Ad Code

ឃាតកម្ម​វាយ​សម្លាប់​ទាំង​ស្រស់​ព្យាយាម​បង្វែងដាន​សមត្ថកិច្ច​ថា​ ស្លាប់​ដោយ​ខ្លួនឯង



ភ្នំពេញ​ ៖​ បុរស​ជា​បងថ្លៃ​ស្រវឹងស្រា​ឡូឡា​ជេរ​គេឯង​ ត្រូវ​បាន​អ្នកជិតខាង​វាយ​ និង​គំរាម ​បន្ទាប់មក​ត្រូវ​បាន​គេ​អះអាង​ថា ​ត្រូវ​ប្អូនថ្លៃ​របស់​ខ្លួន​វាយ​សម្លាប់​ លុះ​ដឹង​ដល់​ក្រុម​គ្រួសារ​សព ​ត្រូវ​បាន​គេ​ឆ្លើយ​បង្វែងដាន​ថា​ស្លាប់​ ដោយសារ​ធ្លាក់​ពីលើ​កង់​បី។ ក្រោយពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ ទើប​ដឹង​ថា ​ការ​ស្លាប់​របស់​ជនរងគ្រោះ ​ដោយសារ​មាន​គេ​វាយ។

ករណី​ខាង​លើ​នេះ​ បាន​កើត​ឡើង​តាំងពី​ល្ងាច​ថ្ងៃទី​៣​ខែ​មិថុនា ​ប៉ុន្ដែ​ដោយសារ​តែ​ការ​ព្យាយាម​លាក់បាំង​ទើប​រហូតដល់​ព្រឹក​ថ្ងៃទី​៤​ ខែមិថុនា ​ឆ្នាំ​២០១៨​នេះ​ សមត្ថកិច្ច​ចុះ​ពិនិត្យ​នៅក្នុង​ភូមិ​កា​កាប​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រងគ្រោះ​ខាងលើ​ឈ្មោះ សូត្រ សំ ហៅ​ត្នោត អាយុ​៤០​ឆ្នាំ មុខរបរ​អ្នករត់​ម៉ូតូ​កង់​បី មាន​ប្រពន្ធ​ឈ្មោះ យឺន សា​រៀម អាយុ​៣៧​ឆ្នាំ មាន​មុខរបរ​លក់ដូរ​ សព្វថ្ងៃ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​ នៅ​មុនពេល​កើតហេតុ​បុរស​រងគ្រោះ​ បាន​ផឹកស្រា​ស្រវឹង​ជោគជាំ​ ហើយ​ស្រែកជេរ​ម្ចាស់​ផ្ទះជួល ពេលនោះ​ម្ចាស់​ផ្ទះ​ជួល​ក៏បាន​កាន់​អំបោស​ជន្ល​រក​វាយ​ និង​ដេញចេញ​។​ បន្ទាប់មក​ម្ចាស់​បន្ទប់​រូប​នោះ​ ក៏បាន​ដើរចូល​ទៅក្នុង​ផ្ទះ​វិញ ​ព្រោះ​ជាប់រវល់​មាន​មាន​ភ្ញៀវ​មកលេង​ផ្ទះ​ផង។

ប្រភព​ដដែល​បាន​បន្តទៀតថា ​ចំណែក​ជនរងគ្រោះ​បាន​បន្ដទៅ​ជេរ​ប្រពន្ធ​របស់ខ្លួន​ថែមទៀត ហើយ​ខណៈនោះ​ក៏មាន​បុរស​ម្នាក់ទៀត​ឈ្មោះ អ៊ុម ជ័យ​ល​ក្ខ័ ដែល​មានផ្ទះ​ស្ថិតនៅ​ជិត​នោះ ​ដើរទៅ​ទះ​មួយ​កំផ្លៀង​ ​ព្រមទាំង​ស្រែកថា​ឈប់​មក​ឡូឡា​នៅមុខ​ផ្ទះ​អញ​ទៀត។ ក្រោយពី​ទះកំផ្លៀង​ជនរងគ្រោះ​រួច ​បុរស​នេះ​ក៏បាន​ដើរ​ចេញទៅ​បាត់​។​ បន្ទាប់មកទៀត​ក៏មាន​បុរស​ម្នាក់ទៀត​ឈ្មោះ យឺន សំ​អូន អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ ត្រូវជា​ប្អូនថ្លៃ​របស់​ជនរងគ្រោះ បានមក​ដល់​ក៏​ស្ដីបន្ទោស​អោយ​ជនរងគ្រោះ​ជា​បងថ្លៃ រហូត​ឈាន​ដល់​ប្រើ​ហិង្សា​​ ​ដោយ​វាយ​ និង​ទាត់​ធាក់​យ៉ាងច្រើន​ទៅលើ​ជនរងគ្រោះ​បណ្ដាលអោយ​ដួល​ដេក​ទៅ​លើដី​សន្លប់​ឈឹង​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ឃើញ​ដូច​នោះ ​ប្រពន្ធ​និង​ម្ចាស់​បន្ទប់​ជួល​ក៏បាន​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ប៉ុន្តែ​ពេលទៅដល់​គ្រូពេទ្យ​បាន​ប្រាប់ថា ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​ ទើប​ដឹក​សព​ត្រឡប់​ទៅកាន់​ផ្ទះជួល​វិញ ​ហើយ​ពូ​ខាង​ប្រពន្ធ​ជនរងគ្រោះ ខ​ល​ប្រាប់​សាច់ញាតិ​ជនរងគ្រោះ​ដោយ​ម្ដង​ប្រាប់ថា ​ជនរងគ្រោះ​ត្រូវ​រថយន្តបុក​ស្លាប់ លុះ​សាច់ញាតិ​ទៅដល់​បែរជា​ប្រាប់ថា​ជនរងគ្រោះ​ធ្លាក់​ពីលើ​កង់​បី​ស្លាប់​ទៅវិញ​។ ​ដោយមាន​ការសង្ស័យរ​ហូត​ដល់​វេលា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា សាច់ញាតិ​ជនរងគ្រោះ​បាន​ប្ដឹង​នគរបាល​ចុះទៅពិនិត្យ​ជាក់ស្ដែង ហើយ​បាន​រកឃើញថា​ជនរងគ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ដោយមាន​ស្នាម​ជាំ​ដាច់​រយះ​នៅលើ​ចិញ្ចើម​មួយកន្លែង ស្នាម​ជាំ​ដាច់​រយះ​នៅលើ​បបូរ​មាត់​ក្រោម​ចំហៀង​ខាងឆ្វេង​មួយ​កន្លែង ស្នាម​ជាំ​ហើម​នៅ​ត្រចៀក​ខាងឆ្វេង​មួយ​កន្លែង ស្នាម​ជាំ​កោស​ពងស្វាស នៅ​ចង្កេះ​ខាងឆ្វេង​មួយ​កន្លែង​ និង​គូទ​មាន​លាមក​នឹង​ឈាម។ តាម​ការសន្និដ្ឋាន​គឺ ស្លាប់​ដោយ​ការប៉ះទង្គិច​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការ​(​វាយ​សម្លាប់​)​ បន្ទាប់មក​នគរបាល​បាន​ហៅ​ម្ចាស់​ផ្ទះជួល​ម្នាក់​ និង​អ្នក​ជួយ​ជូន​ទៅ​ពេទ្យ​ម្នាក់​ទៅកាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ ​រី​ឯ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ស្រមោល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu