បន្ទាយមានជ័យ ៖ ក្រុមហ៊ុនឯកជនមួយដែលធ្វើសកម្មភាពកាយ និង ដឹកដីកំពុងបំផ្លាញផ្លូវនិងធ្វើឲ្យហុយលើពលរដ្ឋ រស់នៅសងខាងផ្លូវ ក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ពលរដ្ឋក្រុងប៉ោយប៉ែត ដែលរងផលប៉ះពាល់ដោយសាររថយន្តដឹកដី ចេញពីរណ្តៅមួយកន្លែងក្នុងសង្កាត់ផ្សារកណ្តាល បានលើកឡើងទៀតថា រណ្តៅដីដ៏ធំមួយកន្លែងដែលកំពុងតែធ្វើកម្មភាពជីកកកាយ ដឹកយកអាចម៍ដីលក់យ៉ាងសកម្មក្នុងភូមិទួលពង្រ មានម្ចាស់រណ្តៅដី ឈ្មោះ តាំង ភេងភាវ បានកំពុងតែជីកយ៉ាងជ្រៅ ហើយបង្កការបាក់ដីបន្តបន្ទាប់វាអាចបង្កជាគ្រោះថ្នាក់ដល់មនុស្ស រហូតដល់ពួកគាត់និយាយថា រដូវនេះគឺជារដូវបំផ្លាញផ្លូវថ្នល់ទៀតហើយ។ ដូចជាផ្លូវមួយខ្សែដែលស្ថាបនាឡើងដោយអង្គការហ្សូអា ពីភូមិប្រជាធម្មទៅភូមិអូរឫស្សី ត្រូវបានបំផ្លាញទាំងស្រុងមិនអាចធ្វើដំណើរបាន ដោយសារតែរថយន្តដឹកដី។
សូមបញ្ជាក់ថា ការជីកដីយកអាចម៍ដីលក់កន្លងមកលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានលុបបំបាត់មិនឲ្យមានការកាយដីភ្នំធ្វើអាជីវកម្ម រហូតដល់ក្រោយមកបានមានការកំណត់ឲ្យយកលុយ ពីរថយន្តដឹកដីដើម្បីរៀបចំសណ្តាប់ធ្នាប់ខេត្តក្រុង គេឃើញថា ក្រុមហ៊ុនបានបង្វែរពីការជីកដីភ្នំមកជាការជីកដីស្រែ ដែលទិញពីអ្នកស្រុកធ្វើអាជីវកម្មគ្រប់ទីកន្លែង។
ទាក់ទងនឹងការជីករណ្តៅដី និងការដឹកជញ្ជូនដីបង្កឲ្យខូចផ្លូវ និងប៉ះពាល់ដល់ពលរដ្ឋខាងលើលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានបញ្ជក់ឲ្យដឹងថា ពិតជាបង្កការខូចផ្លូវ និង ហុយដីលើពលរដ្ឋពិតមែនតែតែងឲ្យខាងក្រុមហ៊ុនដឹកដីបាញ់ទឹកស្រោច និង បានជួសជុលផ្លូវដែលរងការខូចខាតជាបណ្តើរៗ។ ដោយឡែកចំពោះរណ្តៅដីវិញដើមឡើយពិតជាមិនមានច្បាប់តែបច្ចុប្បន្នក្រុមហ៊ុនបានកំពុងរត់ច្បាប់ពុំដឹងថាបានឬនៅ។
ជាមួយគ្នានេះដែល លោក តាំង ភេងភាវ ម្ចាស់រណ្តៅដីក៏បានឲ្យដឹងដែរថា តាំងពីក្រុមហ៊ុន របស់លោកចាប់ផ្តើមកាយដីបានធ្វើផ្លូវ និង បានដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋមិនឲ្យពលរដ្ឋលំបាកឡើយ៕
រថយន្តដឹកដីពីររណ្តៅដីមួយកន្លែងកំពុងបំផ្លាញផ្លូវនៅក្រុងប៉ោយប៉ែត
0 Comments