Ad Code

ត​ខ្សែភ្លើង​ឆក់​ត្រី​រអិល​ជើង​ធ្លាក់ចូល​ប្រឡាយ​ឆក់​ខ្លួនឯង​ស្លាប់



ភ្នំពេញ ៖ យុវជន​ជា​ជាងដែក​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ​បន្ទាប់ពី​ត ខ្សែភ្លើង​ឆក់ ​ខណៈ​កំពុង​ឆក់​ បាន​ត្រី​ផ្ទក់​មួយ​ប៉ុនកដៃ​ក្មេង​ និង ​ត្រី​កំភ្លាញ​២-៣​ ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​ប្រឡាយ​ឆក់​ខ្លួនឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម។



ហេតុការណ៍​នេះ​ មានការ​ភ្ញាក់ផ្អើល​ឡើង នៅ​ថ្ងៃទី​០៩​ ខែមិថុនា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​១៥​នាទី ត្រង់ចំណុច ដី​ឡូដ៍​គ្មាន​លេខ ផ្លូវលំ​ក្នុង​បុរី​ខាំ​ខូ​ស៊ី​ធី ក្រុមទី​១ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ។



ជនរងគ្រោះ​ឈ្មោះ ហៀ​ង សំ​រ៉ុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ ក្នុង​បុរី​ខាំ​ខូ​ស៊ី​ធី មាន​ស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ។



សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជន​រងគ្រោះ​និង​បក្ខពួក​២​នាក់​ បាន​បន្លាយ ខ្សែភ្លើង​ពី​កន្លែង​ស្នាក់នៅ​ទៅ​កន្លែងកើតហេតុ​(​ប្រហែល​៣០​ម៉ែត្រ​) ដើម្បី​ឆក់​ត្រី ពេល​កំពុង​ដាក់​ឆក់​ត្រី​ក៏​រអិល​ជើង​ធ្លាក់​ចូលក្នុង​ប្រឡាយ បណ្តាល​ឲ្យ​ឆក់​ខ្លួន​ឯង​ស្លាប់ ហើយ​២​នាក់​ ដែល​នៅ​ខាង​លើគោក​ក៏​បាន​រត់​ទៅ​ដក​ឌុយ​ចេញ ​ហើយក៏​ដឹក​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​លោកសង្ឃ​ដើម្បី​សង្គ្រោះ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ។



ចំពោះមុខ​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ បាន​សហការ​ជាមួយ​វេជ្ជបណ្ឌិត​តុលាការ និង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​ពិនិត្យ​សាកសព បញ្ជាក់​ថា ពិត​បាន​ឆក់​ចរន្ត​អគ្គិសនី​ស្លាប់​ប្រាកដ​មែន​រួច​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​បារាយ ខេត្តកំពង់ធំ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu