ភ្នំពេញ ៖ ថ្មីៗនេះអតីតតារាសម្ដែង អ្នកនាងអម្ពរ ទេវី បានបង្ហាញវីដេអូខ្លីជាលើកដំបូងក្រោយពីស្នាដៃសម្ដែងរបស់នាង ត្រូវបានស្ថានីយទូរទស្សន៍ក្នុងស្រុកមួយធ្វើការប្រមូល ដើម្បីយកមកចាក់បញ្ចាំងជូនមហាជនទស្សនា។ នេះអាចចាត់ទុកជាការចាប់អារម្មណ៍មួយ ដែលខ្សែភាពយន្តចាស់ៗរបស់ អ្នកនាង អម្ពរ ទេវី និងលោក ទេព រិន្ទដារ៉ូ ដែលទទួលបានជោគជ័យក្នុងអំឡុងទសវត្សឆ្នាំ៩០ ត្រូវបានស្ថានីយទូរទស្សន៍មួយប្រកាសប្រមូលទិញទាំងអស់ ដើម្បីទុកត្រៀមចាក់ផ្សាយក្នុងពេលដ៏ខ្លីខាងមុខនេះ។ ខ្សែភាពយន្តខ្មែរទាំងនោះ គ្រោងនឹងបង្ហាញខ្លួនបន្តបន្ទាប់គ្នាស្របពេលនឹងចំណាត់របស់ក្រសួងព័ត៌មាន ត្រូវបានអនុវត្តឲ្យឈប់ចាក់ផ្សាយកម្មវិធីបរទេសនៅចន្លោះម៉ោងមាសគឺចាប់ពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០១៦នេះតទៅ។
អតីតតារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី ដែលបច្ចុប្បន្នអ្នកនាងកំពុងរស់នៅទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់គឺ កូនប្រុសបង ឈ្មោះ ភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះ ភិរុណ លក្ស្មីទេវី អាយុ៦ឆ្នាំ នោះ នាងបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់នាងកាលពីថ្មីៗនេះ ដោយបានថ្លែងពីក្តីរំភើបរីករាយជាមួយនឹងដំណឹងនេះ។
អ្នកនាង អម្ពរទេវី បានបញ្ជាក់ថា នាង សប្បាយចិត្តក្នុងការដែលស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ធ្វើការប្រមូលខ្សែភាពយន្ត ដែលនាង និងដៃគូសម្ដែង លោក ទេព រិន្ទដារ៉ូ យកមកចាក់បញ្ចាំងជាថ្មីសម្រាប់ទស្សនិកជនទស្សនា។ ក្នុងវីដេអូខ្លីរយៈពេលជិត៣នាទីនេះដែរ អ្នកនាងបានថ្លែងបដិសេធទៅនឹងដំណឹងដែលថា នាងទាមទារតម្លៃជាទឹកប្រាក់មួយខ្ពស់ក្នុងការអនុញ្ញាតឲ្យស្ថានីយទូរទស្សន៍យកស្នាដៃ ដែលនាងសម្ដែងទៅចាក់បញ្ចាំង ផ្ទុយទៅវិញនាងសាទរ ដែលស្នាដៃនេះត្រូវបានចាក់បញ្ចាំងរំលឹកឲ្យឃើញពីការសម្ដែងរបស់នាងជាច្រើនឆ្នាំមកហើយនោះ។
អ្នកនាង អម្ពរ ទេវី ក៏បានថ្លែងអំណរគុណនិងសាទរចំពោះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធដែលបានបន្តការខិតខំថែរក្សាលើកតម្កើងតម្លៃសិល្បៈខ្មែរ ពិសេសការធ្វើអន្តរាគមតម្រូវឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកធ្វើការចាក់បញ្ចាំងខ្សែភាពយន្តខ្មែរក្នុងម៉ោងមាស។ នាងរំពឹងដែរថា ខ្សែភាពយន្ត ដែលនាង និងសិល្បករជើងចាស់ដទៃទៀតបានចូលរួមសម្ដែងនឹងធ្វើឲ្យទស្សនិកជនសប្បាយរីករាយក្នុងការទស្សនា។
ដោយឡែកតារាសម្ដែងជើងចាស់ លោក ទេព រិន្ទដារ៉ូ វិញក៏បានអះអាងដែរថា នៅចុងទសវត្សឆ្នាំ៨០ និងក្នុងទសវត្សឆ្នាំ៩០ លោក និងអ្នកនាង អម្ពរ ទេវី បានសម្ដែងរឿងរួមគ្នាមិនតិចជាង៥០ទៅ៦០រឿងនោះទេ ដោយរឿងល្បីៗរួមមានរឿង «សម្ដីចុងក្រោយ»រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់»និង រឿង «ជើងមេឃដាច់ស្រយាល» ជាដើម។ តារាសិល្បៈរូបនេះបន្តថា លោកមានភាពរំភើបខ្លាំងណាស់ នៅពេលដឹងថា ទូរទស្សន៍ក្នុងស្រុកប្រមូលរឿង ដែលលោកសម្ដែងយកទៅចាក់បញ្ចាំងជូនទស្សនិកជនទស្សនានោះ។
អ្នករៀបចំកម្មវិធីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក ញាណ សុធី បានអះអាងថា ការពន្យារពេលរបស់ក្រសួងព័ត៌មានបានរុញឲ្យស្ថានីយទូរទស្សន៍របស់លោកមានពេលគ្រប់គ្រាន់ក្នុងការប្រមូលទិញភាពយន្តចាស់ៗ ដែលសម្ដែងដោយអ្នកនាងអម្ពរទេវី និង លោក ទេព រិន្ទដារ៉ូ កាលពីអតីតកាលត្រៀមយកមកចាក់ផ្សាយ។ ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នឹងបើកឆាកចាក់ផ្សាយខ្សែរឿង «សម្ដីចុង ក្រោយ»មុនគេ ដែលសម្ដែងដោយអ្នកនាង អម្ពរទេវី និងលោក ទេព រិន្ទដារ៉ូ៕
តារាជើងចាស់២ដួងបង្ហាញនូវក្តីរំភើប ក្រោយពីស្នាដៃសម្ដែងរបស់ខ្លួន ត្រូវបានទូរទស្សន៍ក្នុងស្រុកមួយ យកមកចាក់បញ្ចាំងម្ដងទៀត


0 Comments