ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា រសៀល​ថ្ងៃទី​១១ ខែធ្នូ បាន​អនុញ្ញាត​ឱ្យ​លោក An Tong Chun អនុ​ប្រធាន​សភា​ប្រជាជន​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ចូល​ជួប​សម្តែង​ការគួរសម ខណៈ​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​មហា​សន្និបាតសភា​តំបន់​អាស៊ី APA លើក​ទី​៨ ដែល​កម្ពុជា​រៀបចំ​ជា​ម្ចាស់ផ្ទះ​។​


​លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឱ្យដឹង​ក្រោយ​ជំនួប​នោះ​ថា ក្នុងជំនួប​នេះ​សម្តេច​បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដល់​លោក​លោក An Tong Chun អនុ​ប្រធាន​សភា​ប្រជាជន​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ចូលរួម​មហា​សន្និបាតសភា​តំបន់​អាស៊ី​លើក​ទី​៨​នៅ​កម្ពុជា​នា​ពេលនេះ​។ នេះ​ជា​ការ​រួមចំណែក​ឱ្យ​មហាសន្និបាត APA​លើក​ទី​៨ នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​។ សម្តេច​បាន​លើកឡើងថា ប្រទេស​យើង​ទាំងពីរ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ធ្លាប់មាន​ទំនាក់ទំនង​ជាមួយគ្នា ជា​យូរណាស់​មកហើយ តាំងពី​ជំនាន់​អតីត​ព្រះករុណា សម្តេចព្រះ​រតន​កោដ នរោត្តម សីហនុ ជាមួយ​អតីត​ប្រមុខ​ដឹកនាំ​កូរ៉េ គឺ​លោក​សេនាប្រមុខ គីម អ៊ី​ល​ស៊ុ​ង​។ ទំនាក់ទំនង​នេះ​គឺជា​មោទនភាព​សម្រាប់​អ្នកជំនាន់ក្រោយ​បន្ត​ឱ្យបាន​ល្អប្រសើរ​នេះ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។ ជាមួយនេះដែរ​ស​ម្តេចក៏​បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ធ្វើយ៉ាង​ណា​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​។ ទន្ទឹម​នេះ​សម្តេច​ក៏បាន​អបអរ​សារ​ទរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​ឥត​ឈប់ឈរ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ដែល​សម្រេចបាន​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ជាតិ​ទទួលបាន​យ៉ាង​ត្រចះត្រចង់​។ រដ្ឋសភា​កម្ពុជា​គាំទ្រ​រាល់​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ល្អ​បន្ថែមទៀត​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។ ជាពិសេស កិច្ចប្រជុំ​រវាង​គណៈកម្មាធិកា​រ​ចំរុះ​ប្រទេស​ទាំងពីរ​កម្ពុជា​-​កូរ៉េ​ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង​បច្ចេកទេស ដោយ​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​បន្ថែមទៀត​។ ជាមួយគ្នានេះដែរ​សម្តេច​ក៏បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ចំពោះ​លោក គីម យូ​ណា​ម ប្រធានសភា​ជាន់ខ្ពស់​ប្រជាជន​កូរ៉េ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សាធារ​ណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ សូម​ជួបតែ​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ និង​កសាង​សង្គមជាតិ​។


