Ad Code

ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក​ជួសជុល​ទំនប់​អាងទឹក​សំរោង​បាក់​

កំពង់ស្ពឺ​ ៖ ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​នៃ​ក្រសួង​ធនធានទឹក និង​ឧតុ​និយម​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​បាន​នឹង​កំពុងធ្វើការ​ជួសជុល និង​ថែទាំ​ទំនប់​អាងទឹក​សំរោង​បាក់​ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​



លោក ឈា ប៊ុន​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យ​ដឹង​កាលពី​ម៉ោង១០​និង​៣០​នាទី​មុន​នេះ​ថា ការងារ​ជួសជុល និង​ថែ​ទាំ​ទំនប់​អាងទឹក​សំរោង​បាក់​នេះ​បាន​ចាប់​ដំណើរការ​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៥ ដោយមាន​ទំហំ​ការងារ​កាប់​សំអាត​ព្រៃ​នៅ​សងខាង​ទំនប់​អាង​, កាយ​ពុះ​តួ​ទំនប់​អាង​ប្រវែង​១២០​ម៉ែត្រ (​ដល់​បាត​អាង​), ចាក់​ដី​បំពេញ និង​កិន​បង្ហាប់​តួ​ទំនប់​ដែល​ដាច់​ដោយសារ​ទឹក​ហូរ​ច្រោះ (​រន្ធ​នាគ​), ផ្លាស់ប្ដូរ​សន្លឹក​ទ្វារ ចំនួន​០២​សន្លឹក​, ផ្លាស់ប្ដូរ​ដង​វ៉ាន និង​ឧបករណ៍​លើកដាក់​ទ្វារ​, សាងសង់​បង្កាន់ដៃ​ទ្វារ​ទឹក​ថ្មី និង​ជួសជុល​ស្នាម​ប្រេះ​នៃ​សំណង់​។​


លោក​ប្រធាន​នាយកដ្ឋាន​បាន​បន្ត​ថា បច្ចុប្បន្ន​ក្រុមការងារ​របស់​លោក និង​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់​ស្ពឺ​កំពុង​សម្រុក​ធ្វើ​ការងារ​ខាង​លើ​នេះ ដើម្បី​ឲ្យ​បាន​រួចរាល់​នៅ​សប្ដាហ៍​ក្រោយ​។ លោក អៀ ពិសិដ្ឋ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា អាងទឹក​សំរោង​បាក់​អាច​ស្តុក​ទឹក​បាន​ប្រមាណ​៥០​ម៉ឺន​ម៉ែត្រគូប និង​មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​ប្រមាណ​៤៥០​ហិក​តា និង​ស្រូវប្រាំង​៣០​ហិក​តា​។ លោក​ប្រធាន​មន្ទីរ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ក្រសួង ដែល​តែងតែ​ចុះ​ជួយ​ការងារ​មន្ទីរ​របស់​លោក​ទាំង​ការងារ​បច្ចេកទេស​គ្រឿងចក្រ និង​សម្ភារៈ​ធ្វើ​ឲ្យ​បណ្ដា​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​ទទួល​បាន​ការ​ជួសជុល និង​ថែទាំ​ជាប់​ជាប្រចាំ​៕​


20-10-2015t3


20-10-2015t2


20-10-2015t1


20-10-2015t



ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក​ជួសជុល​ទំនប់​អាងទឹក​សំរោង​បាក់​

Post a Comment

0 Comments

Close Menu