Ad Code

សង្វៀនមាន់​ខ្នាយ​ដែក​នៅ​មុំ​៣​បើក​លេង​យ៉ាង​រលូន​ដដែល

ព្រះវិហារ ៖ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សង្វៀន​ជល់​មាន់​ខ្នាយ​ដែក​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​១​កន្លែង​ស្ថិតនៅ​តំបន់​មុំ​៣​ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​នៅតែ​ដំណើរ​ការ​លេង​ភ្នាល់​លុយ​យ៉ាង​រលូន​ដែល​គេ​ដឹង​គ្រប់គ្នា​មាន​ទីតាំងនៅ​ពីក្រោយ​ភូមិគ្រឹះ​មន្ដ្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ប្រចាំ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ។


ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ចំណូល​លុយ​តុង​បាន​មក​ពី​វង់ល្បែង​បៀ​,​អាប៉ោង​,​យូគី​និង​ហាង​លក់​បាយ​រួម​ទាំង​ភេសជ្ជៈ​ក្នុង​១​ខែ​មាន​ចំនួន​ជា​១​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ទទួល​ផលប្រយោជន៍​លាភសក្ការៈ​ដុំកំភួន​ពី​បន​ល្បែងស៊ីសង​ទាំងនេះ​ទើប​សម្ងំ​ឈឹង​មិន​នាំគ្នា​ចុះទៅ​បង្ក្រាប។


ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​សង្វៀនមាន់​ឈ្មោះ​ដួង​ពេជ្រ​បាន​ចាញ់ល្បែង​ស៊ីសង​អស់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​រហូតដល់​លក់​រថយន្ដ​ស៊េរី​ទំនើប​ម៉ាក​ទ្ប​ង់​គ្រី​ស័​រ​១​គ្រឿង​ប្រភេទ​៥៧០​ដោយសារ​គាត់​ចាញ់ល្បែង​ជល់​មាន់​ខ្នាយ​ដែក​ដែល​ជល់​១​គូ​មាន​ដើម​ផាន់​៥​ពាន់​ដុល្លារ​១​ម៉ឺន​ដុល្លារ​និង​១៥០០០​ដុល្លារ​អាមេរិក​ក៏​មាន​ដែរ​។ សមត្ថកិច្ច​ខ្លះ​ក៏​ញៀន​ល្បែង​នៅ​ទីនោះ​យ៉ាង​ងប់ងុល។


ភ្នាក់ងារ​បាន​រាយការណ៍​ថា ឈ្មោះ​សាន​ជា​មេការ​កាស៊ីណូ​នៅ​រតនគិរី​បាន​មក​បើក​ល្បែង​យូគី​នៅក្នុង​សង្វៀនមាន់​ខាងលើ​នេះ​ហើយ​បើក​អោយ​អ្នកលេង​ល្បែង​ចាក់​ភ្នាល់​លុយ​ម៉ា​សេរី។អ្នកខ្លះ​ថា​គាត់​ជាម​ន្ដ្រី​យោធា​ពាក់​ផ្កាយ​២​ផងដែរ​។​សង្វៀន​ជល់​មាន់​មួយ​នេះ​អាជ្ញាធរខេត្ត​មិនអាច​ចុះបង្ក្រាប​និង​ប៉ះពាល់​បានទេ​ព្រោះ​ជា​តំបន់​គ្រប់គ្រង​ដោយ​កងទ័ព។


ឥទ្ធិពល​សង្វៀន​ជល់​មាន់​ទ្រង់ទ្រាយ​ធំ​ខាងលើ​បានឮ​ល្បី​សុះសាយ​ពេញទី​រួម​ខេត្តព្រះវិហារ​នា​ពេល​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ខូច​កិត្តិនាម​ថ្នាក់ដឹកនាំ​សាលាខេត្ត​ព្រះវិហារ​ថា មិន​មាន​សមត្ថភាព​បង្ក្រាប​ល្បែងស៊ីសង​នៅ​ទីនោះ​។ អ្នកខ្លះ​ថា​សង្ស័យ​លោក​អភិបាលខេត្ត​ព្រះវិហារ​នៅ​ពីក្រោយ​ខ្នង​បន​ល្បែងស៊ីសង​ដ៏​ធំ​ខាងលើ​ទើប​មិន​ចាត់វិធានការ​បិទ​ទីតាំង​បទល្មើស​ខាងលើ៕



សង្វៀនមាន់​ខ្នាយ​ដែក​នៅ​មុំ​៣​បើក​លេង​យ៉ាង​រលូន​ដដែល

Post a Comment

0 Comments

Close Menu