ភ្នំពេញ ៖ អ្នកកាន់ផេកហ្វេកប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងម្នាក់ទៀត ជាជំនួយការផ្ទាល់របស់លោក ហុង សុខហួរ ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធការចូលរួមសមគំនិតក្នុងការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ឆ្នាំ១៩៧៩ ដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នេះបើយោងតាមដីកាចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។
ដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលចេញដោយ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ភេទប្រុស កើតថ្ងៃទី១៤ កុម្ភៈ ឆ្នាំ១៩៩០ សញ្ជាតិខ្មែរ តួនាទីជាអ្នកកាត់តវីដេអូ កាន់លិខិតឆ្លងដែនលេខ N00264599 កើតនៅភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៤៦២ បេ៥៧ មហាវិថីព្រះមុនីវង្ស ភូមិ និងសង្កាត់ដដែល ឪពុកឈ្មោះ ផឹង កោវិទ ម្តាយឈ្មោះ វ៉ាន់ យូដានី នៅលីវ ប្រវត្តិនៃការផ្តន្ទាទោសគ្មាន ត្រូវចោទពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០១៥ ដែលមានបញ្ញត្តិ និងផ្តន្ទាទោសតាមមាត្រា២៩ មាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
តាមដីកាបានសម្រេច ទី១, ឲ្យចាប់ខ្លួនឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ដែលមានអត្តសញ្ញាណខាងលើ និងទី២, បញ្ជាដល់កងកម្លាំងសាធារណៈឲ្យស្រាវជ្រាវចាប់ខ្លួន និងនាំខ្លួនខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ចំណែកដីកាទី២ ចេញដោយ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដូចគ្នា បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អ៊ឹង ជុងលាង ហៅ ម៉ាម់ ឬកូនជ្រូក យកមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ប៉ុន្តែតាមប្រភពព័ត៌មានពីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ជនសង្ស័យទាំងពីរនេះ ត្រូវបានរត់គេចខ្លួនទៅក្រៅប្រទេសអស់ហើយ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។
សូមបញ្ជាក់ថា ការចេញដីកាបង្គាប់ឈ្មោះខាងលើនេះ ពាក់ព័ន្ធការបង្ហោះសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ក្លែងក្លាយ និងវីដេអូឃ្លីបនៅលើផេក Facebook របស់លោក សម រង្ស៊ី ហើយការបង្ហោះនេះ ដែលជាដើមចម នាំទៅដល់ការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ហើយសំណុំរឿងនេះ ក៏មានការពាក់ព័ន្ធជាមួយក្រុមជំនួយការលោក ហុង សុខហួរ និងក្រុមបច្ចេកទេសកាន់ផេកលោក សម រង្ស៊ី ផងដែរ។
លោក ហុង សុខហួរ ត្រូវបានតុលាការបានចោទប្រកាន់ចំនួន៣ បទល្មើស គឺទី១, បទក្លែងឯកសារសាធារណៈ ទី២, បទប្រើប្រាស់ឯកសារក្លែងសាធារណៈ និងទី៣, បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់៣ បទល្មើសនេះ ដោយសារតែលោក ហុង សុខហួរ បានក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា និងវៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ បើតុលាការរកឃើញថា បានប្រព្រឹត្តមែន នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៥ ទៅ១០ ឆ្នាំ។
ទាក់ទងសំណុំរឿង លោក ហុង សុខហួរ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចូលខ្លួនឆ្លើយបំភ្លឺ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះផងដែរ ដើម្បីសាកសួរពីរឿងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ដូចគ្នា៕
តុលាការចេញដីកាចាប់ខ្លួនអ្នកកាន់ផេកហ្វេកប៊ុកលោក សម រង្ស៊ី និងលោក ហុង សុខហួរ
0 Comments