ភ្នំពេញ ៖ លោក George EDGAR ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ បានប្រគល់សារតាំងរបស់លោកជូនដល់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ហើយការប្រគល់ជូនសារតាំងនេះ គឺដើម្បីការបញ្ជាក់ពីការទទួលស្គាល់ជាផ្លូវការ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
ឯកឧត្តម George Edgar មិនមែនជាអ្នកមកថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ លោកបានបម្រើការងារនៅក្នុងប្រទេសកម្ពុជា ជាឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០០ ដែលនៅក្នុងរយៈពេលនោះ លោកបានស្គាល់ប្រទេសកម្ពុជាយ៉ាងច្បាស់ ហើយផ្ដល់ឲ្យគាត់នូវទឹកចិត្តគាំទ្រ ការស្ងើចសរសើរ និងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេសដ៏វិសេសនេះ។
លោកឯកអគ្គរដ្ឋទូត Edgar បានមានប្រសាសន៍ថា “ខ្ញុំមានកិត្តិយស និងមានសេចក្ដីរីករាយជាពន្លឹកដែល បានធ្វើជាតំណាងឲ្យសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ សហភាពអឺរ៉ុបគឺជាទីដៅនាំចេញ ធំបំផុតរបស់ប្រទេសកម្ពុជា និងជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមធម៌ ជាមួយនឹងកម្មវិធីសហប្រតិបត្តិការក្រោមការផ្តល់ជំនួយឥតសំណងចំនួន៤១០ លានអឺរ៉ូសម្រាប់ឆ្នាំ ២០១៤-២០២០។ ខ្ញុំសង្ឃឹមថា នឹងបានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា អង្គភាពធុរកិច្ច និងសង្គមស៊ីវិលនៅក្នុងឆ្នាំខាងមុខនេះ។
ស្ថានទូតបានបញ្ជាក់ថា មុនពេលចូលរួមបម្រើការងារក្នុងផ្នែកកិច្ចការបរទេស ដែលជាបេសកកម្មការទូតរបស់សហភាពអឺរ៉ុប និងដែលបានបង្កើតឡើងស្របតាមសន្ធិសញ្ញាលីសបោន (Lisbon) កាលពីខែធ្នូ ឆ្នាំ ២០១០ ឯកអគ្គរដ្ឋទូត Edgar បានធ្វើជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំសាធារណរដ្ឋអ៊ូបេគីស្ថាន (២០១២-២០១៥) ម៉ាសេដូនី អតីតសាធារណរដ្ឋយូហ្គោស្លាវី (២០១១-២០០៤) និងកម្ពុជាដូចបានរៀបរាប់ខាងលើ (១៩៩៧-២០០០)។ ឯកឧត្តម George Edgar បានរៀបការ និងមានកូនស្រីពីរនាក់។
លោកបានសិក្សាផ្នែកគណិតវិទ្យា និងទស្សនវិជ្ជានៅសកលវិទ្យាល័យ Cambridge ហើយបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកបរិស្ថាន គោលនយោបាយ និងសង្គមពីសកលវិទ្យាល័យ Open។ ក្រុមការងារទាំងមូលនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា សូមចូលរួមអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត Edgar៕
ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រគល់សារតាំងជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី
0 Comments