Ad Code

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​១៣​គ្រួសារ ក្នុងភូមិ​សាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​កាកបាទក្រហមកម្ពុជា



កែប ៖ ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ​ ក្នុងភូមិ​សាស្ត្រ​ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​រង​នឹង​គ្រោះធម្មជាតិ​ដោយសារ​ខ្យល់​កន្ត្រាក់ របើក​ជញ្ជាំង ប៉ើ​ង​ដំបូលផ្ទះ កាលពី​ល្ងាចម្សិលមិញ ត្រូវ​បាន​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​ពាំនាំ​នូវ​អំណោយ​សង្គ្រោះបន្ទាន់​ជូន​ដល់​ពួកគាត់ នៅ​ព្រឹក​ថ្ងៃទី​០៩​ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់ លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ព្រមទាំង​សហការី និង​អាជ្ញាធរ​មូលដ្ឋាន។



មានប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ លោក​កែន ស​ត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែង​គិតគូរ​ពី​បញ្ហាលំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ពិសេស​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​តំបន់​ទូទាំងប្រទេស ដោយ​គ្មាន​ការរើសអើង​។

លោក កែន ស​ត្ថា ក៏បាន​បញ្ជាក់​ផង​ដែរ​ថា អំណោយ​ដែល​សាខា​កាកបាទក្រហម​ខេត្ត​បាន​ពាំនាំ​សម្រាប់​ផ្តល់​ជូន​នា​ពេល​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេចកិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់​ជូន​បងប្អូន​ជួសជុល​លំនៅឋាន​ដែល​រង​នឹង​ខ្យល់​កន្ត្រាក់​កាលពី​ម្សិលមិញ​។



ជា​មួយ​គ្នា​នេះ លោក​កែន ស​ត្ថា ក៏បាន​ក្រើន​រំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​នៅពេល​មាន​ភ្លៀង​ខ្យល់ សូមកុំ​ជ្រក​នៅ​ក្រោម​ដើមឈើ ហើយ​ផ្ទះសំបែង​ត្រូវ​បិទទ្វារ​បង្អួច​ឲ្យ​ជិត ធ្វើ​បែប​នេះ​ដើម្បី​ការពារ​សុវត្ថិភាព ​ខណៈ​ពេល​ដែល​មាន​គ្រោះធម្មជាតិ​កើតឡើង​។

លោក​ក៏បាន​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ ​កុំ​ភ្លេច​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ដែល​មាន​ភាព​ឈ្លាសវៃ នាំមក​នូវ​សុខ​សន្តិភាព និង​ការ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ។



សូម​ជម្រាប​ថា កាលពី​ល្ងាច​ថ្ងៃទី​០៨ ​ខែមិថុនា ឆ្នាំ​២០១៨ ខណៈ​មាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​យ៉ាង​កក្រើក បាន​បណ្តាល​ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ ស្ថិត​ក្នុង​ឃុំ​អង្កោល និង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​រង​នឹង​ខ្យល់​កន្ត្រាក់ ខ្លះ​របើក​ជញ្ជាំង ខ្លះទៀត​របើក​ដំបូល ប៉ុន្តែ​ពុំបាន​យាយី​ដល់​ជីវិត​មនុស្ស សត្វ​ឡើយ ហើយ​នៅ​ព្រឹក​ថ្ងៃទី​០៩​ខែមិថុនា ឆ្នាំ​២០១៨​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏បាន​ពាំនាំ​នូវ​សម្ភារៈ ជា​គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា​មួយចំនួន​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​គិត​ជា​ថវិកា​សរុប​ប្រមាណ​ជាង​២​លាន​រៀល​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu