បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក សាន វិជ្ជាសារ៉ាវុធ បានដឹកនាំមន្ត្រីជំនាញកាំកុងត្រូលចុះទៅត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ ដូចជា សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារ បន្លែគ្រប់ប្រភេទដើម្បីរកសារធាតុគីមីហាមឃាត់ក្នុងផ្សារសិរីសោភ័ណ ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក សាន វិជ្ជាសារ៉ាវុធ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា លោកបានដឹកនាំមន្ត្រីជំនាញកាំកុងត្រូលចុះត្រួតពិនិត្យក្នុងផ្សារសិរីសោភ័ណ នេះដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីមុខសញ្ញាផលិតផលចំណីអាហារ ដែលមានហានិភ័យ បង្កប៉ះពាល់សុខភាព។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងការដែលលោក ធ្វើនេះ គឺជាការ ដាស់តឿន ដល់បងប្អូនពលរដ្ឋឲ្យគួរជៀសវាង ក្នុងការជាវ ឬ ទិញ របស់ដែលខួចគុណភាព យកទៅបរិភោគ អាចមានផលប៉ះពាល់ ដល់សុខភាព រឺក៏កើតមានអាការះផ្សេងៗ កើតឡើងនៅក្នុងខ្លួនទាំងអស់នេះហើយ ដែលមន្ត្រី កាំកុងត្រូល តែងតែចុះ ធ្វើការអប់រំ នៅតាមទីផ្សារ ឬ កន្លែងផ្សេងៗទៀត ដើម្បីឲ្យពលរដ្ឋ បានយល់ ពីទំនិញដែលខូចគុណភាព និង ហួសកាលកំណត់។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីមន្ត្រីកាំកុងត្រូលចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកន្លងមកទំនិញដែលខូចគុណភាព និង ហួសកាលកំណត់ ហូបទៅបណ្តាលធ្វើឲ្យខូចគុណភាពនោះប្រជាពលរដ្ឋមានការយល់ដឹងបានច្រើនតែពួកឈ្មួញវិញនៅតែផ្គើននឹងបទបញ្ជារបស់សមត្ថកិច្ចអ្វីដែលអាចធ្វើបានគេហ៊ានទាំងអស់ មិនគិតអំពីផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋឡើយ។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ឲ្យដឹងទៀតថា យុទ្ធនាការចុះពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព នេះ គឺជាសំឡេងជួង ដើម្បីដាស់ពញ្ញាក់ស្មារតីប្រជាជនខ្មែរ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់ទំនិញផលិតក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេសនឹងបានរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាជន តាមរយៈការផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់ផលិតករក្នុងប្រទេស សំដៅធ្វើយ៉ាងណាផលិតនូវទំនិញដែលមានគុណភាពខ្ពស់ មានអនាម័យ និងមានសុវត្ថិភាពគ្រប់គ្រាន់ អាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេសបានទៀតផង៕
Source: Kampuchea Thmey Daily
0 Comments