លោក ពូទីន បានប្រាប់កិច្ចប្រជុំមួយនៅទីក្រុងមូស្គូថា ក្រុមជីហាដនៅក្នុងប្រទេសស៊ីរីបានបង្កការគំរាមកំហែងដោយផ្ទាល់ចំពោះប្រទេសរុស្ស៊ី។ លោកបានបន្ថែមទៀតថា គោលដៅណាមួយ ដែលកំពុងគំរាមកំហែងដល់យោធារបស់ប្រទេសនេះគួរតែត្រូវបំផ្លាញ។
រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បានឲ្យដឹងថា ឥទ្ធិពលរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីបានបន្តពង្រីកកាន់តែធំ។
លោក ពូទីន បាននិយាយថា សកម្មភាពយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីកំពុងត្រូវបានសម្របសម្រួលជាមួយសេវាពិសេសរបស់រុស្ស៊ីដូចជា FSB ដែលកំពុងតាមដានយ៉ាងកៀកកិតជាមួយក្រុមភេរវកម្មនានាដូចជា ក្រុមរដ្ឋឥស្លាម។
លោកបាននិយាយទៀតថា “គោលដៅណាមួយ ដែលកំពុងគំរាមកំហែងដល់ក្រុមយោធា ឬ ហេដ្ឋារចនាសម្ព័ន្ធលើដីរបស់យើងត្រូវតែបំផ្លាញភ្លាមៗ”។
លោកបានបន្ថែមថា “ជាទូទៅសកម្មភាពនៃក្រុមរបស់រុស្ស៊ីសមនឹងទទួលបានការសរសើរខ្ពស់។ នេះគឺជាលទ្ធផលនៃការងាររបស់ក្រសួងការពារជាតិ មន្ត្រីបុគ្គលិក អ្នកបើកយន្តហោះកងទ័ពអាកាសរុស្ស៊ី និងកងនាវារបស់រុស្ស៊ី”។
លោក ពូទីន បាននិយាយទៀតថា នៅពេលនេះ សមាជិកនៃកងទ័ពរំដោះស៊ីរីជាង៥០០០នាក់កំពុងប្រយុទ្ធរួមជាមួយកងទ័ពរដ្ឋាភិបាលប្រឆាំងនឹងក្រុមភេរវករ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបន្ថែមថា ក្រុមរដ្ឋឥស្លាមបានគ្រប់គ្រងប្រមាណ៧០ភាគរយនៃទឹកដីរបស់ប្រទេសស៊ីរី ហើយពួកគេមានសកម្មប្រយុទ្ធប្រមាណ៦០០០០នាក់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
លោកបានបន្តថា មកទល់ពេលនេះ យោធារុស្ស៊ីបានបើកការវាយឆ្មក់តាមអាកាសប្រមាណ៤០០០ជើង ហើយបានវាយប្រហារគោលដៅរបស់ក្រុមភេរវករប្រហែល៨០០០កន្លែងនៅក្នុងប្រទេសស៊ីរី។
បើយោងតាមលោក Shoigu បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកបានចូលរួមចំណែកដ៏សំខាន់ក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមភេរវករ។
ទាំង លោក ពូទីន និង លោក Shoigu បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្រសួងការពារជាតិហើយពួកគេក៏បានលើកឡើងផងដែរពីបញ្ហានានាដូចជា យុទ្ធសាស្ត្រនុយក្លេអ៊ែរ ការពង្រីករបស់អង្គការណាតូ និងបន្ទាយយោធាក្នុងតំបន់អាកទិច។
លោក ពូទីន បាននិយាយបញ្ជាក់អំឡុងពេលកិច្ចប្រជុំនេះថា “ការយកចិត្តទុកដាក់ ជាពិសេសត្រូវតែផ្ដោតលើការពង្រឹងសក្ដានុពលរបស់កងកម្លាំងនុយក្លេអ៊ែរ និងការអនុវត្តកម្មវិធីអវកាសការពារជាតិ”៕ RT
លោក ពូទីន ៖ គោលដៅណាមួយ ដែលកំពុងគំរាមកំហែងកងកម្លាំងរុស្ស៊ី ត្រូវតែកម្ទេចឲ្យបានឆាប់
0 Comments