និយាយថា VW ក៏បាន​ប្រើ​ល្បិច​យ៉ាង​ប៉ិនប្រសប់​នៅអឺរ៉ុប​ផងដែរ ជាកន្លែង​ដែល​ VW លក់​រថយន្ដ​របស់ខ្លួន​បាន​ចំនួន​ប្រហែល​៤០​ភាគរយនោះ។


VW បានទុក​ដោយ​ឡែក​នូវទឹក​ប្រាក់ចំនួន​៦.៥​ពាន់​លានអឺរ៉ូ​ (៧.៣​ពាន់​លានដុល្លារ) ដើម្បី​ជួយ​ធានា​រ៉ាប់រង​​ការ​ខូចខាត​នៅ​ក្នុង​រឿង​អាស្រូវ​នេះ ប៉ុន្ដែអ្នក​វិភាគមួយ​ចំនួន​គិតថា វិក្កយ​បត្រ​ចុង​ក្រោយ​អាច​ខ្ពស់​ជាង​នេះ​ខ្លាំង​ណាស់។


ដោយ​រៀបរាប់​តាមអ្នកដឹងរឿង​ផ្ទៃក្នុង​ដែល​មិន​ស្គាល់​ឈ្មោះ​ កាសែត Weltam Sonntag បាននិយាយ​ថា ថវិកាវិនិយោគ​របស់ VW ចំនួន​១០០ពាន់​លាន​អឺរ៉ូ រហូត​ដល់​ឆ្នាំ​២០១៨ បានស្ថិត​នៅ​ក្រោម​ការពិនិត្យមើល​ឡើង​វិញ​ដើម្បីកាត់បន្ថយ​។ VW មិនព្រមធ្វើ​អធិប្បាយ​ការ​លើកឡើង​នេះ​ទេ។


VW បាននិយាយ​ថា ខ្លួននឹង​ជួសជុល​ឡើង​វិញ​នូវ​រថយន្ដ​ឌីយេស៊ែល​ដែល​មាន Software មានសមត្ថភាព​សាកល្បង​បញ្ចេញ​​ឧស្ម័ន​បោក​ប្រាស់​ដោយចំណាយ​ប្រាក់១១​លាន​ដុល្លារ។ VW ក៏ប្រឈម​នឹង​ការ​ផាកពិន័យ​​ពីនិយត​ករ​និង​ពីរដ្ឋ​អាជ្ញា​ ព្រមទាំង​ការ​ប្ដឹងផ្ដល់​​ពីអតិថិ​ជន​ និង​អ្នក​វិនិយោគ​ទុន​ផងដែរ ហើយ​និង​លទ្ធភាព​នៃ​ការប៉ះពាល់​ដល់​កា​រលក់​របស់​ខ្លួន​ពីការ​ខូចខាត​នូវកេរ្ដិ៍​ឈ្មោះ​នោះ។


ការ​ស្ទង់​មតិ​ដោយ​ការ​ស្រាវ​ជ្រាវ​ផ្សារ​អាល្លឺ​​ម៉ង់​ Puls បាន​បង្ហាញថា ៤១​ភាគរយ​នៃ​អ្នក​ប្រើ​ប្រាស់​មើលឃើញ​​ការ​ខូចខាត​របស់ម៉ាក​សញ្ញា​នេះរយៈពេល​យូរ​ ចំណែក១១​ភាគរយ​បាននិយាយ​ថា ពួក​គេ​លែង​ចង់​ទិញ​រថយន្ដ VW ទៀត​ហើយ។ កាសែត​អាល្លឺម៉ង់មួយទៀត​បាន​រាយការណ៍​ឲ្យ​ដឹង​ដូច្នេះ៕


Reuters



ប្រធាន​ប្រតិបត្តិ​ថ្មី​របស់​VW មើល​ឃើញ​រឿងអាស្រូវ​បោកប្រាស់​ថា ជា​ការ​គំរាម​ចំពោះ​ការ​​សម្រេច​​បាន​របស់​ក្រុមហ៊ុន

Post a Comment

0 Comments

Close Menu