Ad Code

សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​ក្រុម​បក្ស​ចំនួន​៥១២៨​នាក់​នៅ​ខណ្ឌ​ច្បារអំពៅ



ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស ប្រធាន​គណៈ​ប្រចាំការ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៣​ ខែមិថុនា​​ ​បាន​ជួប​សំណេះសំណាល​ជាមួយ​សាខា​បក្ស ប្រធាន​អនុសាខា​បក្ស ប្រធាន​ក្រុម​បក្ស​ចំនួន​៥១២៨​នាក់​នៅ​ខណ្ឌ​ច្បារអំពៅ​ក្នុង​គោលបំណង​របស់​សម្តេច​គឺ​ចង់​ជួប​សាកសួរ​សុខទុក្ខ​ដល់​សមាជិក សមាជិក​ក្រុម​បក្ស​ដើម្បី​ផ្លាស់ប្តូ​យោបល់​ទៅវិញទៅមក​ដើម្បី​ឈាន​ទៅ​ទទួល​ជ័យជំនះ​លើ​ការបោះឆ្នោត​សកល ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ​ខែកក្កដា ​ឆ្នាំ​២០១៨​ខាងមុខនេះ។

សម្តេច​បាន​មានប្រសាសន៍ថា ​សម្រាប់​អាណត្តិ​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​មាន​លេខ​រៀង​ទី​២០ ដែល​ងាយស្រួល​ចាំ​ ងាយស្រួល​គូស គឺមាន​លេខ​រៀង​នៅ​ខាងក្រោម​គេ​បំផុត​ដោយមាន​រូប​សញ្ញា​ទេវតា​បាចផ្កា​ជា​សម្គាល់​ទៀតផង​ ហើយ​ដើម្បី​ទទួលបាន​ជ័យជំនះ​និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គឺ​សមាជិក សមាជិកា​របស់​យើង​ទាំងអស​ត្រូវធ្វើ​អ្វីដែល​ល្អ​ និង​ចេះ​ជួយ​ប្រជាពលរដ្ឋ​ពេលដែល​ពួកគាត់​ជួប​ការលំបាក​ដោយ​​ពុំ​ប្រកាន់​និន្នាការ​នយោបាយ​ឲ្យ​សោះ​។​ សំខាន់​ជាង​នេះ​គឺ​កុំ​លា​ប​ពណ៌ ​ឬ​​​វាយតម្លៃថា ​ពួកគាត់​ជា​មនុស្ស​បក្ស​នេះ​ ឬ​បក្ស​នោះ​ហើយ​ធ្វើការ​គាប​សង្កត់​ទៅលើ​គាត់​ឲ្យ​សោះ​។​ ព្រោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​ណែនាំ​ឲ្យ​សមាជិក សមាជិកា​ធ្វើអំពើ​អាក្រក់​ណាមួយ​ដល់​ប្រជាពលរដ្ឋ​ឡើយ​។ ​ដូចនេះ​ហើយ ​ទើប​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ទទួលបាន​ជ័យជំនះ​រាល់​ការបោះឆ្នោត​សកល​ជា​រៀង​រហូតមក​។​ ជាមួយគ្នានេះដែរ​សម្តេច​វិបុល​សេនា​ភក្តី​បាន​សង្កត់ធ្ងន់​ថា ក្រោយ​ថ្ងៃ​ជ័យជំនះ​៧ មករា មានតែ​គណបក្ស​ប្រជាជន​ទេ ​ដែល​ដឹកនាំ​ប្រទេស​តាំងពី​បាតដៃ​ទទេ​រហូត​ទទួលបាន​សន្តិភាព​ទូទាំង​ប្រទេស មានការ​អភិវឌ្ឍ​​រីកចម្រើន​ឥត​ឈប់ឈរ និង​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរជាតិ។ សមិទ្ធផល​ជាច្រើន​ដែល​កើត​ក្រោយ​ថ្ងៃ​ជ័យ​​ជម្នះ​៧​មករា ត្រូវបាន​ថែរក្សា​ទុក និង​បន្ត​អភិវឌ្ឍ​​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត​រួមមាន​ផ្លូវ ស្ពាន​អាកាស ស្ពាន​ឆ្លងកាត់​ទន្លេ ផ្លូវ​ក្រោម​ដី អាគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ​លំដាប់​អន្តរជាតិ ផ្សារ​ទំនើប និង​សមិទ្ធិផល​ថ្មីៗ​ជាច្រើន​ទៀត​និង​បន្ត​កើតមានឡើង​នៅ​ទូទាំងប្រទេស។ មាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​​រីកចម្រើន​ឥត​ឈប់ឈរ រួមគ្នា​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​អោយ​បាន​រឹងមាំ តាមរយៈ​ការបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu