ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះម៉ៅ ច័ន្ទរស្មីអាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៤អ៊ឺ ផ្លូវ ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានតួនាទីជាអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅឋាន ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយដកអាវុធខ្លី ភ្ជង់គំរាម មកលើសមត្ថកិច្ចនគរបាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង១៧និង១០នាទី នៅចំណុច មុខខ្លោងទ្វារវិទ្យាល័យ ផ្សារដើមថ្កូវខាងត្បូង ផ្លូវ ៤៨៨ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបញ្ជូនមកដល់តុលាការហើយ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរជនសង្ស័យនៅឡើយពាក់ព័ន្ធករណីមានកាំភ្លើងខ្លីបង្កការភ័យខ្លាចដល់អ្នកដទៃ និងបង្កគ្រោះថ្នាក់ចរាចរ។
កាលពីថ្ងៃទី២៥ ខែមិថុនា នៅមុខវិទ្យាល័យផ្សារដើមថ្កូវ បុរសឈ្មោះ ម៉ៅ ច័ន្ទរស្មី បានបើករថយន្ដរបស់ខ្លួនម៉ាក toyota higlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF9766 បុកគូថរថយន្តមួយគ្រឿងផ្សេងទៀតម៉ាក toyota prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT1914 ដែលបើកបរដោយឈ្មោះ ហ៊ុន សំសែនឧត្តម ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ដែលបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច តែពេលនោះ ជនសង្ស័យពុំបានចុះពីលើរថយន្តមកដោះស្រាយទេ រួចដេកលក់នៅក្នុងរថយន្ដតែម្ដង ដោយសារគាត់ស្រវឹងជោកជាំពេក។
បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ និងដោយបានការសំណូមពរពីខាងភាគីម្ខាងទៀត នគរបាលយើង បានគោះ កញ្ចក់ រថយន្ត ជនបង្ក តែពេលនោះស្រាប់តែ ជនបង្ក បានដកអាវុធខ្លីមួយដើមម៉ាកBeretta ពណ៌ទឹកប្រាក់ ភ្ជង់មកលើសមត្ថកិច្ចនគរបាលយើង រួចបើករថយន្តគេចខ្លួនរហូតដល់ផ្លូវ ១៦៣ ក្នុងសង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ តែត្រូវបាននគរបាលដេញតាមស្ទាក់ឃាត់បាន ជនសង្ស័យរួមនឹងវត្ថុតាងអាវុធខ្លីមួយដើមម៉ាកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ជាបន្តបន្ទាប់រហូតដល់ចាត់បញ្ជូនជនសង្ស័យឡើងតុលាការសម្រេចតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments