ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ចុងភៅ​នៅ​ភោជនីយដ្ឋាន​បណ្តែត​ទឹក​អាល់​ហ្វា​មេគង្គ ដេក​ស្លាប់​នៅក្នុង​បន្ទប់​ជួល ដែល​សមត្ថកិច្ច​អះអាង​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ​ខណៈ​ដេក​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​គ្មាន​អ្នកណា​ដឹង។


ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៥ នៅក្នុង​បន្ទប់​ជួល​លេខ​១៤ ផ្លូវ​កែវ​ចិន្តា​ក្រុមទី​៨ ភូមិ​៣ សង្កាត់​ខណ្ឌ​ជ្រោយចង្វារ ខណៈ​មិត្តភក្តិ​ជា​ចុងភៅ​ដូចគ្នា​បាត់​មិនឃើញ​ទៅ​ធ្វើ​ការ ក៏​នាំគ្នា​មក​រក​ដល់​បន្ទប់​ជួល​ក៏​ឃើញ​ទ្វារ​ជាប់​គន្លឹះ​ខាងក្នុង ពេល​គាស់​ទ្វារ​មើលឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​រឹង​ទៅ​ហើយ រួច​ក៏​ប្តឹង​សមត្ថកិច្ច​មក​ពិនិត្យ។


ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ កៅ សា​អែម អាយុ​៣១​ឆ្នាំ មុខរបរ​ជា​ចុង​ភៅ​ហាង​អាល់​ហ្វា​មេគង្គ សព្វថ្ងៃ​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​វាល ឃុំ​ស្ពឺ ស្រុក​ចំការលើ​ខេត្តកំពង់ចាម។


បើ​តា​ម​មិត្តភក្តិ​ជនរងគ្រោះ​និយាយ​ថា ជនរងគ្រោះ​ធ្លាប់​ទៅ​ធ្វើ​ការ​ជា​ចុងភៅ​ជាមួយគ្នា​រាល់ថ្ងៃ​តែ​នៅ​ថ្ងៃ​កើតហេតុ​បាត់​គេ​មិនឃើញ​មក​ធ្វើការ ក៏​ទូរ​សព្ទ័​រក តែ​តេ​ចូល​រហូត​មិន​មាន​អ្នក​លើក ពេលនោះ​មានការ​សង្ស័យ ក៏​នាំគ្នា​មក​រក​ដល់​បន្ទប់​ក៏​ឃើញ​ទ្វារ​ជាប់​គន្លឹះ​ខាងក្នុង ហើយ​ឃើញ​កង្ហារ​នៅ​វិល ពេលនោះ​ក៏​សម្រេចចិត្ត​គាស់​ទ្វារ​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​រឹង​ទៅ​ហើយ រួច​ក៏​ប្តឹង​សមត្ថកិច្ច​មក​ពិនិត្យ។


បន្ទាប់​សមត្ថកិច្ច​បច្ចេកទេស​ពិនិត្យ ធ្វើ​កោសល្យ​វិច័យ​បញ្ជាក់​ថា ជនរងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូង ដែល​ខ្មែរ​យើង​និយម​ហៅថា​ខ្យល់គ​ស្លាប់ មិន​មាន​ចំណុច​សង្ស័យ​ផ្សេង​ឡើយ រួច​ក៏​ទាក់ទង​ហៅ​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត៕


T-12-11-15-l-fullT-12-11-15-ll-full



បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​សមត្ថកិច្ច​អះអាងថា​ខ្យល់គ