Ad Code

លោក សុខ ឥ​សាន្ត​ថា តាំងពី​ឆ្នាំ​១៩៤៩ រហូតមក​ពេលនេះ កម្ពុ​ជាមាន​រដ្ឋាភិបាល​ប្រមាណ​៧០ តែ​មិនដែល​យក​ថ្ងៃទី​៤ មិថុនា ជា​ទិវា​បាត់បង់​ដែនដី​ទេ



ភ្នំពេញ ​៖ តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត បាន​អះអាងថា ចាប់តាំងពី​ទឹកដី​កម្ពុជា​ក្រោម ​ត្រូវបាន​បារាំង​ប្រគល់​ឲ្យ​វៀតណាម នៅ​ឆ្នាំ​ឆ្នាំ​១៩៤៩ មិន​ដែលមាន​រដ្ឋាភិបាល​ខ្មែរ​ណាមួយ បាន​យក​ថ្ងៃទី​៤ ខែមិថុនា ជា​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទេ​។​

លោក សុខ ឥ​សាន្ត លើកឡើង​បែបនេះ បន្ទាប់ពី​តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ បានទាមទារ​ឲ្យ​យក​ថ្ងៃទី​០៤ ខែមិថុនា ជា​ថ្ងៃ​បុណ្យជាតិ ដើម្បី​កាន់ទុក្ខ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​។

អ្នកនាំពាក្យ​រូបនោះ​លើកឡើងថា បន្ទាប់ពី​សភា​កូសាំងស៊ីន និង​សភា​សហភាព​បារាំង បានអនុម័ត​ប្រគល់​ដែនដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ស្តេច​បាវ​ដាយ នៃ​ប្រទេស​អណ្ណាម លោក​ប្រធានាធិបតី វ៉ាំ​ង​សង់​អូ​រី​យ៉ូ​ល នៃ​ប្រទេស​បារាំង បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​ចុះ ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩ ប្រគល់​ដែនដី​កម្ពុជា​ក្រោម រួមទាំង​កោះត្រល់​ផង​ទៅ​ឲ្យ​ស្តេច​បាវ​ដាយ នៃ​ប្រទេស​អណ្ណាម តាំងពី​ពេលនោះ​មក​។ លោក​បញ្ជាក់ថា ក្នុង​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ក្នុងការ​ទាមទារ​ឯក​រាជ្យ ព្រះអង្គ​បាន​ទ្រង់​ទាមទារ​តែ​ទឹកដី​កម្ពុជា ដែលមាន​ក្រឡា​ផ្ទៃ​១៨១០៣៥ គម​២ សព្វថ្ងៃ ដោយ​មិនមាន​ដែនដី​កម្ពុជា​ក្រោម រួមទាំង​កោះត្រល់​ផង​ទេ​។​

លោក សុខ ឥ​សាន្ត លើកឡើង​ទៀតថា ក្រោយ​បានសម្រេច​ការទាមទារ​បាន​ឯករាជ្យ​ជូន​មាតុភូមិ​កម្ពុជា​រួចហើយ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះអង្គ​ត្រូវបាន​ប្រជាជន​កម្ពុជា ទទួលស្គាល់​ព្រះអង្គ​ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ​រហូតមក​។ លោក​បន្តថា “​ចាប់តាំងពី​ឆ្នាំ​១៩៤៩ រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា មាន​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល​ប្រមាណ​៧០ ដែល​មិនមាន​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល​ណាមួយ យក​ថ្ងៃ​០៤ ខែមិថុនា ធ្វើជា​ទិវា​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​ឡើយ​”​។​

សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ អង្គការ សមាគម និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បានរួម​គ្នា​រៀបចំ​ប្រារព្ធ​ខួប​៦៩​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដែល​ពិធី​នេះ​រៀបចំឡើង​នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ព្រះអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ ពង្ស​នារី​មុនី​ពង្ស ព្រះរាជតំណាង ព្រះមហាក្សត្រ កម្ពុជា ដោយមាន​អ្នកចូលរួម​ប្រមាណ​៥០០​នាក់ ក្នុងនោះ ព្រះសង្ឃ​ប្រមាណ​ជាង​២០០​អង្គ​។​
តាម​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​បញ្ជាក់ថា ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​ខួប​៦៩​ឆ្នាំ ដែល​អាណា​គម​បារាំង​បាន​ផ្ទេរ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​រហូត​មកដល់​សព្វថ្ងៃ​។ ជាមួយគ្នា​នោះ​លោក​បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បានរៀបចំ​ពិធី​ដូចគ្នានេះ នៅ​តំបន់​នានា ក៏ដូចជា​វត្ត​អារាម​។ តាម​លោក ថាច់ សេដ្ឋា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​មាន​ផ្ទៃក្រឡា​៦៨០៩៦៥ គីឡូម៉ែត្រ​ក្រឡា ហើយ​បច្ចុប្បន្ន​ខ្មែរ​រស់នៅ​ជាង​១៦​លាន​នាក់ មាន​វត្ត​ព្រះពុទ្ធសាសនា​ចំនួន​៥៦៧​វត្ត និង​មាន​ព្រះសង្ឃ​គង់នៅ​ជាង​២​ម៉ឺន​អង្គ​។​

ជាមួយនឹង​ការ​លើក​​ឡើង​ខាងលើនេះ លោក ថាច់ សេដ្ឋា ក៏ដូចជា​តំណាង​យុវជន​ខ្មែរក្រោម បានលើកឡើង​ជាច្រើន​ទាក់ទង​នឹង​ប្រវត្តិ​ទឹកដី​កម្ពុជា​ក្រោម ថែមទាំង​ទាមទារ​ឲ្យ​យក​ថ្ងៃទី​០៤ មិថុនា ជា​ទិវា​កាន់ទុក្ខ​ទៀត​ផង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu