ភ្នំពេញ ៖ សមាជិក សមាជិកាចលនាយុវជនកម្ពុជា ក្រុម១៥៧ និងសប្បុរសជននានា នៅទូទាំងរាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមបរិច្ចាគឈាម នៅសកលវិទ្យា ល័យភ្នំពេញអន្តរជាតិ (PPIU) ដើម្បីជួយសង្គ្រោះដល់អាយុជីវិតអ្នកដែលត្រូវការឈាមជាចាំបាច់។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ការ ទទួលអំណោយ ឈាមកំពុងបន្តធ្វើនៅសាកលវិទ្យាល័យ PPIU ហើយអំណោយទទួលបានកាលពីថ្ងៃទី២៨ ខែធ្នូ ទទួលបាន ៣៦៤កំប្លោក។ លោកបន្តថា ការចូលរួមសហការរបស់ស្ថាប័ន អង្គភាព វិស័យឯកជនទាំងអស់ តាមរយៈការអប់រំ បូកបញ្ចូលជាមួយសិល្បៈ ដូចនៅ PPIU នេះ បានធ្វើឲ្យនិស្សិត និងយុវជន ប្រជាពលរដ្ឋទូទៅចូលរួម និងគាំទ្រកាន់តែច្រើនឡើង។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមថ្លែងអំណរគុណជាអនេក ចំពោះ សកលវិទ្យាធិការ នៃសកលវិទ្យាល័យភ្នំពេញអន្តរជាតិ, ប្រធានចលនាយុវជនកម្ពុជា ក្រុមទី១៥៧, លោក ព្រាប សុវត្ថិ តារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា និងក្រុមសិល្បៈករទាំងអស់ ព្រមទាំងវិស័យឯកជនទាំងអស់ មានក្រុមហ៊ុន NCV Vital ផងដែរ។
លោក ហុក គឹមចេង បានបញ្ជាក់ថា ដោយសារការចូលរួមចំណែកទាំងអស់គ្នា ទើបធ្វើឲ្យយើងទទួលបានអំណោយឈាមដ៏ច្រើន ក្នុងថ្ងៃទី២៨-២៩ធ្នូនេះ ហើយនេះគឺជាយុទ្ធនាការដ៏ធំនៅក្នុងបំណាច់ឆ្នាំ២០១៥នេះ។ ជាមួយគ្នានោះ លោកសូមថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលបានបរិច្ចាគឈាមនាពេលកន្លងមក និងបន្តការបរិច្ចាកបន្តទៀត និងសូមជូនពរដល់សប្បុរជនទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ចូលឆ្នាំសាកល ២០១៦ខាងមុខនេះ សូមឲ្យមានសេចក្តី សុភមង្គលគ្រប់គ្នា។
លោក ម៉ឹង ពន្លក បានចាត់ទុក ការផ្តល់ឈាមពិតជាមាន សារៈសំខាន់ណាស់ ដើម្បីយកទៅសង្គ្រោះជីវិត ហើយលោកក៏តែងតែអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋ ទាំងអស់ចូលរួមបរិច្ចាគឈាមឲ្យបានទាំងអស់គ្នា។ ជាមួយគ្នានោះដែរ ក្រុមយុវជន ១៥៧ ក៏នឹងបន្តបរិច្ចាគ ឈាមឲ្យបានជារៀងរាល់ឆ្នាំផងដែរ។ លោក ម៉ឹង ពន្លក បានបន្តថា ជីវិតរបស់មនុស្ស យើងគឺរស់ បានដោយសារឈាម។ ឈាមមានសារៈសំខាន់ ណាស់ សម្រាប់មនុស្ស ហើយការបរិច្ចាគឈាម គឺបានផ្តល់ជីវិត និងក្តីសង្ឃឹមដល់អ្នកដទៃ៕
ក្រុម១៥៧ និងសប្បុរសជន នៅទូទាំង រាជធានី-ខេត្តចូលរួមបរិច្ចាគឈាម
0 Comments