ភ្នំពេញ ៖ បន្ទាប់ពីមេឃភ្លៀងរលឹមស្រិចៗ មិនដឹងជាកាប៊ីនភ្លើងទាំងនោះមានបញ្ហាអីទេ ទើបបានជាទុស្សេឆេះបន្ដគ្នាពីបង្គោលមួយទៅបង្គោលមួយបែកផ្កាភ្លើងព្រាកៗ មើលទៅហាក់ដូចជាគេបាញ់កាំជ្រួចក្នុងកម្មវិធីបុណ្យអុំទូកចឹង បង្កឲ្យខូចខាតដាច់ខ្សែភ្លើង និងឆេះកាប៊ីនភ្លើងជាច្រើន ហើយប្រជាពលរដ្ឋបាននាំគ្នាចាកចេញពីក្នុងផ្ទះ ព្រោះខ្លាចឆ្លងចរន្ដឆេះដល់ក្នុងផ្ទះពួកគាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅខាងក្រោយរោងចក្រ ឃ្យូអឹមអាយ (QMI) តាមបណ្តោយផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមេឃមានភ្លៀងរលឹមស្រិចៗ បន្ទាប់មកស្រាប់តែមានអណ្តាតភ្លើងឆេះព្រាកៗផ្ដើមចេញពីបង្គោលភ្លើងប្រអប់លេខ P284,302 ទៅប្រអប់បង្គោលភ្លើងលេខ P284,220 និងរាលដាលទៅប្រអប់បង្គោលភ្លើងលេខ P284,220 ដោយឆេះដាច់ខ្សែភ្លើងរាយប៉ាយនៅនឹងដី និងឆេះផ្ទុះលាន់ឮដូចគេបាញ់កាំជ្រួចនៅពេលបុណ្យអុំទូកអញ្ចឹង ហើយប្រជាពលរដ្ឋមានកាភ័យខ្លាចក៏នាំគ្នារត់ចេញពីផ្ទះរៀងៗខ្លួន អ្នកខ្លះបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រើនបំពង់តែមិនរលត់ ហើយនាំគ្នារត់ចេញពីបង្គោលភ្លើងអស់ទៅ។

ប្រភពបន្ដថា ភ្លាមៗនោះដែរសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ៣ បានទៅដល់កន្លែងកើតហេតុ ដោយឃើញសភាពបែបនេះ បានរាយការណ៍ប្រាប់ទៅជំនាញអគ្គិសនី ដើម្បីផ្តាច់ភ្លើងភ្លាមៗផងដែរ នៅសល់បន្តិចបន្តួចគេបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់បន្ថែម រហូតដល់រលត់ជាស្ថាពរ។ ហេតុការណ៍នេះ ធ្វើឲ្យប្រជាពលរដ្ឋអត់ភ្លើងប្រើពេញមួយយប់ទៅហើយ តែយ៉ាងណាចាត់ទុកថាសំណាងដែរ ដោយសារមិនបង្កឲ្យឆេះលំនៅឋានរបស់ពួកគាត់ ហើយផ្នែកជំនាញក៏បានញាប់ដៃញាប់ជើងក្នុងការតបណ្ដាញឡើងវិញផងដែរ៕

Source:
Kampuchea Thmey Daily
0 Comments