Ad Code

គណៈរដ្ឋមន្ត្រី​អនុម័ត​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី​បាន ធ្វើការ​អនុម័ត ទៅលើ​សេចក្ដីព្រាង​អនុក្រឹត្យ ស្ដីពី​ការដាក់ឱ្យ​អនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​របស់ខ្លួន នា​ព្រឹក​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។


ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ ទីក្រុង​ភ្នំពេញ​បាន​ស្តារ និង​កសាង​ឡើងវិញ​ជា​បន្តបន្ទាប់​រដ្ឋាភិបាល​នៅពេលនោះ​បាន​ចាប់​ផ្តើម​ពី​ស្ថានភាព ដែល​មាន​តែ​បាតដៃ​ទទេ ខិតខំ​ប្រឹង ប្រែង​អស់ពី​សមត្ថភាព ដែល​បេសកកម្ម​ចម្បង គឺ​ធានា​ការពារ​ឱ្យ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន ពោល​គឺ​ការ​រត់​ប្រណាំង​រវាង​សេចក្តី​ស្លាប់ និង​ភាព​រស់រាន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​១ ចន្លោះ​ពី​ឆ្នាំ ១៩៧៩-១៩៩២ ការ​ស្តារ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​២ នៅ​ចន្លោះ​ឆ្នាំ​១៩៩៣-២០០៣ ហើយ​បច្ចុប្បន្ន​នេះ គឺជា​ដំណាក់កាល​គិតពី​ចក្ខុវិស័យ​អភិវឌ្ឍន៍​ដោយ​ចីរភាព។


ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​ដាក់​ចេញ​នូវ​ការកែទម្រង់​ពី​សេដ្ឋកិច្ច​ផែនការ មក​ជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី បាន​បង្ក​លក្ខណៈ​ឲ្យ​មានការ​ស្តារឡើងវិញ និង​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ដោយឡែក រាជធានី​ភ្នំពេញ​បាន​ទទួល​ការអភិវឌ្ឍន៍​យ៉ាង​លឿន​ហួស​ពី​ការ​ស្មាន​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ទីក្រុង​ភ្នំពេញ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​បាននឹងកំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​ជាច្រើន​ដូច​ជា​កំណើនប្រជាជន​ខ្ពស់​រហូតដល់​២,៣៤% (​ប្រហែល​ជិត​មួយ​ម៉ឺន​គ្រួសារ​ក្នុង​មួយឆ្នាំ​) ចំនួន​ប្រជាជន​សរុប​នៅ​ភ្នំពេញ​មាន​ជិត​២​លាន​នាក់ (១.៦៨៨.០៤៤​នាក់​តាម​ការ​ធ្វើអង្កេត​ចន្លោះ​ជំរឿន​ប្រជាសាស្ត្រ​កម្ពុជា​ឆ្នាំ​២០១៣ នៃ​ក្រសួងផែនការ​) និង​មាន​ដង់ស៊ីតេ​ប្រមាណ​ជា​២៤៦៨​នាក់​/​គម​២ ហើយ​អាច​កើន​ដល់​៣​លាន​នាក់​នៅ​ឆ្នាំ​២០២០​។


ដំណើរ​នគរូបនីយកម្ម និង​កំណើន​ការសាងសង់​សំណង់​ធំៗ​ថ្មីៗ​ជាច្រើន (​សំណង់​អគារ​ខ្ពស់​លើស​ពី​៥​ជាន់​មាន​ប្រមាណ​៦២៨​កន្លែង និង​សំណង់​បុរី​មាន​ជាង​១១០​ទីតាំង​) ពង្រាយ​នៅ​ទាំង​ខណ្ឌ​ក្នុង​ក្រុង និង​ជាយក្រុង និង​បាន​ជំរុញ​ការ​រីក​ទីក្រុង ទៅ​តំបន់​ខាងក្រៅ ចេញពី​ខណ្ឌ​កណ្តាល​ក្រុង​ស្ទើរតែ​ហួស​ពី​ព្រំប្រទល់​រដ្ឋបាល​របស់​ខ្លួន​។ ជា​មួយ​គ្នា​នេះ ចំនួន​មធ្យោបាយ​ដឹកជញ្ជូន (​ចំនួន​រថយន្ត​ប្រមាណ​ជា​៣៤​ម៉ឺន​គ្រឿង និង​ទោចក្រយានយន្ត​មាន​ជាង​១.៧​លាន​គ្រឿង​) និង​កំពុង​បន្ត​កើន​ឡើងជា​រៀងរាល់ថ្ងៃ បង្ក​ការ​កកស្ទះ​ចរាចរណ៍ និង​ការ​បំពុល​បរិស្ថាន​គួ​ឱ្យ​កត់សម្គាល់​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ។


ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ​២០៣៥ ជា​ឯកសារ​យុទ្ធសាស្ត្រ​គោល បម្រើ​ឲ្យ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​ក៏​ដូចជា​សាលា​រាជធានី​ភ្នំពេញ មាន​គោលដៅ និង​ទស្សនវិស័យ​ដល់​ឆ្នាំ២០៣៥ ក្នុង​ការ​គ្រប់គ្រង​តម្រង់​ទិស​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី និង​តំបន់​ទីប្រជុំជន​ពាក់ព័ន្ធ​ទាំងឡាយ​នៅ​ជាប់​ជុំវិញ ឆ្លើយតប​នឹង​កំណើន​នៃ​ការ​វិនិយោគ​ឯកជន និង​ប្រជាជន​ក្នុង​រាជធានី តាមរយៈ​ការ​តម្រង់​ទិស និង​ជុំ​ការ​វិនិយោគ​សាធារណៈ​ស្របតាម​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី និង​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ។


បម្រើ​គោលដៅ​ខាងលើ ប្លង់​គោល​នេះ​នឹង​តម្រង់​ទិស​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ធំៗ ប្រព័ន្ធ​ផ្លូវ ប្រព័ន្ធ​ទឹកស្អុយ ទឹកស្អាត បឹង កំពង់ផែ ព្រលានយន្តហោះ ឧទ្យាន និង​លំហ​បៃតង ការរៀបចំ​គោលនយោបាយ​លំនៅដ្ឋាន ការ​អភិរក្ស​បេតិកភណ្ឌ​ទីក្រុង តាមរយៈ​ការ​ការពារ​បរិស្ថាន និង​ការ​ធ្វើ​តុល្យ​កម្ម​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បង្កើត​ឲ្យ​មាន​ផែនការ​គ្រប់គ្រង​មួយ​ច្បាស់លាស់​នៃ​ធនធាន​ដី ទឹក ថាម​ពល ប្រព័ន្ធ​អេកូឡូស៊ី ព្រៃឈើ រ៉ែ​។​ល​។ និង​ការកំណត់​ទីតាំង​បរិក្ខារ​សាធារណៈ​ចាំបាច់​នានា ជាមួយ​ការកំណត់​ត្រឹម​ឆ្នាំ ២០២០ យ៉ាង​យូរ​ជា​ឆ្នាំ​នៃ​ការ​ផ្ទៀងផ្ទាត់ និង​ការ​ធ្វើ​ការ​កែសម្រួល​ឡើងវិញ។


ក្នុង​ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣៥  ភ្នំពេញ​សម័យ​តេ​ជោ រាជធានី​ភ្នំពេញ​ជា​បេះដូង​របស់​ប្រទេស​កម្ពុជា ជា​មជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយ​សក្តានុពល​ប្រកួតប្រជែង និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​វឌ្ឍនភាព សមធម៌ និង​ចីរភាព នៅ​ទីតាំង​ភូមិសាស្ត្រ​ពិសេស​នៃ​ទន្លេ​ចតុមុខ​ដែល​ជា​អត្តសញ្ញាណ​តែមួយ​គ្មាន​ពីរ៕


T-12-11-15-fff-fullT-12-11-15-ff-full



គណៈរដ្ឋមន្ត្រី​អនុម័ត​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ

Post a Comment

0 Comments

Close Menu