Ad Code

កម្ពុជា​-​វៀតណាម​ធ្លាប់​ជួប​បញ្ហា​លំបាកលំបិន​ជាមួយគ្នា​ច្រើន និង​មាន​បញ្ហា​ថ្មីៗ​ទៀត

ភ្នំពេញ​ ៖ ​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​មាន​ប្រសាសន៍​បែបនេះ បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ​លោក​ឧត្ដមសេនីយ៍ឯក​បម្រុង ង្វៀន ជី​វិញ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥។


ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​មានប្រសាសន៍ថា រឿង​កម្ពុជា និង​វៀតណាម​នេះ​មិនមែនជា​រឿង​ថ្មី​ទេ ប្រទេស​ទាំងពីរ​ជា​បងប្អូន ហើយ​ក៏​តែងតែ​ជួប​បញ្ហា​លំបាកលំបិន​ជាមួយគ្នា​ច្រើនណាស់​ដែរ ក្នុង​រយៈពេល​កន្លងមក។ ពេលនេះ​ក៏​មាន​បញ្ហា​ថ្មីៗ​ដែល​តម្រូវ​ឲ្យ​យើង​មានការ​ឯកភាពគ្នា​ទាក់ទង​បញ្ហានយោបាយ ឬ​វិស័យ​ការពារជាតិ​របស់​ប្រទេស​រៀងៗ​ខ្លួន ហើយ​មានការ​ចាំបាច់​ច្រើន ដែល​ត្រូវការ​ចាំ​ត្រូវការ​ពិភាក្សាគ្នា ស្វែងយល់​គ្នា និង​ពឹងពាក់​គ្នា​ទៅវិញទៅមក​។


នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​អះអាងថា ជាការ​ពិតណាស់​កម្ពុជា​ត្រូវការ​ពង្រឹង​ខ្លួន ចង់​បង្កើន​សមត្ថភាព​របស់​ខ្លួន ឲ្យ​មាន​កម្រិត​មួយ​សមស្រប​ផងដែរ​នៅក្នុង​តំបន់​នេះ ហើយ​មាន​ចំណុច​មួយចំនួន​ដែល​ត្រូវ​ពឹងពាក់​វៀតណាម​ផងដែរ ពីព្រោះ​វៀតណាម​មាន​សមត្ថភាព​ខ្លាំងក្លា ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ​នេះ ដូចជា​ការហ្វឹកហ្វឺន និង​បច្ចេកវិទ្យា​យោធា​ជាដើម ដែល​អាច​ឲ្យ​កម្ពុជា​យើង​បំពេញ​សមត្ថភាព​របស់ខ្លួន​បាន។ គោលការណ៍​នេះ​មិនមាន​អ្វីដែល​ថ្មី​ទេ ប៉ុន្តែ​យើង​ពង្រីក​បន្ថែម​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត និង​ស្របទៅតាម​តម្រូវ​ការវិវត្ត​នៃ​ពិភពលោក ក៏​ដូចជា​ក្នុង​តំបន់​។


នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ថា រយៈពេល​កន្លង​មក​នេះ​កម្ពុជា​យើង​បាន​បញ្ជូន​កម្មសិក្សាការី​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​យ៉ាងច្រើន​តាំងពីរ​ថ្នាក់​បឋម រហូតដល់​ថ្នាក់​បំប៉ន និង​ថ្នាក់ខ្ពស់​ផងដែរ ហើយ​បន្ទាប់ពី​សិក្សា ក៏បាន​យកចំណេះ​ដឹង​ទៅ​បំពេញ​តាម​កន្លែង​ដែល​ខ្វះចន្លោះ ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ថែមទៀត។


ទាក់ទង​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ង្វៀន ជី​វិញ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នាពេលនេះ, នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​បញ្ជាក់​ថា ជា​ធម្មតា​ទេ​ ការ​ទៅមក​សួរសុខទុក្ខ​គ្នា និង​រាយការណ៍​ពី​សភាពការណ៍​នៃ​ការ​រីកចម្រើន​ដល់​គ្នា​ទៅវិញទៅមក គឺ​ការចាំបាច់ ហើយ​ការជជែក​គ្នា​លើ​បញ្ហា​ដែល​នៅ​ខ្វះខាត ក៏​ជា​បញ្ហា​ចាំបាច់​ផង​ដែរ។ តាម​នាយ​ឧត្ដមសេនីយ៍​ ទៀ បាញ់ បាន​អះអាង​ថា ចំពោះ​បញ្ហា​ខ្លះៗ​ដែល​បាន​កើតឡើង​នៅ​តាម​ព្រំដែន​យើង​ទាំងពីរ ក៏​ត្រូវតែ​រាយការណ៍​ឲ្យ​បានដឹង​ទៅវិញទៅមក​ផងដែរ ដើម្បី​ដោះស្រាយ និង​ការគ្រប់គ្រង​បាន​ឯក​ភព​គ្នា។


ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ឲ្យ​ដឹង​ដែរ​ថា ជា​រៀងរាល់ឆ្នាំ ប្រទេស​កម្ពុជា និង​វៀតណាម ក៏​តែងតែមាន​ពិធីសារ​មួយ​រវាង​ក្រសួងការពារជាតិ និង​ក្រសួង​ការពារ​ប្រទេស​របស់​វៀតណាម ដែល​ពិធីសារ​នោះ​បាន​ចែង​ច្បាស់​ថា ត្រូវធ្វើ​អ្វីខ្លះ ហើយ​​​ពិធីសារ​នេះ​ភាគច្រើន​បានទទួល​ការគាំទ្រ​ពី​វៀតណាម​ច្រើនជាង ជាពិសេស​លើ​ការ​បណ្តុះបណ្តាល​កម្មសិក្សា​ការី ដែល​កម្ពុជា​បាន​បញ្ជូនទៅ​សិក្សា។


ដោយឡែក​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​អះអាងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បកស្រាយ​នៅ​សភា​ជាង​៥ ម៉ោង ហើយ​ក្រោយនេះ ជាង​៣ ម៉ោង​ទៀត ដូច្នេះ​វា​គ្រប់គ្រាន់​អស់ហើយ​លើ​បញ្ហា​ព្រំដែន​នេះ ហើយ​ការដោះស្រាយ​ដែល​អូសបន្លាយ​យូ គឺ​យើង​ធ្វើ​អ្វីមួយ​ឲ្យ​ជាក់លាក់​លើ​ចំណុច ដែល​មិនទាន់បាន​ឯកភាពគ្នា ដែល​តម្រូវ​ឲ្យ​បញ្ជាក់បន្ថែម​ឲ្យ​បាន​ច្បាស់៕



កម្ពុជា​-​វៀតណាម​ធ្លាប់​ជួប​បញ្ហា​លំបាកលំបិន​ជាមួយគ្នា​ច្រើន និង​មាន​បញ្ហា​ថ្មីៗ​ទៀត

Post a Comment

0 Comments

Close Menu