Ad Code

ការវាយប្រហារ​របស់​រុស្ស៊ី​បាន​ជួយ​ក្រុម​ឧទ្ទាម​ស៊ី​រី​រំដោះ​បាន​តំបន់​ចំនួន​២០ ​ពី​ក្រុម ISIS

អ្នកនាំពាក្យ​យោធា​រុស្ស៊ី​បាន​និយាយ​ថា កងទ័ពអាកាស​របស់​រុស្ស៊ី​បាន​ជួយ​កងកម្លាំង​ប្រជាធិប​តេយ្យ​ស៊ី​រី​ ដើម្បី​រំដោះ​តំបន់​ចំនួន​២០​ពី​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ជុំវិញ​ទីក្រុង Raqqa ដែល​ជា​ទីតាំង​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​ក្រុម​ជ្រុលនិយម​មួយ​នេះ​។​


​ស៊ីរី​ដោយមាន​ជំនួយ​គាំទ្រ​ខាង​អាកាស​របស់​រុស្ស៊ី កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​បាន​ធ្វើ​ឲ្យ​មាន​ដំ​ណើរ​ការ​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​តំបន់ ​ដែល​គ្រប់គ្រង​ដោយ​ក្រុម IS នៅក្នុង​ប្រទេស​ស៊ី​រី​។​ នេះ​បើ​យោង​តាម​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​របស់​អគ្គសេនាធិការ​រុស្ស៊ី​លោក​ឧត្ដមសេនីយ៍ឯក Sergey Rudskoy។​


​លោក Rudskoy បាន​និយាយ​នៅ​ឯ​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង​មូ​ស្គូ​ថា “​ទាហាន​នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ ដែល​បញ្ជា​ដោយ​លោក Ayman Flyat el-Ganim ជាមួយ​ការ​គាំទ្រ​ពី​កង​ទ័ព​អា​កា​ស​របស់​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​លុក​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី Raqqa។​ លទ្ធផល​នៃ​ការ​វាយ​លុក​នេះ​បាន​បង្ហាញថា តំបន់​លំនៅ​ដ្ឋាន​ប្រមាណ​២០​ត្រូវ​បាន​រំដោះ​ពី​ក្រុម​បះបោរ IS”​។​


​ក្រុម​ឧទ្ទាម​ប្រឆាំង​គឺ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែតុលា ​ឆ្នាំ​២០១៥ ដែល​បាន​បង្រួបបង្រួម​ពួក​កងជីវពល​ឃឺ​ដ អារ៉ាប់ អាស៊ី​រី អា​មេ​នី និង​តឺ​ក​។​


​លោក Rudskoy បាន​បន្ថែម​ទៀត​ថា ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​បាន​កម្ទេច​នូវ​គោលដៅ​របស់​ក្រុម​សកម្មប្រយុទ្ធ​នេះ​ចំនួន​៥៥៦​គោលដៅ​ក្នុង​ការ​ចេញ​វាយឆ្មក់​១៦៤​ជើង​ ដែល​បាន​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃទី​២៥ ​ខែធ្នូ​មក​។​ គោលដៅ​ដែល​វាយប្រហារ​បាន​ជោគជ័យ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​“​ខេត្ត Aleppo, Idlib, Latakia, Hama, Homs, Damascus, Deir ez-Zor, និង Raqqa”​។​



តំបន់​សុវត្ថិភាព​ត្រូវ​បាន​គេ​ពង្រីក​គួរ​ឲ្យ​កត់សម្គាល់​នៅ​ជុំវិញ​ព្រលាន​យន្តហោះ Qaris ក្នុង​ខេត្ត Alep​po។



លោក Rudskoy បាន​កត់​សម្គាល់​ឃើញថា យុទ្ធសាស្ត្រ​នៃ​ការ​ទាក់​ទាញ​ការ​គាំទ្រ​ពី​ក្រុមប្រឆាំង​ក្នុង​តំបន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាន់​កាប់​របស់​ក្រុម IS កំពុង​ទទួល​បាន​ផ្លែផ្កា​។​



លោក​បាន​អះអាង​ថា “​យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​ជ្រើសរើស​ ដោយ​ពួក​យើង​ និង​មាន​គោលបំណង​រា​រាំង​បណ្ដាញ​ហិរញ្ញវត្ថុ​របស់​ក្រុម​ភេរវកម្ម​ ហើយ​ការ​ទាក់​ទាញ​ក្រុមប្រឆាំង​ដែល​ស្នេហា​ជាតិ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវ​ករ​នេះ​គឺ​កំពុង​បង្ហាញ​ពី​លទ្ធផល​។ យើង​មានបំណង​បន្តការងារ​របស់​យើង​ក្នុង​គោលបំណង​ ដើម្បី​បង្រួបបង្រួម​កងកម្លាំង​ទាំងអស់​ ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​រំដោះប្រទេស​ស៊ី​រី​ពី​ពួក​ភេរ​វករ​អន្តរជាតិ​”​។​



ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ កងទ័ព​អារ៉ាប់​ស៊ី​រី​បាន​ធ្វើ​ការ​វាយលុក​នៅ​ភាគ​ខាងជើង​ និង​ភាគ​ខាង​កើ​ត​នៃ​ខេត្ត Latakia៕


RT




ការវាយប្រហារ​របស់​រុស្ស៊ី​បាន​ជួយ​ក្រុម​ឧទ្ទាម​ស៊ី​រី​រំដោះ​បាន​តំបន់​ចំនួន​២០ ​ពី​ក្រុម ISIS

Post a Comment

0 Comments

Close Menu