លោក An Tong Chun អនុ​ប្រធានសភា​ប្រជាជន​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិប​តេយ្យ​កូរ៉េ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋសភា​កម្ពុជា ដែល​បានទទួល​ស្វាគមន៍​គណៈប្រតិភូ​កូរ៉េ​យ៉ាង​រាក់ទាក់​កក់ក្តៅ ក្រោម​ស្មារតី​សាមគ្គីភាព មិត្តភាព​ដ៏​ជិតស្និទ្ធ​បំផុត​។ លោក​ក៏បាន​អបអរសាទរ​ដែល​សភា​កម្ពុជា បាន​ទទួល​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​APA​លើក​ទី​៨​នាពេលនេះ​។ លោក​ក៏បាន​អបអរសាទរ​ផង​ដែរ​ចំពោះ​សម្ដេច​ប្រធាន ដែល​ត្រូវ​មហាសន្និបាត​ជ្រើសរើស​ជា​ប្រធាន APA លើក​ទី​៨ ក្នុង​អាណត្តិ​២០១៥-២០១៦​។ លោក​បាន​លើកឡើងថា ប្រទេស​នានា​លើ​សកលលោក​បាន​ដឹងហើយ​ថា កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មក​ហើយ ដែល​ទំនាក់​ទំនង​ដ៏​ល្អ​នេះ​ស្ថាបនា​ឡើង​ដោយ​អតីត​ប្រមុខ​ដឹកនាំ​របស់​លោក​សេនាប្រមុខ​គីម​អ៊ី​ល​ស៊ុ​ង ជាមួយ​និង​ព្រះករុណា​សម្តេច​ព្រះ​រតន​កោដ ន​រោ​ត្ត​ស៊ី​ហ​នុ ។ លោក​បន្ថែមថា សព្វថ្ងៃ​លោក​សេនាប្រមុខ​គីម ចុង​អ៊ុន បាន​យកចិត្តទុកដាក់​ក្នុង​ការបន្ត​ជំរុញ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​-​កូរ៉េ​នេះ​ឱ្យ​ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។ សភា​ជាន់ខ្ពស់​ប្រជាជន​កូរ៉េ សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​ប្រធាន​ក្នុង​ការបន្ត​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ជាពិសេស រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ​។ ប្រពៃណី​ដ៏​ល្អប្រសើរ​នេះ​ត្រូវបាន​បន្ត​ជំរុញ​ឱ្យ​ទំនាក់ទំនង​នេះ​កាន់តែ​មានការ​រីកចម្រើន​ឡើង​។ លោក​ថ្លែងថា សភា​កូរ៉េ​ជាធម្មតា​ពុំ​សូវ​បាន​ទៅ​ចូល​រូ​ម​សន្និបាត​APA​នៅឯ​ប្រ​តេស​ផ្សេងៗ ដោយឡែក​ដោយសារ​តែម​ហា​សន្និបាត​លើក​នេះ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដូច្នេះហើយ​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​ប្រជាជន​ជាន់ខ្ពស់​កូរ៉េ​មក​ចូលរួម​នាពេលនេះ​។ លោក​បញ្ជាក់ថា ប្រទេស​យើង​ទាំងពីរ​កម្ពុជា​-​សាធារណរដ្ឋ​ប្រជាមានិត​ប្រជា​ធិបតេយ្យ​កូរ៉េ​មិន​គ្រាន់​តែមាន​ទំនាក់ទំនង​ផ្នែក​ការទូត​នោះទេ​ប៉ុន្តែ ទំនាក់ទំនង​សេដ្ឋកិច្ច វប្បធម៌ និង​បច្ចេកទេស​នឹងត្រូវ​បាន​យកចិត្តទុកដាក់​បន្ត​ពង្រឹងពង្រីក​បន្ថែមទៀត​។ ប្រជាជន​កូរ៉េ​បាន​ស្គាល់​ច្បាស់​សម្តេច​ប្រធានរដ្ឋសភា ព្រោះថា សម្តេច​ប្រធាន​បាន​លះបង់​ទាំ​អ​កម្លាំងកាយ ចិត្ត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យមាន​ភាពរុងរឿង​ប្រទេសជាតិ​។ លោក​សង្ឃឹមថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ​ត្រូវ​បាន​បន្ត​ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។


លោក​ក៏បាន​អញ្ជើញ​សម្តេច​ប្រធាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ផងដែរ​។ ជាការ​ឆ្លើយតប​បាន​ទទួល​យក​នូវ​ការ​អញ្ជើញ​នេះ ហើយ​ចាំ​រើស​ពេល​វេលា​សមស្រប​ណាមួយ​សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​៕


Nita-12-A-1-Full


Nita-12-A-2-Full


Nita-12-A-3-Full



អនុ​ប្រធាន​សភា​ប្រជាជន​ជាន់ខ្ពស់​កូរ៉េខាងជើង​អបអរសាទរ​ ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ទទួល​ធ្វើជា​ប្រធាន​សភា​APA លើក​ទី​៨