Ad Code

MCL 2015 ៖ គ្រូ​ណាហ្គា​វើ​ល នៅសល់ ៩០ នាទី​ទៀត​ក្នុង​ការ​វាយបក​វិញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ

លោក មាស ចាន់ណា គ្រូបង្វឹក​របស់​ក្រុម​ណាហ្គា​វើ​ល បាន​លើកទឹកចិត្ត​កូនក្រុម​មុន​មុន​ពេល​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២ ក្នុង​ពានរង្វាន់​លី​ក​មិត្ត​ហ្វូ​ន​ខេ​ម​ប​ឌា​ន​លី​ក​២០១៥ (Metfone Cambodian League 2015) បើ​ទោះ​ជា​កាលពី​ជើង​ទី​១ ក្រុម​លោក​បរាជ័យ​ក្រោម​ថ្វី​ជើងភ្នំ​ពេញ​ក្រោ​ន ដោយ​លទ្ធផល ២ ទល់ ០ ក៏ដោយ។


លោកគ្រូ​បង្វឹក​វ័យ​៣០​ឆ្នាំ​ប្លាយ​រូបនេះ​បាន​លើកឡើងថា​ «​យើង​នៅមាន​ពេល ៩០ នាទី​ទៀត​នៅក្នុង​ដៃ​សូមកុំ​អស់សង្ឃឹម ដូច្នេះ​សូម​បងប្អូន ត្រូវ​ខំ​ប្រមូល​អារម្មណ៍​ហ្វឹកហាត់​បន្តទៀត និង មាន​ទំនុកចិត្ត​ឡើង​។ ខ្ញុំ​នៅតែមាន​ជំនឿ​ចិត្ត​ថា បងប្អូន​នឹងធ្វើ​វា​បាន​»។


កាល​ប្រកួត​ជើង​ទី​១ នា​ល្ងាច​ថ្ងៃអាទិត្យ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ណាហ្គា​វើ​ល ២ ទល់ ១ ដែល ២ គ្រាប់​របស់​ភ្នំពេញ​ក្រោ​ន រកបាន​ដោយ​កីឡាករ Bisan Goerge នៅ​នាទី ៥០ និង​កីឡាករ Booysen Shane នៅ​នាទី ៩០​។ ណាហ្គា​វើ​ល ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ នៅ​វគ្គ​សន្សំ​ពិន្ទុ ហើយ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រុម​មួយ​នេះ​បានឈ្នះ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ បឹងកេត​អង្គរ ក្នុង​លទ្ធផល​សរុប​ទាំង​២​ជើង ៤ ទល់ ៣​។


និយាយ​ពី​លោក មាស ចាន់ណា ទើបតែ​ចូលកាន់​តំណែង​នៅ​រដូវ​កាល​នេះ​ប៉ុណ្ណោះ ប៉ុន្ដែ​កាលពីដើមឆ្នាំ ២០១៥ លោក​បាន​ជួយ​ក្រុម​ឱ្យ​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ពានរង្វាន់​សម្ដេច ហ៊ុន សែន (Hun Sen Cup) ឆ្នាំ​២០១៥ តែ​ត្រូវ​រក​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម​ម្ចាស់ផ្ទះ​ស្វាយរៀង​អែ​ហ្វ​ស៊ី​។ នេះ​ជា​លើក​ទី​២ ហើយ​ដែល​លោក​ដឹកនាំ​ក្រុម​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ សាជាថ្មី។


ក្រុម​លោក មាស ចាន់ណា កំពុង​ដឹកនាំ​កូនក្រុម​សំងំ​ហ្វឹកហាត់​លើ​ទីលាន​បាល់ទាត់​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប​។ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ជើង​ទី​២ រវាង​ក្រុម​ណាហ្គា​វើ​ល និង​ភ្នំពេញ​ក្រោន ក្នុង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​នេះ នឹងធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ សាជាថ្មី​នា​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ​២០១៥ ម៉ោង​៦​ល្ងាច ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍ BTV ផង​ដែរ៕


T-12-01-15-bb-full T-12-01-15-b-full



MCL 2015 ៖ គ្រូ​ណាហ្គា​វើ​ល នៅសល់ ៩០ នាទី​ទៀត​ក្នុង​ការ​វាយបក​វិញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ

Post a Comment

0 Comments

Close Menu