Ad Code

វគ្គ​បណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រង​ទឹក​កខ្វក់



ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ ដោយមាន​ការណែនាំ និង​គាំទ្រ​ពី​ថ្នាក់ដឹកនាំ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាពិសេស លោក ហេង រត្ន​ពិសិដ្ឋ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សាធារណការ នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល​មាន លោក ចៅ សុភៈ​ភិ​បាល ជា​ប្រធាន បាន​សហការ​ជាមួយ​អង្គការ​កិច្ច​ផ្តួច​ផ្តើម​អភិវឌ្ឍន៍​ទីក្រុង​សម្រាប់​ទ្វីបអាស៊ី​-CDIA/GIZ រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី ការគ្រប់គ្រង​ទឹក​កខ្វក់ នៅ​សណ្ឋាគារ វ៉ៃ​គោ ក្នុង​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។



វគ្គ​បណ្តុះបណ្តាល​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​មួយចំនួន ដូចជា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន សាលាក្រុង និង​មន្ទីរ​បរិស្ថាន តាម​បណ្តា​ខេត្ត ចំនួន ០៥ ដូចជា ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និង​ខេត្តរតនគិរី​។

គោលបំណង នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​រដ្ឋាភិបាល ដើម្បី​ស្វែងយល់​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ធ្វើផែនការ ការអនុវត្ត​លើ​ដំណើរការ ការថែទាំ ការ​ផ្សព្វផ្សាយ​/​អប់រំ​ទាក់ទង​នឹង​ការគ្រប់គ្រង​ទឹក​កខ្វក់។



គូសបញ្ជាក់​ផង​ដែរ​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តោត​សំខាន់​លើ​ប្រធានបទ​មួយចំនួន ដូចជា ការបង្កើត​អង្គភាព​គ្រប់គ្រង​ទឹក​កខ្វក់ ជម្រើស​បច្ចេកវិទ្យា​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ស្ថានភាព​ទូទៅ​នៃ​ការគ្រប់គ្រង​ទឹក​កខ្វក់​ក្នុង​ប្រទេស​កម្ពុជា ការ​គណនា​ទំហំ​អាង​ស៊ិ​ប​ទិច និង​ការគ្រប់គ្រង​ថែទាំ ប្រតិបត្តិការ និង​ថែទាំ​របស់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ការគ្រប់គ្រង​សំណល់​ភក់ និង​ការ​ចែករំលែក​បទពិសោធ​ន៍​ស្តី​ពី​យុទ្ធនា​ការអប់រំ និង​ការ​យល់ដឹង​លើ​វិស័យ​ទឹក​កខ្វក់ មិន​ត្រឹមតែ​បង្រៀន​តែ​មេរៀន​នោះ​ទេ ក្នុង​នោះ​ក៏​មាន​ការរៀបចំ​ដឹកនាំ​សិក្ខាកាម​ធ្វើ​ទស្សនកិច្ច​ការដ្ឋាន​នៅ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេ​ន ក្នុង​ក្រុង​បាវិត ក៏ដូចជា​ការអនុវត្ត​ការ​គណនា​ទំហំ​អាង​ស៊ិ​ប​ទិច ការ​គណនា​មុខកាត់​លូ និង​ការ​ធ្វើ​តេស្ត​ទឹក​សាកល្បង​ជូន​សិក្ខាកាម​បាន​ស្វែងយល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​មេរៀន​។

ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល លោក ចៅ សុភៈ​ភិ​បាល តំណាង​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ផ្តល់​ជា​វិញ្ញាបនបត្រ​នៃ​ការចូលរួម​ជូន​សិក្ខាកាម​ទាំងអស់​ផងដែរ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu