ជាទូទៅសម្រាប់ប្រាសាទភ្នំភាគច្រើននៅសម័យអង្គរបុព្វបុរសខ្មែរ បានសង់នៅលើភ្នំ ឬបើពុំមានភ្នំទេនោះក៏បានកសាងឡើងតាមរយៈការតម្រៀបថ្មឲ្យខ្ពស់ហៅថា ជាភ្នំសិប្បនិមិត្ត ឬជាភ្នំដោយសារការសន្មតនោះដែរ។ មិនតែប៉ុណ្ណោះគេបានចំណាំតែឃើញមានគូទឹកព័ទ្ធជុំវិញបរិវេណនៃប្រាង្គប្រាសាទនោះទៀតផង។ តើគូទឹក និងប្រាសាទបុរាណទាំងនោះមានអត្ថន័យយ៉ាងណាដែរ?
ចំពោះប្រាង្គប្រាសាទ និងគូទឹកនេះតែងបានកសាងឡើងតំណាងឲ្យទស្សនៈនៃលោកធាតុវិទ្យា ឬហៅថា ជាចំណេះវិជ្ជាដែលស្រង់ចេញពីធាតុពិតនៃលោកនេះតែម្តង។ ជាក់ស្តែងនៅក្នុងពេលនេះអ្វីដែលនៅខ្ពស់ជាងផែនដីគឺ ភ្នំហើយអ្វីដែលនៅទាបជាងផែនដីនៃមនុស្សរស់នៅនេះគឺ សមុទ្រ។ អ្វីដែលជាទីខ្ពស់ និងធ្វើជាទីទាបនេះវាជាគូនឹងគ្នាដូចពាក្យថា ទឹកនិងដីភ្នំនិងសមុទ្រជាដើម។
ម្យ៉ាងទៀតដោយស្របជាមួយនឹងទស្សនៈនៃព្រហ្មញ្ញ សាសនាបានបញ្ជាក់ថា នៅលើកំពូលភ្នំជាទីឋានដ៏ខ្ពង់ខ្ពស់នោះជាលំនៅដ្ឋានអាទិទេពគង់ប្រថាប់នៅដូចជាភ្នំព្រះសុមេរុ និងភ្នំកៃលាសជាដើម។ ដោយហេតុនេះហើយទើបដូនតាខ្មែរដែលមានភក្តីភាពដ៏ស្មោះស្ម័គ្រ និងមានការលើកតម្កើងព្រះអាទិទេពឲ្យបានខ្ពស់លើសពីមនុស្សនោះគឺ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ប្រកបដោយការសាមគ្គីគ្នា ពូតផ្តុំនូវបញ្ញាញាណក្នុងការកសាងប្រាសាទនៅលើកំពូលភ្នំ។ ទោះជាការសាងសង់មានការលំបាកយ៉ាងណាក៏ដោយក៏ដូនតាខ្មែរខំប្រឹងកសាងយកបុណ្យកុសលក្នុងការកសាងទេវវិមានទាំងនោះអោយបានសម្រេចយ៉ាងផ្ចិតផ្ចង់ជាស្ថាពរ។
ទស្សនៈបន្តបានយល់ឃើញថា បើប្រាសាទនោះតំណាងឲ្យភ្នំ ព្រោះឋិតនៅលើភ្នំនោះក៏ត្រូវមានអ្វីដែលជាគូ និងភ្នំគឺសមុទ្រនៅជិតគ្នានោះដែរ។ ដូចនេះទើបដូនតាបានកសាងគូទឹកព័ទ្ធជុំវិញបរិវេណប្រាសាទ។ការជីកគូទឹក ឬជាការលើកដីនេះដើម្បីយកអាចម៍ដីនោះទៅចាក់ក្នុងបរិវេណនៃសំណង់ប្រាង្គប្រាសាទអោយកាន់តែខ្ពស់ត្រដែតឡើង។ ការចាក់ដីបានខ្ពស់នេះក៏ជាជំនួយនៃការតម្កល់ថ្មដើម្បីរៀបឡើងលើលេចធ្លោឡើងមើលទៅទំនងដូចជាកូនភ្នំយ៉ាងនោះដែរ។ មានន័យថា អ្វីដែលជាទីទាបនោះបានប្រៀបធៀបទៅនឹងទីខ្ពស់ ឬទីខ្ពស់ដែលមានន័យទៅបានវាអាស្រ័យនឹងមានទីទំនាប។ ឧទាហរណ៍ មនុស្សទាបប្រៀបធៀបនឹងមនុស្សខ្ពស់ក៏ដូចជាអ្នកក្រប្រៀបធៀបជាមួយអ្នកមានអ្នកតូចប្រៀបធៀបជាមួយអ្នកធំយ៉ាងនោះដែរ។ បានសេចក្តីថា បើខ្ពស់ប្រៀបធៀបនិងខ្ពស់ ឬទាបប្រៀបធៀបនិងទាបនោះពិតជាពុំមានន័យអ្វីនោះទេ។ ហេតុនេះហើយទើបដូនតាបានធ្វើការប្រៀបធៀបប្រាសាទបុរាណទៅនឹងគូទឹកដែលតំណាងអោយសមុទ្រ និងភ្នំនោះ។ មិនតែប៉ុណ្ណោះបើធ្វើការសង្ខេបបន្តទៅទៀតគឺភ្នំតំណាងអោយទីគោកឯសមុទ្រតំណាងអោយទឹក។ ចំពោះទីគោកគឺតំណាងអោយដីហើយចំណែកខាងទីទំនាបនោះគឺ ជាទឹក ព្រោះទីនោះមានការដក់ទឹក។
លោកធាតុដែលបានបង្ហាញតាមបែបសាមញ្ញនេះដោយបំព្រួញខ្លីមកគឺដីនិងទឹក ឬទឹកនិងដីតែម្តងដែលតំណាងប្រាសាទ និងគូទឹកព័ទ្ធជុំវិញនោះ។ ទឹកនិងដីនេះពិតជាស្រីនិងភេទប្រុស ហ្នឹងឯង។ បានសេចក្តីថា ភេទស្រីលោកប្រៀបដូចទឹក ឯចំណែកភេទប្រុស គឺដី។ ការសម្គាល់ឃើញថា ទីកន្លែងណាដែលមានទឹក និងមានដីនេះវាជាប្រភពនៃសេដ្ឋកិច្ច ជាតិបានមកពីវិស័យកសិកម្មតែម្តង។ ឧទាហរណ៍ ដូចផលដំណាំនានា មានដំណាំស្រូវជាដើម តែងត្រូវការទឹកស្រោចស្រពទើបបានផលល្អ។ មានន័យថា ទឹកនិងដីនេះជាមូលដ្ឋាននៃការដាំដុះ ឬការបង្កបង្កើតភោគផលដែលដូនតាបានបញ្ជាក់ថា ទឹកនិងដីនេះជាប្រភពនៃការបង្កើតជីវិតក៏ប្រៀបដូចភេទប្រុស និងភេទស្រីដែលមានការបន្តពូជពង្សតៗគ្នាទៅលើផែនដីនេះមិនចេះដាច់យ៉ាងនោះដែរ។
ដោយឡែកចំពោះគូទឹកនិងប្រាង្គប្រាសាទបុរាណក៏ជាមជ្ឈមណ្ឌលនៃការបង្កើតជីវិតវប្បធម៌ជាតិឲ្យមានការរីកចម្រើននៃសង្គមខ្មែរបន្តតាំងពីបុរាណមកទល់នឹងបច្ចុប្បន្ននេះពិតប្រាកដ។ នេះជាអត្ថន័យដែលមានការស៊ីជម្រៅទៅតាមប្រពៃណីដូនតានៃការគោរពព្រះសិវលិង្គតម្កល់លើបល្ល័ង្កយោនីព្រះនាងឧមា ឬជាទឹកអង្គបំពងខ្ចីប្រកបដោយសិរីមង្គលយ៉ាងក្រៃលែងនៃលោកនេះពិតមែន៕
សំណង់ប្រាសាទ និងគូទឹកតំណាងឲ្យការបង្កើតជីវិត

0 Comments