Ad Code

ឃាត់ខ្លួន​ប៉ូលិស​ក្លែងក្លាយ​លួច​បន្លំ​ខ្លួន​ជា​ក្រុម​ខ្លាហោះ

បាត់ដំបង ៖ យុវជន​ម្នាក់ ​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ជា កម្លាំង​នគរបាល​ជាតិ ដោយមាន​​គ្រង​ឈុត​ត្រឹមត្រូវ ត្រូវ​បាន​កម្លាំង​ក្រុម​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​ជា​កម្លាំង​ពិត ធ្វើការ​ឃាត់ខ្លួន​នាំ​យក​ទៅកាន់​ការិយាល័យ​ដើម្បី​សាកសួរ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ប្តឹង និង​រាយ​ការណ៍​ជាច្រើនលើក​ច្រើនសា ស្តី​ពី​សកម្មភាព​របស់​ក្រុម​ខ្លាហោះ​ក្លែងក្លាយ​នេះ​រួចមក។


ក្រោយពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការសង្ស័យ​ទៅលើ​បុគ្គល​មួយ​រូប ដែល​តែងតែ​ធ្វើខ្លួន​និង​​ស្លៀកពាក់​ឯកសណ្ឋាន​យ៉ាង​ត្រឹមត្រូវ ជា​កងកម្លាំង​នគរបាល​ជាតិ ផ្នែក​ក្រុម​អន្តរាគមន៍​ពិសេស​រួចមក កម្លាំង​បង្ការ បង្ក្រាប បាន​ចេញ​ប្រតិបត្តិការ​តាម​ឃ្លាំមើល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ដើម្បី​តាមរក​មុខសញ្ញា​នេះ។


ទីបំផុត​ជន​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​តូប​ប្រជា​ការពារ ដែល​ស្ថិតនៅ​ខាងមុខ​វិទ្យាល័យ​​សោ​ហឺ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ទើប​សមត្ថកិច្ច​បាន​នាំ​ខ្លួន​យក​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​សាកសួរ​អំពី​បញ្ហា​នេះ ដោយ​នៅ​លើ​ខ្លួនប្រាណ​យុវជន​រូប​នេះ មាន​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​ខ្មៅ ដោយ​នៅ​ពីក្រោយ​ខ្នង​មាន​ដាក់​អក្សរ​ថា ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក្រុម​បង្ការ បង្ក្រាប ហើយ​នៅ​ចង្កេះ​គឺ​មាន​ខ្នោះដៃ​មួយគូ​ដាក់​ក្នុង​ស្រោម ស្រោម​កាំភ្លើងខ្លី​មួយ​ដោយមាន​កាំភ្លើងខ្លី​មួយ​ដើម​( ជ័រ ) វិទ្យុទាក់ទង​ចំនួន​ពីរ​គ្រឿង ស្រោម​បង់​កាំភ្លើងខ្លី​ចំនួន​ពីរ និង​ប័ណ្ណសំគាល់ខ្លួន​របស់​មន្ត្រី​នគរបាល​ជាតិ​មួយ​សន្លឹក ដោយមាន​ចុះហត្ថលេខា​ដោយ​លោកស្នងការ​នគរបាល​ក្រុង​ស ថេត ថែម​ទៀត​ផង ដោយ​បាន​បញ្ជាក់​ថា រូបគេ​មានឈ្មោះ ណុប រស្មី ភេទ​ប្រុស អាយុ២១​ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ជា​សមាជិក​ក្រុម​អន្តរាគមន៍​ពិសេស លេខ​៤៧១ ជំនាន់​ទី​២១ ក្រុម​បង្ក្រាប​ខ្នាត​ធំ ដោយមាន​សុពលភាព​រហូតដល់​ឆ្នាំ​២០១៨ ទើប​ផុតកំណត់។


នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​នេះ​បាន​សារភាព​ថា ការ​បោះពុម្ព​លើ​សម្លៀកបំពាក់​គឺ​ធ្វើ​ឡើង​​នៅ​ទីតាំង​បោះពុម្ព​ក្បែរ​ផ្សា​របឹង​ឈូក ដោយឡែក​ប័ណ្ណសំគាល់ខ្លួន គឺ​គេ​បាន​លួច​ច្នៃ​ធ្វើ​ដោយ​ខ្លួនឯង ដោយ​មិនបាន​ពិចារណា​ទើប​មាន​ការ​ខុស​ដូចជា លោកស្នងការ​ខេត្ត​ទៅជា​លោកស្នងការ​នគរបាល​ក្រុង​ទៅវិញ។


នៅ​ទីបំផុត ដោយ​យល់​ឃើញ​ថា ជន​នេះ​គឺ​ត្រូវជា​ក្មួយ​របស់​មន្ត្រី​នគរបាល​ចរាចរ​មួយ​រូប​ទើប​លោកស្នងការ សម្រេច​ឲ្យ​ធ្វើ​ការអប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដោយ​បាន​ដកហូត​នូវ​សម្ភារៈ​ទាំងអស់​រួច​ឲ្យ​វិលត្រឡប់​ទៅ​លំនៅ​ដ្ឋាន​វិញ៕


 T-12-01-15-ll-fullT-12-01-15-lll-full



ឃាត់ខ្លួន​ប៉ូលិស​ក្លែងក្លាយ​លួច​បន្លំ​ខ្លួន​ជា​ក្រុម​ខ្លាហោះ

Post a Comment

0 Comments

Close Menu