កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅក្នុងឃុំសំរោងសែន ស្រុកកំពង់លែង បានអោយដឹងថា ៖ នៅក្នុងឃុំសំរោងសែន និងឃុំស្វាយរំពារ ស្រុកកំពង់លែង ចំណុចបឹងផ្សោត ពួកគាត់ឃើញមានបទល្មើសនេសាទរបាំងស្បៃមុង៥ទៅ៦កន្លែង ដែលគេបានដាក់បិទព្រែកតែម្តង នៅក្នុងរដូវបិទនេសាទនេះ តែមិនដឹងថាសមត្ថកិច្ចជលផល និងសហគមន៍នេសាទដែលយាមនៅកន្លែងអភិរក្សទី៧អា នៅក្បែរនោះ បានដឹងដែរអត់ បានជាមិនឃើញមានការបង្ក្រាបបទល្មើសនេះ ដែលកើតមានជាង១អាទិត្យមកហើយនោះ។
ដោយឡែកនៅតាមប្រឡាយឡើងទៅឃុំស្វាយរំពារ នៅចំណុចរោងចិញ្ចឹមទា ក៏មានរបាំងលបស្បៃមុង៣កន្លែង និងការដាក់លបប្រឺស១០០ផងដែរ ដែលគេបានដាក់ ដូចជាមិនខ្លាចរអែងសមត្ថកិច្ចណាចាប់ឡើយ ប្រហែលជាគេសែនត្រូវហើយទើបគេអាចដាក់របាំងស្បៃមុងដែលច្បាប់ហាមឃាត់បានយ៉ាងសង្ហានៅកណ្តាលវាលបែបនេះ។
ប្រជាពលរដ្ឋស្នើសុំសមត្ថកិច្ចរដ្ឋបាលជលផល និងអាជ្ញាធរស្រុកកំពង់លែង មេត្តាចុះមកត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេះផង បើមិនបង្ក្រាបទេនោះបទល្មើសដូចនេះនឹងកើតឡើងជាច្រើនថែមទៀត ព្រោះថាបើមានគេដាក់បាន គ្មានការបង្ក្រាបនោះ ប្រជាពលរដ្ឋផ្សេងៗទៀតក៏អាចដាក់បានដូចគ្នាដែរ។
ទាក់ទងនិងបទល្មើសនេះ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងទទួលបន្ទុកផ្នែកកសិកម្ម ដែលជាអ្នកដឹកនាំសមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេះ បានអោយដឹងថា ៖ លោកដូចជាឆកល្វែងដែរកន្លងមកនេះ ដោយសារជាប់ការងារច្រើន តែលោកនឹងអោយសមត្ថកិច្ចចុះទៅពិនិត្យ បើកើតមានដូចប្រជាពលរដ្ឋរាយការណ៍មែននោះ លោកនឹងដឹកនាំសមត្ថកិច្ចចុះបង្ក្រាប មិនអោយមានបទល្មើសនេះកើតឡើងឡើយ។
ដោយឡែក លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា ៖ ការនេសាទប្រើប្រាស់របាំងស្បៃមុង ជាទង្វើខុសច្បាប់ស្តីពីជលផល ព្រោះរបាំងលបស្បៃមុងវាបំផ្លាញកូនត្រីគ្រប់ប្រភេទ ទោះកូនត្រីប៉ុណ្ណាក៏ជាប់ដែរ ហេតុនេះហើយទើបច្បាប់ហាមឃាត់មិនអោយអ្នកនេសាទប្រើប្រាស់ឧបករណ៍ស្បៃមុងនេះឡើយ។ ករ ណីខាងលើនេះ លោកនឹងចាត់មន្ត្រីជលផលអោយចុះត្រួតពិនិត្យ និងបង្ក្រាបអោយទាន់ពេលវេលា ដោយមិនអនុញ្ញាតអោយមានបទល្មើសរបាំងស្បៃមុងនេះឡើយ។
លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏សូមអំពាវនាវផងដែរដល់ប្រជានេសាទទាំងអស់ជ្រាបថា ៖ ចាប់ពីថ្ងៃ០១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា គឺជារដូវបិទការនេសាទ ដូច្នេះសូមបងប្អូនកុំធ្វើការនេសាទខុសច្បាប់ ដែលប្រឈមនឹងការបង្ក្រាបរបស់សមត្ថកិច្ច ធ្វើអោយបងប្អូនខាតបង់ថវិកា ប៉ះពាល់ដល់ជីវភាពរស់នៅ៕
Source: Kampuchea Thmey Daily
0 Comments