អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប គឺ វង្ស ណយ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ និង ចាន់ ចំរើន អ្នកប្រដាល់ក្លិបនិរោធមានជ័យ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ លើសង្វៀនបាយ័នបឹងស្នោ នារសៀលថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨ នេះ។ វង្ស ណយ គេនឹងត្រូវជួបប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃ Saengpetch Arjarn. Smilar។ ពួកគេទាំងពីរនឹងជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧០ គីឡូក្រាម។ Saengpetch គេមិនធ្លាប់ដែលមកប្រកួតនៅស្រុកខ្មែរទេកន្លងមក។ អ្នកប្រដាល់ថៃរូបនេះ បើតាមការអះអាងពីអ្នកដឹកនាំគេមកប្រកួតនោះថា Saengpetch នេះជាជើងខ្លាំងមួយរូបដែរនៅស្រុកថៃ ដែល វង្ស ណយ មិនអាចមើលស្រាលបានឡើយ។
យ៉ាងណា វង្ស ណយ លើកនេះគេបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការឡើងប្រកួតជាមួយ Saengpetch នេះ។ វង្ស ណយលើកនេះអាចថាគេមានការប្រុងប្រយ័ត្នជាងមុន ដែលធ្វើអោយអ្នកប្រដាល់ថៃពិបាកសង្ឃឹមឈ្នះដែរ ព្រោះបើធៀបជាមួយប្រវត្តិប្រកួតរបស់ វង្ស ណយ ដែលមានកំណត់ត្រាប្រកួតរហូតដល់១៨៨លើក ឈ្នះ១២៥លើក ចាញ់៥៨លើក និងស្មើ៥លើកនោះ។
ទោះជាយ៉ាងនេះក្តី វង្ស ណយ មិនអាចមើលងាយ Saengpetch បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះទោះបីជាមិនដឹងថាគេមានប្រវត្តិប៉ុន្មានលើកក្តី ក៏អ្នកប្រដាល់ថៃរូបនេះមិនសាមញ្ញដែរ ព្រោះគេហ៊ានឆ្លងដែនមកជួប វង្ស ណយ ហើយបញ្ជាក់ថាគេមិនអន់នោះទេ។ ចាំមើល វង្ស ណយ អាចយកឈ្នះ Saengpetch នេះបានដែរឬអត់?។ វង្ស ណយ គេប្រកួតចុងក្រោយនេះវាយចាញ់អ្នកប្រដាល់ថៃ Khamlaipetch Phakthungchai ដោយពិន្ទុ កាលពីថ្ងៃទី១៨ ឧសភា កន្លងមកនេះ។ ចំពោះ ចាន់ ចំរើន អ្នកប្រដាល់ក្លិបនិរោធមានជ័យវិញ គេនឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃ Deth Jitmuengnon ដោយប្រកួតគ្នាក្នុងទម្ងន់ ៦០ គីឡូក្រាម។ ចំរើន គេធ្លាប់ប្រកួតជាមួយថៃ ៨ លើកកន្លងមកនេះ គឺឈ្នះ៥លើក ចាញ់២លើក និងស្មើ០១លើក។
Deth Jitmuengnon ដែលជាគូរបស់ ចាន់ ប៊ុនហឿន នេះធ្លាប់មកប្រកួតនៅកម្ពុជាប៉ុន្មានលើកហើយកន្លងមក។ អ្នកប្រដាល់ថៃនេះ ជាជើងខ្លាំងទម្ងន់ ៦០ គីឡូក្រាមប្រចាំនៅស្រុកថៃ។ ចាន់ ចំរើន គេមានប្រវត្តិប្រកួតចំនួន៥៤លើក ឈ្នះ៤៤លើក និងចាញ់០៨លើក និងស្មើ០១លើក។ ចំរើន គេមានថ្វីកែងនិងជង្គង់ល្អណាស់ តែយ៉ាងណាការឈ្នះចាញ់រវាង ចាន់ ចំរើន និង Deth Jitmuengnon នេះពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ?។
ដោយឡែកសម្រាប់ការប្រកួតគូពិសេសខ្មែរនិងខ្មែរវិញ ម៉ន វណ្ណី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រូវគេផ្គូអោយជួបប្រកួតជាមួយ ចៅ រស់ អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ដោយប្រកួតក្នុងទម្ងន់ ៥៤ គីឡូក្រាម។ ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។ ដូច្នេះលើកនេះមិនដឹងថា ម៉ន វណ្ណី អាចយកឈ្នះ ចៅ រស់ បានឬអត់នោះទេ?។
ចំណែក លន់ សៀកឡេង អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ក៏នឹងជួបប្រកួតជាមួយ សំណាង សម្បត្តិ អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ។ ពីរនាក់នេះប្រកួតក្នុងទម្ងន់ ៥៧ គីឡូក្រាម។ លន់ សៀកឡេង ជាអ្នកប្រដាល់ជើងថ្មី ឯ សំណាង សម្បត្តិ ជាអ្នកប្រដាល់ចាស់វស្សា។ ចាំមើល រវាង លន់ សៀកឡេង និង សំណាង សម្បត្តិ តើនរណាជាអ្នកឈ្នះនោះទេ?៕
Source: Kampuchea Thmey Daily
0 Comments