សកម្មភាពជាក់ស្តែងដែលជាភាសិតសកលទៅហើយគឺ “ព្រួញមួយមិនអាចបាញ់សត្វបានពីរ”នោះឡើយ។ ចំណែកសកម្មភាពរបស់មនុស្សម្នាក់ដែលឈរជ្រែងលើទូកពីរដោយជើងម្ខាងជាន់ទូកមួយ និងជើងម្ខាងទៀតក៏ជាន់ទូកមួយដែរនោះក៏មិនបានសម្រេចតាមបំណងនៃការធ្វើដំណើរឆ្ពោះទៅរកគោលដៅនោះដែរ។
ការពិតទូកទាំងពីរនោះវានៅជិតគ្នា ឬកៀកនឹងគ្នាមែនតែវាមានស្ថានភាពដោយឡែកពីគ្នាហៅថា ជាភាពឯករាជ្យនៃទូកនីមួយៗពិតប្រាកដ។ ជាពិសេសចំពោះល្បឿននៃការលូតទៅមុខក៏ខុសគ្នាដែរ ឬហៅថា មានទូកម្ខាងយឺត និងមានទូកម្ខាងទៀតលឿន និងស្ទុះទៅមុខខ្លាំងជាងគេ។ បើនិយាយអំពីមនុស្សម្នាក់ដែលមានឥរិយាបថឈរជ្រែងលើទូកទាំងពីរ តាមទំនើងចិត្តរបស់ខ្លួនដោយគិតថា អោយបានចំណេញច្រើនគឺ ជាន់ជើងម្ខាងលើគែមទូកមួយ និងជើងម្ខាងលើគែមទូកមួយទៀត។ ពេលនោះហើយដែលគេឃើញថា មិនមានសុវត្ថិភាពនៃការធ្វើដំណើរនោះបានសមតាមបំណងនោះ ទាល់តែសោះ។ ដ្បិតទូកមួយដែលលឿនជាងនោះនឹងធ្វើអោយមានការញែកជើងនៃមនុស្សនោះអោយមានការទ្រេតហើយបន្ទាប់មកក៏ដួលធ្លាក់ចុះនាំអោយមានគ្រោះថ្នាក់ផ្ទាល់ខ្លួនគួរអោយមានការសោកស្តាយក្រៃលែង។ បានសេចក្តីថា ដំណើរឈរជ្រែងលើទូកទាំងពីរនេះដើម្បីកេងយកចំណេញតែវាតែងជួបនូវគ្រោះភ័យមកលើខ្លួន ដែលអ្នកផងតែងគិតថា ជាការឆោតល្ងង់ទៅវិញ។ រឿងនេះក៏មិនខុសពីពាក្យស្លោកពោលថា ព្រួញមួយមិនដែលបាញ់សត្វបានពីរនោះទេគឺ ព្រួញមួយបាញ់តែម្តងវាបានតែសត្វមួយប៉ុណ្ណោះ។ ឯការជិះទូកនេះក៏យ៉ាងនោះដែរគឺបើជិះទូកណាមួយនោះទោះយឺត ឬលឿនក៏ជាចំណែកនៃគុណភាព ឬជាសមត្ថភាពនៃទូកនោះទៅចុះ។ ផ្ទុយទៅវិញបើបុគ្គលនោះមានចិត្តលោភលន់ដោយចង់ជិះទូកម្តងពីរក្នុងពេលតែមួយនោះក៏បណ្តាលអោយមានគ្រោះថ្នាក់ដល់ខ្លួនជាក់ជាមិនខាន។
ការលើកឡើងនេះជាការប្រៀបធៀប ឬហៅថា ជាឧបមានវិធី មួយចំពោះអនុប្រធានគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខា នោះក៏មិនខុសគ្នាពីរឿងឈរជ្រែងលើទូកពីរក្នុងពេលតែមួយនោះដែរ។ បានសេចក្តីថា ជើងម្ខាងរបស់លោកកឹម សុខាជាន់ទូកមួយហៅថា គណបក្សសង្គ្រោះជាតិហើយជើងម្ខាងទៀតក្នុងគ្រាកន្លងមកមានរយៈពេលជាងមួយឆ្នាំនេះជាន់លើទីតាំងនៃទូកមួយទៀតឈ្មោះថា ថ្នាក់ដឹកនាំសភាជាតិក្នុងនាម ឬជាតួនាទីនៃអនុប្រធានទី១រដ្ឋសភា។ បើគេធ្វើការវិភាគទៅឃើញថា រឿងសភាជារឿងជាតិដែលជារឿងធំជាងរឿងគណបក្សនយោបាយទៅទៀត។ នេះជាការប្រៀបប្រដូចនឹងទូកដែលទូកម្ខាងគឺសភាជាតិមានល្បឿនលឿនជាងទូកនៃគណបក្សសង្គ្រោះជាតិ។ យ៉ាងនេះហើយទើបបណ្តាលអោយលោកកឹម សុខាឈរជើងមិនជាប់ជាមួយទូកខាងសភា។ ជាពិសេសពេលនេះលោកកឹម សុខា មានតែឋិតនៅជាន់តែទូកមួយទេ គឺជាអនុប្រធាននៃគណបក្សសង្គ្រោះជាតិដែលគេបានសន្មតថា ជាទូកយឺតនោះ។ ជាមួយនេះដែរក៏ជាគ្រោះថ្នាក់មួយនៃ ការធ្លាក់ចុះពីតំណែងជាអនុប្រធានទី១នៃរដ្ឋសភាដែលធ្វើអោយលោកកឹម សុខាមានការតក់ស្លុតក្នុងចិត្តយ៉ាងខ្លាំង។
ប៉ុន្តែក៏មជ្ឈដ្ឋាននានាយល់ឃើញថា ការធ្លាក់ពីតំណែងអនុប្រធានទី១នៃរដ្ឋសភារបស់លោកកឹម សុខានោះវាធ្វើអោយទំហំនៃការងារប្រឆាំងរបស់គាត់កាន់តែមានការលាតសន្ធឹងបានវែងឆ្ងាយសមតាមបំណងរបស់គាត់ពិតប្រាកដ។ ដ្បិតកាលពីគាត់នៅជាអនុប្រធានទី១រដ្ឋសភានោះគាត់ហាក់ដូចជាមានខ្សែចំណងមួយសម្រាប់ទាក់ទប់ស្កាត់អំពីគោលបំណងខាងប្រឆាំងមិនអោយលឿនពេក។ ឯពេលនេះគឺលោកកឹម សុខា គេប្រៀបប្រដូចទៅនឹងខ្លាបានរួចរបូតពីទ្រុងវិលទៅរកព្រៃជាកន្លែងមានសេរីភាពរបស់ខ្លួនយ៉ាងនោះដែរ។
សរុបសេចក្តីមកការជិះទូកដោយជាន់ជើងទាំងពីរទៅលើទូក២នោះពិតជាមិនបានសម្រេចបំណងប្រាថ្នានោះទេ គឺមានតែជិះទូកតែមួយនោះទើបមានសុវត្ថិភាព។ បញ្ហានេះក៏ប្រៀបប្រដូចជាលោកកឹម សុខា បានរបេះជើងម្ខាងពីទូកមួយមែនតែក៏នៅជាប់នឹងទូកម្ខាងទៀតរបស់គាត់ដែរ។ នេះជាសេរីភាពយ៉ាងពេញលេញរបស់លោកកឹម សុខា ក្នុងការបម្រើគណបក្សប្រឆាំងយ៉ាងឥតប្រណីដៃតាមរយៈការកុហកបោកប្រាស់ញុះញង់ពន្លះអោយអស់ចិត្តចុះ…៕
អត្ថាធិប្បាយ ៖ ឈរជ្រែងជាន់លើទូកទាំងពីរក្នុងពេលតែមួយ
0 Comments