Ad Code

ស្ថានីយ​បឹងត្របែក ក្នុង​សប្ដាហ៍​នេះ នឹង​ដាក់​អោយ​ដំណើរការ​ម៉ូទ័រ​ថ្មី​១១​គ្រឿង ដែល​មាន​សមត្ថភាព​បូម​ទឹក​កើនឡើង​៣​ដង បើ​ធៀប​សមត្ថភាព​បូមទឹក​ចាស់



ភ្នំពេញ​ ៖​ ការដ្ឋាន​សាងសង់​ស្ថានីយ​បូមទឹក​បឹងត្របែក ស្ថិតនៅ​លើ​កំណាត់​ផ្លូវ​២៧១ ជិត​ច្រមុះជ្រូក ក្បាលថ្នល់​ខណ្ឌចំការមន មកដល់ពេលនេះ​ ការដ្ឋាន​ទាំងមូល​សម្រេច​បាន​ស្ទើរតែ​១០០%​ហើយ ពោល​គឺ​នៅក្នុង​សប្តាហ៍​នេះ នឹង​ដាក់អោយ​ដំណើរការ​ម៉ូ​ទ័​រ​ថ្មី​១១​គ្រឿង ដែល​មាន​សមត្ថភាព​បូម​ទឹក​កើនឡើង​៣​ដង បើ​ធៀប​សមត្ថភាព​ស្ថានីយ​បូមទឹក​ចាស់ ដើម្បី​រំដោះ​ទឹក​ចេញពី​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​នៅក្នុង​រដូវវស្សា​នេះ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មកដល់នឹង​ព្រឹក​ថ្ងៃទី​០៤ មិថុនា​នេះ ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើតេស្ត​ម៉ូ​ទ័​រ​បូមទឹក​ថ្មី ចំនួន ៥​គ្រឿង​នៅ​ស្ថានីយ​បឹងត្របែក​នេះ ​ហើយ​ក្នុង​សប្តាហ៍​នេះ ម៉ូ​ទ័​រ​ថ្មី​ចំនួន ១១​គ្រឿង នឹង​ដាក់​អោយ​ដំណើរការ​ទាំងអស់ ដែល​មាន​សមត្ថភាព​បូម​ទឹក ២៣,៣​ម៉ែត្រគូប​ក្នុង​១​វិនាទី គឺ​មានន័យថា កម្លាំង​វា​នឹង​កើន ៣​ដង បើ​ធៀប​នឹង​សមត្ថភាព​ស្ថានីយ​បូមទឹក​ចាស់​។​

លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់បាន​បញ្ជាក់​ហើយ​ថា ស្ថានីយ​បូមទឹក​បឹងត្របែក​បាន​បំពាក់​ម៉ូទ​រ័​ថ្មី​ខ្នាត​ធំ​ចំនួន​១១​គ្រឿង​។ ​ម៉ូទ​រ័​ថ្មី​នេះ ​មាន​សមត្ថភាព​បូមទឹក ២៣,៣​ម៉ែត្រគូប​ក្នុង ១​វិនាទី គឺ​កើន ៣​ដង ធៀប​នឹង​ស្ថានីយ​ចាស់។

ក្រៅពី​កសាង​ស្ថានីយ​នេះ​ហើយ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ដំណើរការ​ស្តារ ​និង​បុក​ស៊ី​ផាយ​អម​ប្រឡាយ​បឹងត្របែក​ផង​ដែរ ដើម្បី​បើកមុខ​ទឹក​ឲ្យ​ហូរ​បាន​លឿន​ក្នុង​ការ​នាំ​ទឹក​មក​ផ្គត់ផ្គង់​ស្ថានីយ​បូម​បឹងត្របែក​ឲ្យ​បាន​ទាន់​ពេល​វេលា។

បើ​តាម​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ក៏បាន​បញ្ជាក់​ដែរ​ថា កម្ពស់​ទឹក​ ដែល​ត្រូវ​តម្កល់​ក្នុង​ប្រឡាយ​ត្រូវ​មាន​កម្ពស់​៣​ម៉ែត្រ​៨០ ​តែ​បើ​កម្ពស់​ទឹក​ឡើង​ដល់​៦​ម៉ែត្រ​១៥​ គឺ​ម៉ូទ័រ​បូម​ថ្មី​នេះ​ អាច​ដំណើរការ​បូម​ដោយ​ស្វ័យប្រវត្តិ​តែម្តង។ តាមរយៈ​ស្ថានីយ​បូមទឹក​បឹងត្របែក​ថ្មី​នេះ​ នឹង​កាត់បន្ថយ​ការ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​៣ គឺ​ខណ្ឌដូនពេញ​,​ខណ្ឌ​៧​មករា​ និង​ខណ្ឌចំការមន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu