Ad Code

ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស ដោយ​មិនទាន់​ស្គាល់​អំពី​សាវតារ​

បាត់ដំបង ៖ គ្រោងឆ្អឹង​មនុស្ស​ម្នាក់ ដែល​ស្ថិត​នៅ​ជាប់​នឹង​សម្លៀកបំពាក់​នៅឡើយ ព្រមទាំង​មាន​ជាប់​ស្បែក​ដ៏​ស្វិត​ក្រៀម​ដោយ​កន្លែង​ផង​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​លើ​ជួរ​ភ្នំ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ ដែល​ស្ថិតនៅ​ខាងក្រោយ​តំបន់ឧស្សាហកម្ម​មួយ ពោរពេញ​ដោយ​កម្មករ​ចម្រុះ​ជាតិ​សាសន៍។​


​ការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១​រសៀល​ត្រង់ចំណុច​លើ​ជួរ​ភ្នំ​ម៉ាក់​ភូត ខាងក្រោយ​តំបន់ឧស្សាហកម្ម​មួយ​កន្លែង ស្ថិត​ក្នុង​ស្រុក​ពួក​ដែង ខេត្ត​រៈ​យ៉ង ប្រទេ​ស​ថៃ ដោយមាន​ប្រជាពលរដ្ឋ​ថៃ ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ បាន​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ ដើម្បី​រក​វល្លិ ហើ​យ​ក៏បាន​ប្រទះឃើញ​សព​មនុស្ស​ម្នាក់​ដេក​ស្លាប់​ក្នុង​សភាព​ស្វិត​ក្រៀម​សល់​តែ​គ្រោងឆ្អឹង ទើប​មាន​ការ​ចុះ​ត្រួតពិនិត្យ​ពី​សំណាក់​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅក្នុង​តំបន់​នោះ​ផង​ដែរ។​


​តាម​ការ​អះអាង​ពី​ក្រុម​សមត្ថកិច្ច​ជំហាន​ដំបូង​បាន​និយាយ​ថា គ្រោងឆ្អឹង​សព​នេះ​គឺជា​មនុស្ស​ប្រុស ដោយមាន​ពាក់អាវ​ក្រឡា ស្លៀកខោ​ខោវប៊យ និង​មាន​ពាក់​នាឡិកា​មួយ​នៅ​ដៃ ដែល​មាន​ខ្សែ ​ពណ៌​ខ្មៅ​ធ្វើ​អំពី​ជ័រ និង​គ្មាន​ឯកសារ​ណាមួយ​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​ឡើយ។​


​បន្ទាប់ពី​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ នៅ​ជុំវិញ​បរិវេណ​ទីតាំង​កើតហេតុ​រួចមក សព​ត្រូវ​បាន​នាំ​យក​ទៅកាន់​មន្ទីរពិសោធន៍​របស់​ស្ថានីយ​តម្រួត​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ ដើម្បី​បន្ត​ធ្វើ​កោសល្យវិច័យ​ក្នុង​ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​អំពី​សាវតារ​របស់​ជន​រងគ្រោះ​រូប​នេះ​ថា ​តើ​ជា​ជន​ជាតិ​ខ្មែរ ថៃ ឬក៏​ភូមា រីឯ​មូលហេតុ​នៃ​ការ​ស្លាប់​ក៏​នៅ​មិនទាន់​មាន​អ្វី​មក​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ៕


29-12-2015e1



ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស ដោយ​មិនទាន់​ស្គាល់​អំពី​សាវតារ​

Post a Comment

0 Comments

Close Menu