កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន១៩១គ្រួសាររស់នៅតាមមាត់ទន្លេក្នុងភូមិចុងកោះ សង្កាត់កំពង់ ក្រុងកំពង់ឆ្នាំង ដែលរងផលប៉ះពាល់ក្នុងការអភិវឌ្ឍផ្លូវថ្នល់តាមមាត់ទន្លេផ្សារក្រោមនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានគណៈកម្មការចម្រុះខេត្តអញ្ជើញមកប្រជុំពិភាក្សា និងចរចាគ្នាក្នុងការសុំប្រាក់គោលនយោបាយក្នុងគម្រោងរុះរើលំនៅដ្ឋានពួកគាត់ទៅនៅទីតាំងថ្មី។
លោក រ៉េស ទីន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំងបានរាយការណ៍នៅក្នុងអង្គប្រជុំឲ្យដឹងថា តាមការប្រជុំរវាងប្រជាពលរដ្ឋ១៩១គ្រួសារ និងអាជ្ញាធរភូមិ និងសង្កាត់កន្លងមក ប្រជាពលរដ្ឋមានសំ ណូមពរ៣គឺ៖ ១. សុំបង្ហាញទីតាំងថ្មី ដែលគាត់ត្រូវទៅសាងសង់លំនៅដ្ឋានឲ្យបានច្បាស់លាស់ ២.សុំដោះស្រាយប្រាក់គោលនយោបាយរុះរើផ្ទះមាន៣ប្រភេទគឺ៖ ប្រភេទ១ផ្ទះធំ សុំ១៥០០ដុល្លារ ២.ផ្ទះមធ្យម១០០០ដុល្លា ៣.ផ្ទះតូច៥០០ដុល្លា និងសំណូមពរទី៣ ស្នើសុំឲ្យរៀបចំប្រព័ន្ធទឹក អគ្គិសនី នៅទីតាំងថ្មីជាមុនសិនចាំឲ្យប្រជាពលរដ្ឋរុះរើផ្ទះទៅនៅតាមក្រោយ។
ទាក់ទងនឹងសំណូមពរទាំង៣ខាងលើនេះ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត និងជាប្រធាន
គណៈកម្មការចម្រុះខេត្តបានថ្លែងឲ្យដឹងថា ចំពោះសំណូមពរទី១.ទីតាំងថ្មីដែលប្រជាពលរដ្ឋត្រូវទៅរស់នៅមាន២ទីតាំង គឺតាំងទី១មានចម្ងាយពី១០០ម៉ែត្រពីផ្សារថ្មីមានតម្លៃខ្ពស់បន្តិច ឯទីតាំងទី២មានចម្ងាយ៣០០ទៅ៤០០ម៉ែត្រពីផ្សារថ្មីមានតម្លៃថោក និងត្រូវបង់រំលោះយូរឆ្នាំ។ សំណូមពរទី២. ប្រាក់គោលនយោបាយជួយក្នុងការរុះរើផ្ទះ ក្រោយពីបានចរចាគ្នាចំនួន៣លើក ក្នុងអង្គប្រជុំមកអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋបានឯកភាពគ្នាថា៖ ទី១ផ្ទះធំដោះស្រាយជូន១៣០០ដុល្លារ ទី២ផ្ទះមធ្យម៩០០ដុល្លារ និងទី៣ផ្ទះតូច៤០០ដុល្លា។ សំណូមពរទី៣. ទីតាំងថ្មីគឺអាជ្ញាខេត្តនឹងធានារៀបប្រព័ន្ធទឹកភ្លើងជាស្រេចទើបឲ្យប្រជាពលរដ្ឋទៅរស់នៅ។ ចំណែកផ្លូវតាមមាត់ទន្លេត្រូវកសាងថ្មី ដែលមានទទឹងលើ១០ម៉ែត្រ អាចមានកម្ពស់៤ទៅ៥ម៉ែត្រខ្ពស់ផុតពីទឹកទន្លេឡើង។
ដោយឡែកលោក ស៊ុន សុវណ្ណរិទ្ធ បានបញ្ជាក់ឲ្យដឹងទៀតថា ផែនការផ្លាស់ប្ដូរទីតាំងផ្ទះប្រជាពលរដ្ឋតាមមាត់ទន្លេនេះគឺត្រូវអនុវត្តន៍រយៈពេល៥ឆ្នាំ គិតពីឆ្នាំ២០១៥ដល់២០១៩។ នៅក្នុងខែ១ និងខែ២ ឆ្នាំ២០១៦នេះ ខេត្តនឹងធ្វើផ្លូវបេតុងថ្មីប្រវែង៤០០ម៉ែត្រ ចេញពីចុងភូមិចុងកោះទៅផ្លូវជាតិលេខ
៥សង្កាត់ខ្សាម ដើម្បីយកយឿត្រី និងអ្នកលក់ឈើ ស្លឹក ពីងពុង ទៅដាក់នៅចុងភូមិចុងកោះតាមផែនការដែលបានគ្រោងទុក។ ចំណែកផ្ទះប្រជាពលរដ្ឋជាង៧០ខ្នងនៅខាងលិចផ្លូវលំក្នុងភូមិចុងកោះ និងផ្ទះប្រជាពលរដ្ឋភូមិកណ្ដាល១២ខ្នង ដែលមានផលប៉ះពាល់ដែរនោះ និងត្រូវដោះស្រាយជាបន្តបន្ទាប់ពេលក្រោយទៀត។
គណៈកម្មការចម្រុះខេត្តបានឲ្យដឹងទៀតថា អាជ្ញាធរខេត្តមានគម្រោងឲ្យក្រុមហ៊ុនវិនិយោគទុនរៀបចំដីអភិវឌ្ឍន៍ប្រមាណ៣០ហិកតា នៅជិតក្រុមហ៊ុន អានកូ ដើម្បីធ្វើផ្សារថ្មីជាង១ពាន់តូប និងរៀបចំដីប្រមាណ២០ហិកតាលក់បង់រំលោះជូនប្រជាពលរដ្ឋខ្មែរ ខ្មែរឥស្លាម និងវៀតណាម ជាង១០០គ្រួសារផ្លាស់ប្ដូរពីផ្ទះបណ្ដែតទឹក និងផ្ទះរស់នៅតាមមាត់ទន្លេមករស់នៅលើទីតាំងថ្មីនេះ ដែលផែនការរៀបចំនេះមានរយៈពេល៥ឆ្នាំ ដើម្បីអភិវឌ្ឍន៍មាត់ទន្លេផ្សារក្រោមជាង២គីឡូម៉ែត្រឲ្យក្លាយជាតំបន់ទេសចរណ៍ សម្រាប់លើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង៕
គណៈកម្មការចម្រុះខេត្តប្រជុំប្រជាពលរដ្ឋភូមិចុងកោះ១៩១គ្រួសារ ដើម្បីដោះស្រាយអភិវឌ្ឍន៍ថ្នល់តាមមាត់ទន្លេ
0 Comments