Ad Code



បុរស​ម្នាក់​ ​ចងក​ធ្វើ​អត្តឃាត​​​ចោល​ប្រពន្ធ កូន​ សង្ស័យ​មាន​វិបត្តិ​​ផ្លូវចិត្ត
កំពត​ ៖​ បុរស​ម្នាក់ ​បានសម្រេច​ចិត្ត​ចងក​ធ្វើ​អត្តឃាត ស្លាប់​ចោល​ក្រុម​គ្រួសារ សាច់ញាតិ​ដោយ​គ្មាន​អាឡោះអាល័យ ដោយ​ការ​គិត​ខ្លី​បែបនេះ​អាច​ផ្ដើម​ឡើង​ព្រោះតែ​បញ្ហា​វិបត្តិ​ក្នុង​គ្រួសារ​ដោះស្រាយ​មិន​ចេញ។

ករណី​បុរស​ចងក​ធ្វើ​អត្តឃាត​ខាងលើ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​០៥​នាទី​ ព្រឹក ថ្ងៃទី​០៧​ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

ជនរងគ្រោះ​ ដែល​សម្រេចចិត្ត​គិត​ខ្លី​ចងក​សម្លាប់ខ្លួន​នេះ ឈ្មោះ​ឃឹម ចាន់​ថុ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ជា​ម​ន្ត្រី​ផ្នែក​កសិកម្ម រស់នៅ​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត។

បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែលជា​អ្នកជិតខាង បាន​ឲ្យ​ដឹងថា កន្លងមក​បុរស​រងគ្រោះ​(​សព​)​ជា​មនុស្ស​ញៀន​ល្បែង​ស៊ីសង ហើយ​ស្ត្រី​ជា​ប្រពន្ធ​តែងតែ​ហាមប្រាម​មិន​ឲ្យ​គាត់​ទៅលេង​នោះទេ ប៉ុន្តែ គាត់​មិន​ស្តាប់​ឡើយ ទើប​មួយរយៈ​ចុងក្រោយ​នេះ ស្ត្រី​ជា​ប្រពន្ធ​សុំ​គាត់​លែងលះ​តែម្តង តែ​ជនរងគ្រោះ​ជា​ប្តី​មិន​ព្រម​លែងលះ​នោះទេ ទើប​ក្រុមគ្រួសារ​ទ្រាំ​រស់នៅ​ជាមួយ​ដោយ​មិន​ចុះសម្រុង​គ្នា​ដូច​គ្រា​មុន​ឡើយ ដែល​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​តូចចិត្ត​ជាខ្លាំង​។

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា នៅ​ថ្ងៃកើតហេតុ​គាប់​ជួន​ប្រពន្ធ​មិន​នៅផ្ទះ បុរសរងគ្រោះ ក៏​លួច​ចងក​ធ្វើអត្តឃាត​តែម្តង​។​

ក្រោយពី​កើតហេតុ​ដូចខាងលើ សមត្ថកិច្ច​ជំនាញ​ក៏បាន​ចុះមក​ត្រួតពិនិត្យ ធ្វើ​កោសល្យវិច័យ​ក្រែង​មាន​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង ប៉ុន្តែ​ដោយសារ​ពិនិត្យ​ទៅ​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ទើប​ប្រគល់​សាកសព​ទៅ​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu