Ad Code

ក្រសួងមហាផ្ទៃ និង​គ​.​ជ​.​ប ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សម្របសម្រួល​ សម្រាប់​ដំណើរការ​បោះឆ្នោត នា​ពេល​ខាងមុខ



ភ្នំពេញ ​៖​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ បានធ្វើ​សេចក្តីណែនាំ​រួមមួយ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់ ក្នុង​កិច្ច​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ហើយ​សេចក្តីណែនាំ​នេះ បាន​តម្រូវ​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ ត្រូវ​សហការ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​អង្គភាព ឬ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច គណបក្ស​នយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ព្រមទាំង​មហាជន​ទូទៅ។

សេចក្តីណែនាំ​បានបញ្ជាក់​ថា យោងតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​លិខិត​ណែនាំ​ជា​បន្តបន្ទាប់​ដល់​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ឲ្យ​បង្កលក្ខណៈ​ងាយស្រួល​ព្រមទាំង​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​ដ​ល់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​គ្រប់លំដាប់​ថ្នាក់​សំដៅ​រួមគ្នា​សម្រេច​បាន​លទ្ធផល​ជា​វិជ្ជមាន នូវ​កិច្ចការ​នានា​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ​។ ទន្ទឹម​នឹង​កិច្ចការ ដែល​សម្រេច​បាន​កន្លង​មក ក៏​នៅ​មាន​កិច្ចការ​សំខាន់ៗ​មួយ​ចំនួនទៀត ដែល​ត្រូវ​បន្ត​ចូលរួម​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ ដែល​រួមមាន យុទ្ធនាការ​ឃោសនាបោះឆ្នោត ការ​ដឹកជញ្ជូន​សម្ភារៈ​ការបម្រើ​ឲ្យ​ការបោះឆ្នោត និង​ការ​ដឹកជញ្ជូន​ត្រឡប់​មកវិញ ការ​រាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​ដើម្បី​ឲ្យ​ការងារ​នេះ​ដំណើរ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្រសួងមហាផ្ទៃ និង គ​.​ជ​.​ប បាន​បញ្ជាក់​ថា គឺ​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។ ជាពិសេស​នៅពេល​មុន​ឃោសនាបោះឆ្នោត រដ្ឋា​បាល​រាជធានី ខេត្ត ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ដើម្បី​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង ក្នុង​ការ​ធ្វើសកម្មភាព​នានា ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​បទបញ្ជា និង​នីតិវិធី​ផ្សេងៗ​។​

ទាក់ទង​នឹង​អព្យាក្រឹតភាព​ក្នុងតួនាទី និង​ភារកិច្ច​របស់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​នៅក្នុង​ដំណើរការ​បោះឆ្នោត​នេះ សេចក្តីណែនាំ​បាន​តម្រូវ មិន​អោយ​ប្រើប្រាស់​ឥទ្ធិពល នៃ​តួនាទី​របស់​ខ្លួន​ទៅលើ​អ្នកបោះឆ្នោត ដែល​នាំអោយ​បាត់បង់​សិទ្ធិ​សេរីភាព​នៃ​ការជ្រើសរើស​របស់​ប្រជាពលរដ្ឋ ក្នុងការ​បោះឆ្នោត​, មិនត្រូវ​ដកហូត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​បម្រើឱ្យ​ការបោះឆ្នោត ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​, មិនត្រូវ​សួរនាំ​អ្នកបោះឆ្នោត​ក្នុង​គោលបំណង ដើម្បី​ជះឥទ្ធិពល ឬ​ចង់ដឹង​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជាសម្ងាត់​របស់​អ្នកបោះឆ្នោត​ឡើយ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu