Ad Code

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឈរ​លេខ​១៦៦​ក្នុង​តារាង​ពិភពលោក​ប្រចាំខែ​មិថុនា​នេះ ឈរ​ពី​លើ​ប្រទេស​អាស៊ាន​៥​ផ្សេងទៀត



សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ឬ ហៅ​កាត់​ថា FIFA បាន​បញ្ចេញ​តារាង​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ទាំងអស់​ជា​សមាជិក​របស់ខ្លួន (FIFA World Ranking) ដែលមាន ២០៦ ប្រទេស ប្រចាំខែ មិថុនា ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែមិថុនា ថ្មីៗ​នេះ​ ស្របពេល​ក្រុម​កម្ពុជា នៅ​ឈរ​ចំណាត់ថ្នាក់​ចំនួន​លេខ​១៦៦ ពោល​គឺ​ឡើង​ចំណាត់ថ្នាក់​៤​លេខ បើ​ធៀប​ទៅនឹង​ខែឧសភា កន្លងទៅ​ឈរ​លេខ​១៧០​។​

យោងតាម​វិ​ប​សាយ fifa.com បាន​បញ្ជាក់ថា ​តារាង​ចំណាត់ថ្នាក់​នេះ​គិត​ចាប់ពី​ថ្ងៃទី​៧ ខែមិថុនា រហូតដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។ តារាង​ចំណាត់ថ្នាក់​នេះ​ មិនមាន​ការប្រែប្រួល​ច្រើន​ ព្រោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា មិនមាន​សកម្មភាព​ប្រកួត​កាលពី​ខែឧសភា កន្លងទៅ ពោល​គឺមាន​សកម្មភាព​តាំងពី​ខែមីនា ម្ល៉េះ​ក្រោយ​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ឡាវ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ១​ទល់​០ តែ​ចាញ់​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន ២​ទល់​១ ក្នុង​ប្រកួត​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2019 UAE)​។​

​សរុប​តារាង​ចំណាត់ថ្នាក់​ប្រចាំ​តំបន់​អាស៊ាន ប្រទេស​វៀតណាម ឡើង​មកឈរ​កំពូល​តា​រាង​៧​ខែ​ជាប់​គ្នា ដោយ​ឈរ​លេខ​១០២​ពិភពលោក បន្ទាប់ពី​វ៉ា​ដាច់​ហ្វីលីពីន នៅ​លេខ​១១៥ តាម​ពីក្រោយ​ក្រុម​ថៃ ឈរ​លេខ​១២២​ពិភពលោក ,​មី​យ៉ាន់​ម៉ា លេខ​១៣៨,​ឥណ្ឌូណេស៊ី លេខ​១៦៤, កម្ពុជា លេខ​១៦៦, សិង្ហ​បុរី លេខ ១៦៩, ម៉ាឡេស៊ី លេខ​១៧១, ឡាវ លេខ​១៧៨,​ទី​ម័​រ​ខាងកើត លេខ​១៩០ និង​ប្រ៊ុយណេ លេខ​១៩៥​។​

បើ​រាល់​តារាង​ចំណាត់ថ្នាក់​ក្រុម​ល្អ​ទាំង​១០ ប្រចាំ​ទ្វីបអាស៊ី ក្នុង​ខែមិថុនា នេះ​មាន​អូស្ត្រាលី ឡើង​មកឈរ​លេខ​៣៦ ពិភពលោក​ក្នុង​តារាង​ក្រោយ​ទម្លាក់​ក្រុម​អ៊ីរ៉ង់ ឈរ​លេខ​៣៧​ពិភពលោក​,​កូរ៉េខាងត្បូង លេខ​៥៧, ជប៉ុន លេខ​៦១, អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត លេខ​៦៧, ស៊ី​រី លេខ​៦៣, ចិន លេខ​៧៥, អារ៉ាប់​រួម លេខ​៧៧, លី​បង់ លេខ ៧៩, និង​អូ​ម៉​ង់ លេខ​៨៤​ពិភពលោក​។​

​សម្រាប់​ចំណាត់ថ្នាក់​ក្រុម​ខ្លាំងជាងគេ​ប្រចាំ​ពិភពលោក​ក្នុង​ខែមិថុនា នេះ​មាន​អាល្លឺម៉ង់ ឡើង​មកឈរ​ចំណាត់ថ្នាក់​លេខ​១ ចំនួន​១០​ខែ​ជាប់​គ្នា ខណៈ​ក្រុម​ប្រេ​ស៊ី​ល បន្ត​ឈរ​លេខ​២ ហើយ​ប៊ែ​ល​ហ្ស៊ិ​ក ឈរ​លេខ​៣ ,​ព័រ​ទុយ​ហ្គា​ល់ ធ្លាក់​ទៅ​លេខ ៤, ប្រទេស​អា​ហ្ស​ង់​ទីន ឈរ​លេខ​៥, ស្វី​ស លេខ​៦ បារាំង លេខ​៧, ប៉ូឡូញ លេខ​៨, ឈី​លី ឡើងមក​លេខ ៩ និង អេ​ស្ប៉ា​ញ ឈរ​ចំណាត់ថ្នាក់​លេខ​១០៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu