ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបញ្ជាក់ថា ដើម្បីលើកកម្ពស់ និងសេរីភាពកុមារនៅទូទាំងប្រទេស និងលើពិភពលោកនោះ យើងត្រូវរួមគ្នាទប់ស្កាត់គ្រោះ និងភាពងាយរងគ្រោះលើកុមារ ស្របតាមប្រធានបទទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១ មិថុនា គឺទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព សម្រាប់កម្មករ និយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារពិតជាមានអត្ថន័យសមស្របតាមសភាពការណ៍នៅកម្ពុជា។ ពលកម្មកុមារ គឺជាបាតុភូតសង្គមដ៏ស្មុគស្មាញដែលមានទំនាក់ទំនងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ចសង្គមកម្ពុជា និងឥរិយាបថសហគមន៍ និងគ្រួសារ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ខណៈលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារអន្ដរជាតិ ១ មិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៨។
លោកជំទាវ ម៉ែន សំអន បានថ្លែងបញ្ជាក់ថា ភាពក្រីក្រ និងការយល់ដឹងរបស់សហគមន៍ដែលមានកម្រិតទាប គឺជាមូលហេតុចម្បងដែលនាំឱ្យមានពលកម្មកុមារ។ ម្យ៉ាងទៀត ក្រុមគ្រួសារក្រីក្រដែលខ្វះធនធាន ខ្វះជំនាញ មានការអប់រំទាប និងមានប្រាក់ចំណូលតិច ជាមុខសញ្ញាក្នុងការប្រើប្រាស់ពលកម្មកុមារ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដោយសារមូលហេតុនេះ គេសង្កេតឃើញពលកម្មកុមារនៅតែមានក្នុងតំបន់មួយចំនួននៅកម្ពុជា។
លោកជំទាវ ម៉ែន អំអន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហាអាទិភាពមួយដ៏ធំបំផុតក្នុងចំណោមអត្ថិភាពជាច្រើនទៀត។ ដើម្បីចាត់វិធានការឱ្យមានប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ដោយផ្តោតលើគោលការណ៍ចម្បង ៣ គឺ៖ ការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឱ្យកុមារទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មកុមារទៅក្នុងសង្គម។ កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្ត្រី និងកុមារ។ លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ។
លោក ជំទាវ ម៉ែន សំអន បានថ្លែងបញ្ជាក់បន្ថែមថា ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានអនុម័តផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ (២០១៦ -២០២៥ ) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាផែនទីបង្ហាញផ្លូវ និងជាឯកសារបច្ចុប្បន្នកម្មទៅលើផែនការសកម្មភាពជាតិ ស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ (២០០៨-២០១២)។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ផែនការសកម្មភាពជាតិ បទដ្ឋានច្បាប់ បទប្បញ្ញត្តិទាំងឡាយដែលពាក់ព័ន្ធនឹងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តអនុសញ្ញា នៃអង្គការពលកម្មកុមារ និងសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments