ពោធិ៍សាត់ ៖ គ្រោះធម្មជាតិដ៏រន្ធត់មួយ បានកើតឡើង នៅវេលាម៉ោងជាមួយគ្នា នៃពីរកន្លែងផ្សេងគ្នា ខណៈមេឃកំពុងភ្លៀងរន្ទះបាញ់មនុស្សប្រុសស្រីស្លាប់ចំនួនប៣នាក់នៅនឹងកន្លែង។
ឧប្បត្តិហេតុដ៏អាក្រក់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចព្រំជ័យ និង១កន្លែងនៅអូរឆ្អេះ ស្ថិតក្នុងភូមិអូរបាត្រា ឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
រដ្ឋបាលនគរបាលប៉ុស្តិ៍មូលដ្ឋានព្រងឹលបានប្រាប់ថា ជនរងគ្រោះត្រូវរន្ទះធម្មជាតិបាញ់សម្លាប់នេះទី១ឈ្មោះ ឈ្មោះឆម សំណាងភេទប្រុស អាយុ៥០ឆ្នាំ ទី២ឈ្មោះ ២. វ៉ិន សុណុំ ភេទស្រី អាយុ២៨ឆ្នាំនិងទី៣ ឈ្មោះ សាម លីដា ភេទស្រី អាយុ៣៨ឆ្នាំ អ្នកទាំង៣មានទីលំនៅភូមិឃុំជាមួយគ្នាក្នុងទីកន្លែងកើតហេតុខាងលើ។
មន្ត្រីនគរបាលប៉ុស្តិ៍ព្រងឹលដដែលបន្តថា បើតាមសំដីគ្រួសារជនរងគ្រោះ គឺបុរសឈ្មោះឆោម សំណាង បានដើរចេញពីផ្ទះពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ទៅត្រង់ចំណុចព្រំជ័យ ដើម្បីទៅមើលគេភ្ជួរស្រែដោយត្រាក់ទ័រ ស្រាប់តែកំពុងឈរមើលនៅម៉ោងខាងលើនោះ ក៏ត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែងភ្លាមតែម្ដង។
ដោយឡែកបុរសនិងស្រី២នាក់ទៀតនោះ គឺមេឃកំពុងធ្លាក់ភ្លៀងដូចគ្នា គឺជនរងគ្រោះកំពុងនាំគ្នាដាំដំឡូងមី ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែវេលាម៉ោងនាទីដំណាលគ្នានោះ រន្ទះធម្មជាតិ ក៏បាញ់ឆក់យកជីវិតគេទាំងស្រីប្រុសនៅចំការដាំដំឡូងមីនោះតែម្ដង។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រោយពេលមានករណីគ្រោះធម្មជាតិដោយរន្ទះបាញ់សម្លាប់មនុស្សស្រីប្រុសដល់ទៅ៣នាក់នេះភ្លាម កម្លាំងជំនាញយើងបានទៅពិនិត្យកន្លែងកើតហេតុទាំង២កន្លែងនោះភ្លាមៗ ឃើញថា ជនរងគ្រោះទាំង៣នាក់នោះ ពិតជាត្រូវរន្ទះបាញ់ ស្លាប់ពិតប្រាកដមែន។ សពត្រូវកម្លាំងសមត្ថកិច្ចយើង ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ រៀងៗគ្នានៅលំនៅដ្ឋាន៕
Source: Kampuchea Thmey Daily
0 Comments