ប៉ោយប៉ែត ៖ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានប្រកាសបន្ធូរបន្ថយស្ទើរតែទាំងស្រុងដល់ប្រជាពលរដ្ឋ ដែលមានប័ណ្ណក្រីក្រ ក្នុងការស្នើសុំច្បាប់កាន់កាប់ ឬផ្ទេរផ្ទូរកម្មសិទ្ធដីធ្លី លើដីក្រោម១០០ម៉ែត្រការ៉េ តាមរយៈច្រកចេញចូលតែមួយ។ ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រមានលទ្ធភាព ទទួលបានលើសេវាសម្រាប់ការរត់ច្បាប់នេះបានលើកឡើងកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ក្នុងពិធីប្រជុំគណៈបញ្ជាការឯកភាពក្រុង នាសាលាក្រុងប៉ោយប៉ែត។
លោកបានបន្តឲ្យដឹងទៀតថា សម្រាប់ការិយាល័យច្រកចេញចូលរបស់សាលាក្រុងប៉ោយប៉ែតទទួលបានកំណើននៃប្រាក់ចំណូលចំណាត់ថ្នាក់លេខ៤ ទូទាំងច្រកចេញចូលតែមួយទាំង២៤ខេត្ត-ក្រុង។
ក្នុងនោះលោកក៏បានប្រកាសបញ្ចុះតំលៃថ្លៃសេវា បង់ពន្ធលើអចលនទ្រព្យដីធ្លីពី១០០ម៉ែត្រការ៉េចុះក្រោមបង់៥ម៉ឺនរៀល ដែលពីមុនបង់១០ម៉ឺនរៀល ហើយបើប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រគឺបញ្ចុះមកត្រឹមតែ៣ម៉ឺនរៀលតែប៉ុណ្ណោះ។ ការបញ្ចុះតំលៃបែបនេះគឺធ្វើឲ្យប្រជាពលរដ្ឋដែលក្រីក្រមានលទ្ធភាពបង់ថ្លៃសេវាលើដីដែលពួកគាត់រស់នៅ។
លោកបន្តទៀតថា បើមានអ្នករត់ការណាយកលើសតម្លៃកំណត់របស់រដ្ឋ សូមឲ្យរាយការណ៍ជូនលោក ដើម្បីមានវិធានការ។
ក្រៅពីការបន្ធូរបន្ថយខាងលើ លោក ង៉ោ ម៉េងជ្រួន បានប្រកាសផងដែរថា លោកនឹងដាក់បង្គោលភ្លើងភ្លឺបំភ្លឺតាមផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែតទៅមាត់ច្រកអន្តរជាតិ ឲ្យភ្លឺបានមុនបុណ្យចូលឆ្នាំសកល ដែលបង្គោលភ្លើងត្រូវដាក់បំភ្លឺនេះមិនមែនជាថវិការបស់រដ្ឋ ឬក្រុងឡើយ គឺជាថវិកា ដែលលោកកៀងគរពីសប្បុរសជននានា ដើម្បីឲ្យក្រុងប៉ោយប៉ែតជាទីក្រុងស្អាតក្នុងការប្រកួតប្រជែងជាទីក្រុងដទៃ៕
ពលរដ្ឋមានប័ណ្ណក្រីក្រ ត្រូវបានបន្ធូរបន្ថយការយកថ្លៃសេវាស្នើសុំច្បាប់កាន់កាប់ ឬផ្ទេរផ្ទូរកម្មសិទ្ធដីធ្លី

0 Comments