ក្រចេះ ៖ ក្រុមយុវជនសហភាពសហព័ន្ធកម្ពុជាខេត្តដឹកនាំដោយលោក ខាន់ ប៊ុនសេង អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និង ជាអនុប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តក្រចេះ បានដឹកនាំក្រុមយុវជនរាប់សិបនាក់ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ដែលបានមកទឹកចិត្តចែករំលែកក្រុមយុវជនសហភាពសហព័ន្ធខេត្តនិងសប្បុរសជននានា ដើម្បីទៅប្រគល់ជួនដល់ដៃពលរដ្ឋរងគ្រោះពុលស្រា.សចំនួន៤០នាក់កំពុងសំរាកព្យាបាលជម្ងឺក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
ទឹកចិត្តសប្បុរសរបស់ក្រុមការងារយុវជនសហភាពសហព័ន្ធជួយដល់ពលរដ្ឋក្រីក្រដែលរងគ្រោះថ្នាក់ដោយករណីពុលស្រា.សបង្កការភ្ញាក់ផ្អើលទូទាំងប្រទេស បញ្ជាក់យ៉ាងច្បាស់ពីភាពទុក្ខលំបាកដែលកំពុងកើតឡើងលើក្រុមគ្រួសារពលរដ្ឋទីទាល់លំបាកដោយអាចជួយសម្រាល់ភាពវេទនាបានមួយគ្រាផងដែរ។
មួយវិញទៀតក៏បញ្ជាក់អំពីទឹកចិត្តស្រលាញ់មិនរើសអើងឋានៈមានក្របក្សពួកនិយមអ្វីនោះដែរ ជាពិសេសបានជួយគ្នាក្នុងគ្រាអាសន្ន បង្កើនការសាមគ្គីភាព រួមទាំងសិល្បៈនៃការចែករំលែករវាងអ្នកមានហូបទៅកាន់អ្នកមិនសូវសំបូរហូប។
លោក ខាន់ ប៊ុនសេង អនុប្រធានមន្ទីរការងារនិងជាអនុប្រធានក្រុមយុវជនសហភាពសហព័ន្ធខេត្តក្រចេះ បានលើកឡើងឲ្យដឹងថា ការដែលក្រុមយុវជនសហភាពសហព័ន្ធខេត្តនាំគ្នាយកសម្ភារៈបន្តិចបន្តួចទៅចែកជួនពលរដ្ឋរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដើម្បីជួយលើកនិងផ្តល់កម្លាំងចិត្តឲ្យពួកគាត់ប្រឹងប្រែងទទួលការព្យាបាលឆាប់ជាសះស្បើយពីអាការៈពុល និងដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តមានសង្ឃឹមក្នុងជីវិតរស់រានទៅកាន់ភូមិដ្ឋានប្រកបរបរចិញ្ចឹមជីវិតតាមសម្មាអាជីវោដូចធម្មតាវិញ។
លោកអនុប្រធានសហភាពសហព័ន្ធខេត្តបានទទូចស្នើសុំដល់សប្បុរសជនទូទាំងប្រទេស ដែលមានទឹកចិត្តសន្តោសប្រណីមេត្តាជួយដល់គ្រួសារសពជនរងគ្រោះនិងពលរដ្ឋដែលកំពុងរងគ្រោះដោយករណីពុលស្រា.សតាមទឹកចិត្តសទ្ធាជ្រះថ្លា ព្រោះថា ក្រុមពលរដ្ឋរងគ្រោះទាំងអស់នោះភាគច្រើនជាពលរដ្ឋក្រីក្រលំបាក។
គួរបញ្ជាក់បន្ថែមផងដែរថា ករណីពុលស្រា.ស និងសាច់ឆ្កែ នៅខេត្តក្រចេះបណ្តាលឲ្យមនុស្សស្លាប់រហូត ដល់២៣នាក់ហើយគិតមកដល់ថ្ងៃ១៤នេះ ដោយជនរងគ្រោះដែលកំពង់សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅសល់ចំនួន៤០នាក់។
ទាក់ទិននឹងករណីពុលស្រា.ស អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័ ចុះប្រតិបត្តិការណ៍គ្រប់បណ្តាភូមិឃុំ ដើម្បីបិទរាល់ទីតាំងផលិតស្រា.ស និងតូបលក់ដូរ ទាំងអស់ក្នុងខេត្ត ដើម្បីរង់ចាំលទ្ធផលត្រួតពិនិត្យរបស់ក្រសួង រកមូលហេតុនៃការស្លាប់ថា តើបណ្តាលមកពីមូលហេតុអ្វី៕
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះនាំយកអំណោយសង្គ្រោះប្រគល់ជូនដល់ដៃពលរដ្ឋពុលស្រា.សចំនួន៤០នាក់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត



0 Comments