ភ្នំពេញ ៖ សហគមន៍ប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល ប្រមាណ៥០០នាក់ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ បាននាំគ្នាប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិលើកទី៣០ នៅក្បែរស្ថានទូតរុស្ស៊ី ហើយបាននាំគ្នាហែក្បួនទៅកាន់រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី និងសាលារាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅស្ថាប័នទាំងនោះ។
តាមញត្តិដែលក្រុមអង្គការសង្គមស៊ីវិលដាក់ជូនក្រសួង និងស្ថាប័នមួយចំនួនបានលើកឡើងថា នៅខណៈនេះមានប្រជាពលរដ្ឋរាប់លាននាក់ នៅលើពិភពលោកកំពុងរងការគំរាមកំហែង និងរស់ក្នុងស្ថានភាពលំបាក ដោយសារតែការវិនិយោគធំៗ និងការរំលោភយកដីធ្លីពីអ្នកមានអំណាច បញ្ហាសង្គម បញ្ហាសេដ្ឋកិច្ច ការរើសអើងពូជសាសន៍ សង្គ្រាម និងគ្រោះធម្មជាតិជាដើម។
ញត្តិបន្តថា សំរាប់ប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាង១០ ភាគរយត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ហើយពួកគាត់កំពុងរស់នៅក្នុងតំបន់ក្រីក្រ ជាមួយនឹងជីវភាពលំបាក ហើយពួកគាត់ត្រូវបានជម្លៀសចេញក្រោមហេតុផលធ្វើការអភិវឌ្ឍន៍ កែលំអសោភណភាពទីក្រុង រៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសង្គម។
ជាមួយនឹងការលើកឡើងខាងលើនេះ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ប្រជាពលរដ្ឋដែលធ្លាប់ទទួលរងផលប៉ះពាល់បញ្ហាដីធ្លី ហើយដែលបានចូលរួមនៅក្នុងពិធីនោះដែរ បានទទូចសុំឲ្យស្ថាប័នរាជរដ្ឋាភិបាលទទួលស្គាល់ និងអនុវត្តឲ្យបាននូវសិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ ទាំងទីក្រុង និងជនបទ ដើម្បីឲ្យមានការអភិវឌ្ឍន៍សំរាប់ទាំងអស់គ្នា ប៉ុន្តែចំពោះការលើកឡើងខាងលើនេះ ត្រូវបានតំណាងក្រសួងរៀបចំដែនដី លើកឡើងថា ប្រទេសណាក៏មានគំរោងអភិវឌ្ឍន៍ដែរ តែក៏ត្រូវបានដោះស្រាយផងដែរ។
លោក សារុន ប្ញទ្ធា មន្ត្រីអ្នកនាំពាក្យក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា កន្លងមកមិនមានការបណ្តេញចេញដោយបង្ខិតបង្ខំអីទេ ហើយជាទូទៅនៅប្រទេសណាៗក៏ដោយត្រូវការធ្វើការអភិវឌ្ឍន៍ ហើយក៍មានការសម្របសម្រួល និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា កន្លងមកលោកធ្លាប់ធ្វើការនៅក្រសួងការបរទេស លោកមានទំនាក់ទំនងជាមួយបរទេស ហើយមានប្រទេសសិង្ហបុរីជាដើម នៅពេលត្រូវការអភិវឌ្ឍន៍ រដ្ឋរបស់គេក៏បានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋដូចគ្នានេះដែរ។ ជៀសមិនផុតទេ ប្រទេសដែលកំពុងមានការអភិវឌ្ឍន៍ គឺតែងតែមានការដោះស្រាយជាហូរហែ តែការចរចាឯកភាពគ្នា ឬមិនឯកភាព នោះជាបញ្ហាមួយហើយ តែរាជរដ្ឋាភិបាលតែងតែមានគោលនយោបាយជានិច្ច។
លោក សារុន ប្ញទ្ធា បញ្ជាក់ថា “យើងមានយន្តការដោះស្រាយ មានន័យថា មានយន្តការដោះស្រាយតាមលំដាប់លំដោយ តាមនីតិវិធី ទាំងថ្នាក់ស្រុក ក្រុង ថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្ត ថ្នាក់ជាតិ កំពុងតែដោះស្រាយជាបន្តបន្ទាប់ អត់មានឈប់ទេ គឺដោះស្រាយរហូត។ កន្លងមកយើងដោះស្រាយបានច្រើនណាស់ ហើយទូរលេខចុងក្រោយនេះ នៅសល់តែប្រមាណ៧០០ ពាក្យបណ្តឹងទេ ហើយការដែលអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានលើកឡើងថា តួលេខមានចំនួនច្រើននោះ វាអាចមានបញ្ហាខ្លះ គឺនៅមានវិវាទមួយ ដើមបណ្តឹងគាត់ភ័យចេះតែរត់ទៅប្តឹងខាងនេះផង ខាងនោះផង ហើយធម្មតាទាំងខ្ញុំទាំងគេ នៅពេលភ័យចេះតែរកគេឲ្យជួយ ដូច្នេះពាក្យបណ្តឹងគាត់ដាក់នៅរដ្ឋសភាផង នៅថ្នាក់ខេត្តផង ដាក់នៅអាជ្ញាធរនេះផង អាជ្ញាធរនោះផង ហើយនៅពេលយើងបូកគ្នាទៅ វាទៅជាច្រើន តែចុងក្រោយនេះដោះស្រាយបានច្រើនហើយ”៕
ក្រសួងដែនដីជំទាស់ទៅនិងសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលនៅក្នុងទិវាលំនៅដ្ឋានពិភពលោកលើកទី៣០
0 Comments