Ad Code

ល្ងាច​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិធី​ស្រាយ​បួស រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា​ជិត ៥​ពាន់​នាក់



ភ្នំពេញ ​ ៖ នៅ​ម៉ោង ៥​ល្ងាច​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​នៃ​សាសនា​ឥស្លាម​កម្ពុជា​សរុប ៤,៧៥០​នាក់ ក្នុង​នោះ​មកពី​តាម​បណ្តា​ខេត្ត ២,៤៥០​នាក់ និង ក្នុង​រាជធានី​ភ្នំពេញ ១,៩៨០​នាក់​។



ក្នុង​ពិធី​នេះ​ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សាសនិក​ឥស្លាម​មកពី​បរទេស​ចំនួន ៣២០​នាក់ ដែលមាន ៣២​ជាតិ​សាសន៍ រួម​ទាំង​តំណាង​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រតិបត្តិការ​ឥស្លាម OIC ចំនួន ៣​នាក់​ផងដែរ​។



នេះ​ជា​លើក​ទី ៦ ហើយ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា គិត​ចាប់តាំងពី​ឆ្នាំ​២០១៤​មករា​។

បើ​តាម​លោក អូស្មាន ហា​ហ្សា​ន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយ​នូវ​សំណូមពរ​ជាច្រើន​ជូន​បងប្អូន​ខ្មែរ​-​ឥស្លាម​។ មិនតែប៉ុណ្ណោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​គោលនយោបាយ​បន្ថែម រៀបចំ​ឲ្យ​មាន​បងប្អូន​មុ​ស្លី​ម បាន​ចូលរួម​បម្រើ​កិច្ច​ការ​ជូន​ជាតិ​នៅក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ នីតិ​ប្រតិបត្តិ រាជរដ្ឋាភិបាល ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ មន្ត្រីជាន់ខ្ពស់ នគរបាល យោធា​។​ល​។ រួមមាន​សមាជិក​ព្រឹទ្ធិ​សភា ០២​រូប សមាជិក​រដ្ឋសភា ០៦​រូប (​ស្រី ០២ រូប​)​។



សមាជិក​រាជរដ្ឋាភិបាល ជា​ទេសរដ្ឋមន្ត្រី ០១​រូប រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ០១​រូប រដ្ឋលេខាធិការ ០៨​រូប (​ស្រី ២ រូប​) អនុរដ្ឋលេខាធិការ ២០​រូប (​ស្រី ០៣​រូប​) ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រសួង​ថ្នាក់ដឹកនាំ ១៤ រូប អភិបាលរង​ខេត្ត ០១ រូប អភិបាលរង ស្រុក​-​ខណ្ឌ ០២ រូប សមាជិក​ក្រុមប្រឹក្សា​ខេត្ត ០៥​រូប សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ ៣៦​រូប មន្ត្រី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ យោធា​-​នគរបាល ២១​រូប ក្រុម​ជំនួយការ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជា​ច្រើន​រូប​ទៀត​។



នៅ​អាណត្តិ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នេះ​ផងដែរ ក៏​មាន​បេក្ខជន​មុ​ស្លី​ម​ថ្នាក់​រាជធានី​-​ខេត្ត ពេញសិទ្ធិ និង​បំរុង ២២​រូប ក្រុមប្រឹក្សា​ពេញ​សិទ្ធិ និង​បំរុង ក្រុង​-​ស្រុក​-​ខណ្ឌ ១៣៨​រូប ដើម្បី​បាន​ចូល​បម្រើ​ការងារ​ជូន​រដ្ឋ ក្នុង​ភាពជា​តំណាង​ឲ្យ​បងប្អូន​មុ​ស្លី​ម​ថែមទៀត​ផងដែរ​។



សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែងថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ តែ​ក៏​មិនបាន​ហាមឃាត់​លើ​សេរីភាព​នៃ​ជំនឿ និង​ការគោរព​ប្រណិប័តន៍​សាសនា​នោះដែរ​។

នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​ពុទ្ធសាសនិក​ប្រមាណ ៩៥​ភាគរយ​, ឥស្លាម​មាន​ជិត ២​ភាគរយ និង​គ្រិស្ត​សាសនិក​ប្រមាណ ១,២៥​ភាគរយ ព្រមទាំង​សាសនា​ផ្សេងៗ​មួយ​ចំនួន​ទៀត​៕






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu