Ad Code

ជិះ​ម៉ូតូឌុប​សង្សារ​មកពី​ញ៉ាំ​អាហារ​ ​ដល់​ផ្លូវ​ស្ងាត់​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​ទៅ​បាត់​

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ បន្ទាប់ពី​រូបគេ​ជិះ​ម៉ូតូ ម៉ាក​និ​ច ឌុប​សង្សារ​មកពី​ញ៉ាំ​អាហារ​ពេលយប់ លុះ​មកដល់​ផ្លូវ​ស្ងាត់​ត្រូវ​ក្រុម​ចោរ​ប្រើប្រាស់​កាំ​ភ្លើង​ភ្ជង់​ប្លន់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​។​


ជនរងគ្រោះ​ឈ្មោះ ជា ណាក់ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ជា​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ស៊ិន​ ទ្រី​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង១២​និង​៤០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ រូប​គេ និង​សង្សារ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មកពី​ហូប​អាហារ​ពេលយប់​នៅ​ច្បារអំពៅ ដើម្បី​ត្រឡប់​មក​កន្លែង​ស្នាក់នៅ​ក្នុង​បារ៉ាស់​រថយន្ត​ក្រុមហ៊ុន​ស៊ិន ទ្រី​ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​៣៧១ បត់​ចូល​តាម​ផ្លូវ​បេតុង​ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ខណៈនោះ​ស្រាប់តែ​លេច​មុខ​ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង មួយ​គ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ស និង​ម៉ូតូ​មួយ​គ្រឿង​ទៀត មិន​ចាំ​ម៉ាក ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​របស់​រូបគេ​គេចខ្លួន​បាត់ស្រមោល។​



ជនរងគ្រោះ​ប្រាប់​បន្ត​ថា ម៉ូតូ​របស់​រូបគេ​ដែល​ត្រូវ​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​នោះ​គឺ​ម៉ាក​និច ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1CT-9823 ហើយ​បន្ទាប់ពី​កើតមាន​ករណី​ប្លន់​បែបនេះ​រូបគេ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​ជួយ​អន្តរាគមន៍​តាម​ស្វែងរក​ក្រុម​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕




ជិះ​ម៉ូតូឌុប​សង្សារ​មកពី​ញ៉ាំ​អាហារ​ ​ដល់​ផ្លូវ​ស្ងាត់​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​ទៅ​បាត់​

Post a Comment

0 Comments

Close Menu