ភ្នំពេញ៖ បុរសម្នាក់ឈ្មោះសុខ សុផាត អាយុ៤៧ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលលេខ១៥០៧ ផ្លូវលំ ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីចូលទៅចាប់រំលោភស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរនៅក្នុងបន្ទប់ជួលនារីរងគ្រោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៤០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅបន្ទប់ជួលក្បែរជនសង្ស័យដែលត្រូវបានឃាត់ខ្លួន។
យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះវ.ស.ម ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកម្មករកាត់ដេរបានចេញបន្ទប់ជួលទៅរកបន្ទប់ទឹកនៅជាន់ក្រោម ដោយពុំបានចាក់សោទ្វារបន្ទប់ ឆ្លៀតពេលនោះជនសង្ស័យសុខ សុផាត ដែលមានបន្ទប់ជួលក្បែរនារីរងគ្រោះឃើញឱកាសហុចឲ្យក៏លបចូលទៅក្នុងបន្ទប់ជនរងគ្រោះស្លៀកតែខោលីអូទៅសំងំនៅកន្លែងព្យួរខោអាវ រួចនៅពេលដែលនារីរងគ្រោះចូលមកដល់ក្នុងបន្ទប់ចាក់គន្លឹះទ្វារឡើងលើគ្រែរៀបចំដេក ក៏ស្រាប់តែឈ្មោះសុខ សុផាត ស្ទុះទៅពោបពីលើរៀបចំផែនការរំលោភ ក៏ត្រូវនារីរងគ្រោះធាក់មួយជើង ប៉ុន្តែជនសង្ស័យមិនព្រមងើប ធ្វើឲ្យនារីរងគ្រោះប្រឹងយកជើងធាក់ជញ្ជាំងបន្ទប់ផ្អើលដល់អ្នករស់នៅក្នុងក្បែរបន្ទប់ចេញជួយអន្តរាគមន៍ និងចាប់ខ្លួនជនល្មោភកាមរូបនេះប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ចាត់ការទៅតាមផ្លូវច្បាប់។
នគរបាលប៉ុស្តិ៍បានបញ្ជាក់ថា ជនសង្ស័យសុខ សុផាត បានសារភាពថាខ្លួនពិតបានធ្វើសកម្ម ភាពប៉ុនប៉ងរំលោភជនរងគ្រោះប្រាកដមែន ដោយរូបគេបានលួចស្រឡាញ់នារីរងគ្រោះយូរណាស់មកហើយ តែមិនហ៊ានសុំស្នេហ៍នាង ដោយខ្លួនមានប្រពន្ធរួចហើយ ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះមានពាក្យបណ្តឹងពីជនរងគ្រោះផ្ទាល់ ដោយភាគីជនរងគ្រោះសុំឲ្យសមត្ថកិច្ចដាក់ទោសជនសង្ស័យដោយពុំលើកលែងឡើយ៕
បុរសក្បាលខូច ត្រូវប៉ូលិសឃាត់ខ្លួនពេលចូលទៅចាប់រំលោភស្ត្រីម្នាក់នៅបន្ទប់ជួលក្បែរគ្នា
0 Comments