Ad Code

កម្ពុជា​ជំរុញ​កាត់បន្ថយ​ចំនួន​កុមារ​ស្នាក់​នៅ ​ក្នុង​មជ្ឈមណ្ឌល​៣០%​នៅ​ឆ្នាំ​២០១៨

ភ្នំពេញ ៖ បើ​តាម​មន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវ​នីតិសម្បទា​ បាន​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ថ្ងៃទី​២០ ខែតុលា​ថា លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ គោលការណ៍​កាត់បន្ថយ​កុមារ​ស្នាក់នៅ​មជ្ឈមណ្ឌល របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​យូនី​សេ​ហ្វ ចំនួន​៣០% គឺ​កម្ពុជា​នឹង​ខិតខំ​រក​សហគមន៍ និង​ឪពុក​ម្តាយ ឲ្យ​រស់នៅ​វិញ។


មន្ត្រី​ដដែល​បន្ត​ថា ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​បែបនេះ គឺ​នៅក្នុង​កិច្ច​ជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី Debora Comini ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ ប្រចាំ​នៅ​កម្ពុជា នៅ​ទីស្តីការ​ក្រសួង ថ្ងៃទី​២០ ខែតុលា ឆ្នាំ ២០១៥។


មន្ត្រី​ដដែល​បន្ត​ទៀត​ថា លោក វង សូត បាន​លើកឡើង​ក្នុង​ទិសដៅ កាត់បន្ថយ​កុមារ​នៅក្នុង​មជ្ឈ​មណ្ឌល ដោយ សារ​ស្ថានភាព​បច្ចុប្បន្ន គឺ​កុមារ​កំព្រា​កម្ពុជា ពុំ​មែន​ស្ថិត​ដូច​កុមារ​កំព្រា​ឆ្នាំ​១៩៧៩ ក្រោយពី​សង្គ្រាម ដែល​អត់​ម៉ែ​អត់​ឪ​ទៀត​នោះ​ឡើយ ក្នុង​នោះ​សម្រាប់​កុមារ​បច្ចុប្បន្ន​គ្រាន់តែ​ជួប​ឧបសគ្គ​ខ្លះៗ ខ្វះ​ការ បីបាច់​ការ​ថែរក្សា​ពី​ឪពុក​ម្តាយ​តែប៉ុណ្ណោះ។ សម្រាប់​បញ្ហា​នេះ​គឺ​រាជរដ្ឋាភិបាល និង​អង្គការ​យូ​នី​សេ​ហ្វ មាន​គោលបំណង កាត់បន្ថយ​ចំនួន​កុមារ​៣០% ពី​មជ្ឈមណ្ឌល​ថែទាំ​ជំនួស​នៅ​ខេត្ត​៥ នៅ​ឆ្នាំ​២០១៨ គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង កណ្ដាល ព្រះសីហនុ និង​ខេត្ត​សៀមរាប។


ក្នុង​នោះ​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​បន្ត​ទៀត​ថា ការកាត់បន្ថយ​ចំនួន​កុមារ​នៅក្នុង​មជ្ឈមណ្ឌល​នេះ គឺ​វា អាច​ប៉ះពាល់​ទៅដល់​អង្គការ​មួយចំនួន ដែល​មាន​បំណង​ចង់​បង្កើត​មជ្ឈមណ្ឌល ដើម្បី​ជួយ​ដល់​កុមារ នៅ​កម្ពុជា​យើង​បន្ថែម​ទៀត។ ចំពោះ​ករណីនេះ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​បែបនេះ ព្រោះ​អង្គការ មួយចំនួន​នៅ​កម្ពុជា គឺ​ពុំបាន​សហការ​ជាមួយ​រាជរដ្ឋាភិ​បាល និង​អង្គការ​ដៃគូ​ផ្សេងៗ​ណាមួយ​ឡើយ ក្នុង​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី ស្នើ​ឲ្យ​អង្គការ​ទាំងនោះ មក​សហការ​រួមគ្នា ដើម្បី​ការពារ​ឧត្តម​ប្រយោជន៍​រួម សម្រាប់​កុមារ​ទាំងអស់គ្នា។


ក្នុង​ពិធី​ជួបពិភាក្សា​នេះ​ដែរ លោកស្រី Debora Comini ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ ប្រចាំ​នៅ កម្ពុជា បាន​លើក​ឡើងថា យូ​នី​សេ​ហ្វ​នៅតែ​ជា​ដៃគូ​ជាមួយ​ក្រសួង​សង្គមកិច្ច​យ៉ាង​ប្រសើរ និង​ចូលរួម គាំទ្រ ជាមួយ​ការ​អនុវត្តន៍​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ក្នុង​ការ​ធ្វើ​សមាហរណកម្ម នៃ​ការ​ថែ​រទាំ កុមារ​ជំនួស៕


NIta-20-A-55-Full


 



កម្ពុជា​ជំរុញ​កាត់បន្ថយ​ចំនួន​កុមារ​ស្នាក់​នៅ ​ក្នុង​មជ្ឈមណ្ឌល​៣០%​នៅ​ឆ្នាំ​២០១៨

Post a Comment

0 Comments

Close Menu