Ad Code

អភិបាល​រាជធានីជំ​រុញអោយ​អាជ្ញាធរ​ខណ្ឌ និង​មន្ទីរពាក់ព័ន្ធ​ ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋទៅចូលរួម​បោះឆ្នោតអោយ​បាន​គ្រប់គ្នា​



ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ ​លោក​ ឃួ​ង ស្រេង​ បាន​ជំ​រុញអោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១២ ​និងមន្ទីរ​ពាក់ព័ន្ធ ត្រូវធ្វើ​ការផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោតអោយ​បាន​គ្រប់គ្នា ដើម្បី​បំពេញ​សិទ្ធិ ឬក៏​ការប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប​ក្នុងការ​បោះឆ្នោត​។ការ​ជំរុញ​បែបនេះ ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៣០ ឧសភា ​២០១៨ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការឯកភាព​រា​ជ​ធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ ឃួ​ង ស្រេង ប្រធានគណៈបញ្ជាការឯកភាព​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក​ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ ជួន សុវណ្ណ​ ស្នងការ​រាជធានី​ភ្នំពេញ ប្រធានសាលាដំបូង​រាជធានី អភិបាលខណ្ឌ​ទាំង​១២ ព្រមទាំង​មន្ទីរ​ចំណុះអោយ​រដ្ឋបាល​រាជធានីភ្នំពេញ​ទាំងអស់​ផងដែរ​។លោក ​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មានក្រោយបញ្ចប់​កិច្ចប្រជុំនេះ​ថា ក្នុង​កិច្ចប្រជុំ​នោះ គឺ​លោក​អភិបាល​បាន​ណែនាំ​ដល់អាជ្ញាធរ​ខណ្ឌ​ទាំង​១២ រួម​នឹង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចុះ​រៀបចំ​សណ្តាប់​ធ្នាក់​ចាប់តាំងពីពេលនេះ​តទៅ​រហូត​ដល់ពេល​បោះឆ្នោត ​និង​បាន​ជំរុញ​អោយ​អាជ្ញាធរ​ខណ្ឌ មន្ទីរពាក់ព័ន្ធ​ ធ្វើការ​ផ្សព្វផ្សាយអោយ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​សិទ្ធិ ឬក៏ការប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប​ក្នុងការ​បោះឆ្នោត​។

ក្នុង​កិច្ចប្រជុំ​នោះ​ លោក​ ឃួ​ង ស្រេង ​ក៏បាន​លើកឡើង​ដែរ​ថា កំណាត់​ផ្លូវ​១១​ខ្សែ ដែល​អាជ្ញាធររាជធានី ប្រគល់​សិទ្ធិ​រៀបចំ​អោយ​អាជ្ញាធរ​​ខណ្ឌ​អ្នកទទួលខុសត្រូវនោះ ឃើញថាមានវឌ្ឍនភាព​ល្អប្រសើ​រហើយ លើកលែងតែ​ទីតាំង​មួយចំនួនពិបាក​ក្នុងកា​រៀបចំ ដូចជានៅតាម​ផ្លូវ​២៧១ ម្តុំ​មុខ​ពេទ្យរុស្ស៊ី ផ្លូវ​សហព័ន្ធរុស្ស៊ី ខាងមុខ​ក្រសួង​ការងារ និង​នៅតាម​បណ្តាទីតាំង​អាជីវកម្ម​មួយចំនួន។

លោក​បាន​បញ្ជាក់ថា ម្ចាស់​អាជីវកម្ម​ទាំងនោះ​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​ក៏​នៅមានប្រជាពលរដ្ឋ​មួយចំនួនទៀត មិនទាន់បាន​សហការ​បានល្អ​នូវឡើយ​ដែរ។ ពាក់ព័ន្ធ​នឹងការងារ​នេះ ថ្នាក់ដឹកនាំ​ក៏បាន​ពិគ្រោះ និង​ពិភាក្សាគ្នា ដោយ​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​លើការងារ​សណ្តាប់ធ្នាប់​នេះ​បន្ថែមទៀត ជាពិសេស​នៅលើ​ទីតាំង​ដែលមាន​ការកកស្ទះ​ខ្លាំង។ ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​ចោរកម្ម លួច ឆក់​ប្លន់ ល្បែងស៊ីសង និង​បញ្ហា​អគ្គិភ័យ ក៏បានលើកយក​មក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នោះដែរ ខណៈដែលបទល្មើស​ទាំងនេះ​មានការ​ថមថយល្អប្រសើរ​ជាង​មុន។

លោក​ ឃួ​ង ស្រេង បញ្ជាក់ថា ការ​ថមថយ​បទល្មើស​ទាំងនេះ ​ក៏​ដោយសារតែ​ទាំង​សមត្ថកិច្ច​ ​រួមអាជ្ញាធរ​មូលដ្ឋាន រួមគ្នា​រឹតបន្តឹង​ការងារ​សន្តិសុខ​បានល្អ​ប្រសើរ។ ​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​ លោកអភិបាល​ក៏​នៅតែ​ជំរុញ​អោយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​បន្ត​ការយកចិត្តទុកដាក់​អោយ​បាន​ខ្ពស់បន្ថែមទៀត ដើម្បី​ផ្តល់នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសើរឡើង​។ ចំណែក​បញ្ហា​គ្រោះ​អគ្គិភ័យ ដែលជា​គ្រោះ​កើតឡើង​ដោយ​ចៃដន្យ គ្មាន​គ្រោងទុក ឬ​គ្មាននរណាម្នាក់​ចង់​ឲ្យ​កើតឡើង​នោះ ឃើញថាមួយរយៈ​ចុងក្រោយ​នេះ​បញ្ហា​គ្រោះ​អគ្គិភ័យ​តូចៗបាន​កើតឡើង​ច្រើនលើក​។ ប៉ុន្តែ​អាជ្ញាធរ​ និង​សមត្ថកិច្ច​របស់​យើង​ចេញ​ជួយ​អន្តរាគមន៍​បានទាន់ពេល និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។ មានន័យថា នៅពេលអគ្គិភ័យ​កើតឡើង ចំណាត់ការ​របស់​អាជ្ញា​ធរមាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន និង​បានលុបបំបាត់​ការនិយាយ​មិនល្អ​ចំពោះ​ក្រុម​អគ្គិភ័យ​ទៀត​។

ចំពោះ​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់ លោក​អភិបាល​បាន​ណែនាំ​ឲ្យ​បន្ត​យកចិត្តទុកដាក់បង្ក្រាបអោយ​អស់ពី​មូលដ្ឋាន។ ដោយឡែក​ទីតាំង​ខ្លះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវក៏ត្រូវ​តែ​ចុះ​អនុវត្តន៍​ដែរ ដើម្បី​អោយដឹងថាពួកគាត់​អនុវត្តន៍​បាន​ត្រឹមត្រូវ​ដែរឬទេ ជៀសវាង​អនុវត្ត​មានតែក្នុង​ក្រដាស ប៉ុន្តែ​ភាពជាក់ស្តែង​មិនមាន​ភាពត្រឹមត្រូវ​នោះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu